បាយស្រូបប្រចាំត្រកូល គ្មានជ្រក់ គ្មានទឹកស៊ុប តែមួយថ្ងៃលក់អស់អង្ករ ៤បេ
- 2017-08-25 02:33:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាយស្រូបប្រចាំត្រកូល គ្មានជ្រក់ គ្មានទឹកស៊ុប តែមួយថ្ងៃលក់អស់អង្ករ ៤បេ
ចន្លោះមិនឃើញ
ចាប់ផ្ដើមពីអាជីវកម្មលក់បាយស្រូបលើតូបតូចតាមចិញ្ចើមផ្លូវ បានធ្វើគ្រួសារមួយពង្រីកមុខជំនួញរហូតបើកហាងមានបុគ្គលិកជាង ២០នាក់ ភ្ញៀវចេញចូលអត់ដាច់ ហើយមួយថ្ងៃលក់អស់អង្ករ ៤បេស្មើនឹង ២០០គីឡូក្រាម បើទោះគ្មានជ្រក់ គ្មានទឹកស៊ុបដូចបាយស្រូបដទៃ។
កំពុងញាប់ដៃគិតលុយភ្ញៀវ អ្នកស្រី គង់ សេងហៀង បានឆ្លៀតពេលមកប្រាប់ Sabay ថា ដំបូងឡើយ ម្ដាយរបស់អ្នកស្រីបានលក់បាយស្រូបមួយតូបមុខក្រសួងទេសចរណ៍ប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏ចេះតែរីកចម្រើនជាលំដាប់ រហូតសម្រេចចិត្តជួលផ្ទះ ២ល្វែងបើកហាង នៅមុខក្រសួងទេសចរណ៍នោះ ដោយដាក់ឈ្មោះថា រ៉េត សូនីតា (ញ៉ក់) ដែលជាឈ្មោះកូនស្រីរបស់អ្នកស្រីផ្ទាល់។
ចំពោះបាយប្រចាំត្រកូលរបស់អ្នកស្រី សេងហៀង គឺបាយស្រូបសាច់មាន់ និងបាយស្រូបសាច់ជ្រូក ដូចគេឯងដែរ ប៉ុន្តែប្លែកត្រង់គ្មានជ្រក់ គ្មានទឹកស៊ុបអមឡើយ គឺមានតែទឹកត្រីផ្អែមមួយកូនចាន សម្រាប់ជ្រលក់បន្ថែមរសជាតិប៉ុណ្ណោះ។ មូលហេតុដែលមិនដាក់ជ្រក់ មិនដាក់ទឹកស៊ុប ត្រូវបានម្ចាស់ហាងរូបស្រស់ប្រាប់ថា ដោយសារចង់ឲ្យភ្ញៀវទទួលទានសាច់រសជាតិដើម ផ្គាប់ជាមួយត្រសក់ និងទឹកត្រីផ្អែម។
បាយស្រូបសាច់ជ្រូកធម្មតា ដែលភ្ញៀវនិយមទទួលទាន និងកុម្ម៉ង់ខ្ចប់ពីស្ថាប័ននានា មានតម្លៃ ៦០០០រៀល ហើយបើបាយស្រូបសាច់ជ្រូកពិសេសតម្លៃ ៩០០០រៀល និងបាយឆ្អឹងជំនីមួយចាន ១០០០០រៀល។ ចំណែកបាយភ្លៅមាន់ និងបាយគ្រឿងក្នុងមាន់ មួយចានតម្លៃ ១៥០០០រៀល។
អ្នកស្រី សេងហៀង បានលើកឡើងថា អ្នកស្រីលក់តែពេលព្រឹក និងថ្ងៃត្រង់ប៉ុណ្ណោះ។ ពេលថ្ងៃត្រង់ អ្នកស្រីនៅតែលក់បាយស្រូបដដែល មិនដូរមុខម្ហូបឡើយ ប៉ុន្តែភ្ញៀវនៅតែនិយមទៅទទួលទាន រហូតមួយថ្ងៃលក់អស់អង្ករ ២០០គីឡូក្រាម សាច់ជ្រូក ៨០គីឡូក្រាម សាច់មាន់ ៥០គីឡូក្រាម និងឆ្អឹងជំនី ៨គីឡូក្រាម។
ដោយសារតែឃើញភ្ញៀវច្រើន មានអ្នកជំនួញខ្លះបានទៅសុំទិញឈ្មោះ (Franchise) ពីអ្នកស្រី សេងហៀង ដើម្បីយកទៅលក់បន្ត ប៉ុន្តែម្ចាស់ហាងរូបនេះ មិនយល់ព្រមលក់ឡើយ ព្រោះគិតថាចង់ពង្រីកអាជីវកម្មទៅថ្ងៃមុខ នៅពេលមានដើមទុនគ្រប់គ្រាន់៕
ចុចអានអត្ថបទ៖