យកសាច់គោ និងសាឡាត់ សុំមិត្តស្រី​រៀបការ ភ្ញាក់ផ្អើល​ពេញហាង

  • 2017-08-31 04:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន ការ​សុំ​មិត្ត​ស្រី​​រៀប​ការ​ដោយ​មាន​ការ​ចូល​រួម​ពី​​មិត្ត​ភ័ក្ដិ​​បង​ប្អូន​ កំពុង​ពេញ​និយម​នៅ​តាម​ប្រទេស​ផ្សេង​ៗ​ក្រោម​​រូប​ភាព​ប្លែក​ៗ​គ្នា​ទៅ​​តាម​ចំណង់​ចំណូល​ចិត្ត​ខាង​ប្រុស​ ចង់​ធ្វើ​ឲ្យ​មិត្ត​ស្រី​ភ្ញាក់​ផ្អើល​។

ការ​​ស្នើ​សុំ​រៀបការ បន្ទាប់​ពី​មើល​ចិត្ត​គ្នា​អស់​រយៈពេល​ជា​យូរ​​នេះ ភាគ​ច្រើន​គេ​ជ្រើស​រើស​បាច់​ផ្កា​កុលាប​ជូន​មិត្ត​ស្រី ​រួច​បំពាក់​ចិញ្ចៀន ​បើ​ខាង​ស្រី​យល់​ព្រម។ ​ប៉ុន្តែ​សម្រាប់​គូស្នេហ៍​​នេះ​វិញ​​ បាន​ធ្វើ​​​ប្លែក​គេ គឺ​​យក​ចំណិត​​សាច់​គោ​​ដាក់​​​ជា​មួយ​បាច់​បន្លែ​សាឡាត់ ព្រោះ​មិត្ត​ស្រី​​ចូល​ចិត្ត​ញ៉ាំ​សាច់​គោ។

បុរស​រូប​នេះ​មាន​ឈ្មោះ Mu Siyao ​រស់​នៅ​ទីក្រុង Changchun ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​បណ្ដាញ​សារព័ត៌មាន​​​ក្នុង​ស្រុក​ជា​ច្រើន​ចុះ​ផ្សាយ។ ការ​សុំ​មិត្ត​ស្រី​រៀបការ​​ គឺ​ជា​អនុស្សាវរីយ​មួយ​របស់​ពួក​គេ​ដែល​កើត​ឡើង​មុន​មួយ​ថ្ងៃ​នៃ​ទិវា Qixi Festival ជា​ទិវា​នៃ​ក្ដី​ស្រលាញ់​របស់​ជនជាតិ​ចិន ឬ​ហៅ Chinese Valentine's Day ​ដែល​​កន្លង​ទៅ​​ប៉ុន្មាន​​ថ្ងៃ​ថ្មី​ៗ​នេះ។

តាម​រយៈ​វីដេអូ គេ​ឃើញ​លោក Mu Siyao បាន​លុត​ជង្គង់​ចុះ​ ដៃ​កាន់​បាច់​សាឡាត់​​សាច់​គោ​ ជាមួយ​ចិញ្ចៀន​មួយ​វង់ និង​និយាយ​​ទៅ​កាន់​មិត្ត​ស្រី​ថា​ "​យើង​បាន​ជួប​គ្នា​នៅ​ក្នុង​ហាង​នេះ។ រយៈ​ពេល ២​ឆ្នាំ​ហើយ ​ម្ហូប​ដែល​អូន​ចូល​ចិត្ត​ជាង​គេ គឺ​​សាច់​គោ​ក្នុង​ហាង​នេះ ដូច្នេះ​បង​គិត​ថា ​បង​នឹង​ឲ្យ​អូន​នូវ​អ្វី​ដែល​អូន​ចូល​ចិត្ត។ តើ​​អូន​ព្រម​រៀបការ​នឹង​បង​​ទេ​”? មិត្ត​ស្រី​រំភើប​ផង សើច​ផង រួច​ក៏​​ឆ្លើយ​យល់​ព្រម។

អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ចិន​ជា​ច្រើន ​បាន​អប​អរសាទរ​​​គូស្នេហ៍​ខាង​លើ​ និង​​​កោត​សរសើរ​ខាង​ប្រុស​ថា​ "ពិត​ជា​មិត្ត​ប្រុស​ដឹង​ចំណង់​ចំណូល​ចិត្ត​មិត្ត​ស្រី​មែន។ ​ពួក​គេ​ផ្អែម​ល្ហែម​ខ្លាំង​​ណាស់"៕

ប្រភព៖ Thecoverage   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី