តារាចម្រៀងកម្ពុជា៣រូបចូលរួមកម្មវិធី ASEAN+3 Song Contest ថ្ងៃនេះ
- 2017-08-17 05:55:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀងកម្ពុជា៣រូបចូលរួមកម្មវិធី ASEAN+3 Song Contest ថ្ងៃនេះ
ចន្លោះមិនឃើញ
កញ្ញា ចំរើន សុភា លោក ណាំ ប៊ុណ្ណារ័ត្ន លោក គង់ សុធារិទ្ធ នឹងចេញទៅចូលរួមប្រលងកម្មវិធី The Voice of Vietnam នៅទីក្រុងហាណូយ ប្រទេសវៀតណាមនៅថ្ងៃនេះ។
ការបញ្ជូនតារាចម្រៀងទាំង៣រូបខាងលើទៅចូលរួមកម្មវិធីខាងលើ ត្រូវបានរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមការអញ្ជើញរបស់ប្រទេសវៀតណាម នេះបើតាមការឲ្យដឹងពីលោក គង់ សុធារិទ្ធ ដែលជាតារាចម្រៀង និងជាមន្ត្រីនៅក្រសួងវប្បធម៌។
លោក គង់ សុធារិទ្ធ បានបន្តឲ្យដឹងថា កម្មវិធី The Voice of Vietnam មានប្រទេស១៣ចូលរួមក្នុងនោះមានប្រទេសសមាជិកអាស៊ានទាំង១០ ហើយ៣ប្រទេសទៀតគឺ ចិន កូរ៉េ និងជប៉ុន។ ក្នុងមួយប្រទេសលោកថា អាចបញ្ជូនតារាចម្រៀង២ទៅ៣នាក់ ក្នុងនោះតារាចម្រៀងម្នាក់ត្រូវច្រៀង២បទ។
ចំពោះមូលហេតុដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជ្រើសរើសយកតារាចម្រៀងទាំង៣នេះ គឺផ្អែកទៅលើសមត្ថភាព និងទេពកោសល្យរបស់ពួកគេ។
តារាចម្រៀងរូបនេះបានបន្តឲ្យដឹងទៀតថា ក្រុមរបស់លោកដែលតំណាងឲ្យប្រទេសកម្ពុជាទៅចំនួន៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០១៧។ ការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រធ្វើនៅថ្ងៃទី១៩ ដោយទាំង១៣ប្រទេសនោះ គណៈកម្មការសម្រេចយកបេក្ខជនតែ១០រូបប៉ុណ្ណោះចូលរួមប្រកួត ហើយវគ្គផ្តាច់ព្រ័ត្រធ្វើនៅថ្ងៃទី២០ ខែ សីហា ឆ្នាំ ២០១៧ ដោយសម្រេចយកតែ៣នាក់ ធ្វើជាម្ចាស់ជយលាភី។
មិនទាន់ដឹងថា រង្វាន់មានអ្វីខ្លះនៅឡើយទេ ហើយនេះគឺជាឆ្នាំទី១ហើយដែលប្រទេសកម្ពុជាបានទៅចូលរួមកម្មវិធីមួយនេះ។ លោក គង់ សុធារិទ្ធ ប្រាប់ថា ក្រុមរបស់លោកបានត្រៀមបទចម្រៀងសុទ្ធតែមេឡូឌីថ្មីទាំងអស់ទៅចូលប្រកួត ចំពោះក្ដីរំពឹងថា ទទួលបានជោគជ័យឬអត់នោះ លោកមិនហ៊ានសន្យាឡើយ៕