ស្ដាយ​ស្រណោះ​គ្រប់គ្នា ក្រោយ​ព្រះវិហារ​បេតិកភណ្ឌ​ជាតិ​នៅ​កំពង់ធំ ត្រូវ​បំផ្លាញ​ចោល

  • 2017-09-01 01:56:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ព្រះវិហារ​ដ៏​ចំណាស់​មួយ ក្នុង​វត្ត​ឥន្ទ្រី​សំវរៈ ហៅ​វត្ត​កំពង់​ធំ ត្រូវ​បាន​វាយ​បំផ្លាញ​ចោល ធ្វើ​ឱ្យ​មាន​ការ​រិះគន់ និង​ស្ដាយ​ស្រណោះ​ជា​ខ្លាំង​ ពី​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ។ ក្នុង​នោះ​ដែរ ឯកឧត្ដម ខៀវ​ កាញារឹទ្ធិ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ក៏​បាន​បង្ហោះ​សារ​​សោក​ស្ដាយ​ជុំវិញ​ការ​បំផ្លាញ​ចោល​ព្រះវិហារ​បុរាណ​មួយ​នេះ​ដែរ។

​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​យ៉ាង​ដូច្នេះ​ថា៖ "វត្ត​ឥន្ទ្រី​សំវរៈ​ហៅ​វត្ត​កំពង់ធំ ត្រូវ​បាន​សាងសង់​នៅ​ឆ្នាំ ១៦៣៣ ឯ​ព្រះវិហារ​សាងសង់​ឆ្នាំ ១៩៤៨ ហើយ​ដាក់​ជា​បេតិកភណ្ឌ​ជាតិ​នៅ​ឆ្នាំ ២០០៧ ។ វិហារ​នេះ មាន​រូប​គំនូរ​បុរាណ​ជា​ច្រើន ។ តែ​ពេល​នេះ ព្រះសង្ឃ​រាជ​វត្ត បាន​សម្រេច​ឱ្យ​វាយ​ចោល​ឥត​ស្ដាយ​ស្រណោះ។"

ក្រៅ​ពី​សារ​របស់​ឯកឧត្ដម ខៀវ កាញារឹទ្ធិ នៅ​មាន​ការ​សារ​ជា​ច្រើន​ទៀត​ពី​អ្នក​លេង​បណ្ដាញ​សង្គម​ ដោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ធ្វើ​ការ​រិះគន់​ទៅ​លើ​ព្រះសង្ឃ​រាជ​វត្ត ដែល​មិន​ធ្វើ​ការ​ជួសជុល បែរ​ជា​វាយ​កម្ទេច​ចោល​ទៅវិញ។ មតិ​ស្រដៀង​គ្នា​ជា​ច្រើន​លើក​ឡើង​ថា ព្រះ​វិហារ​ដែល​មាន​អាយុ​កាល​ជាង ៦០​ឆ្នាំ​នេះ មាន​រូប​គំនូរ​បុរាណ​ជា​ច្រើន ដែល​កូន​ខ្មែរ​មួយ​ចំនួន​មិន​ទាន់​បាន​ចូល​ទស្សនា​ផង ឥឡូវ​នេះ​ស្រាប់​តែ​វាយ​កម្ទេច​ចោល​ទៅ​វិញ។

ព្រះវិហារបុរាណក្រោយវាយកម្ទេចបានមួយចំនួន

ជា​ការ​កត់​សម្គាល់​ ក្រៅ​ពី​មាន​ការ​រិះ​គន់​តៅ​ព្រះសង្ឃ​រាជ​វត្ត ក៏​មាន​មតិ​មួយ​ចំនួន​ធ្វើ​ការ​រិះគន់​ទៅ​លើ​ក្រសួង​ពាក់ព័ន្ធ ដែល​ព្រងើយ​កន្តើយ​ ចំពោះ​ព្រះវិហារ​មួយ​នេះ មិន​ថែ​ទាំ ឫ​ជួសជុល ដោយ​ទុក​ចោល​រហូត​ពុក​ផុយ។ ដូច្នេះ​ហើយ​បាន​ជា​ព្រះសង្ឃ​រាជ​វត្ត សម្រេច​ធ្វើ​ការ​វាយ​កម្ទេច​ចោល​តែ​ម្ដង។

យ៉ាង​ណា​ក្ដី​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ឃើញ​ការ​ឆ្លើយ​បំភ្លឺ​ណា​មួយ​ពី​ក្រសួង​​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​ណា​មួយ​នៅ​ឡើយ​​ទេ ជុំ​វិញ​ការ​វាយ​កម្ទេច​ព្រះវិហារ​ដ៏​ចំណាស់​នេះ។

ក្រោយកម្ទេចចោលទាំងស្រុង

គួរ​ជម្រាប​ជូន​ថា វត្ត​ឥន្ទ្រី​សំវរៈ ស្ថិត​នៅ​ក្រុង​ស្ទឹង​សែន ខេត្ត​កំពង់ធំ មាន​ប្រវែង​ប្រមាណ​១​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។ ចំពោះ​ព្រះវិហារ ដែល​ត្រូវ​បាន​បំផ្លាញ​ចោល​កាល​ពី​ថ្មីៗ​នេះ គឺ​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​មួយ​របស់​ប្រទេស​កម្ពុជា ដែល​កសាង​ឡើង​ក្នុង​ឆ្នាំ ១៩៤៨។ បើ​តាម​ឯក​សារ​ស្រាវ​ជ្រាវ​មួយ​ចំនួន បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ព្រះវិហារ​នោះ មាន​បន្សល់​ទុក​នូវ​រូប​គំនូរ​ប្រណិត​ៗ​ជា​ច្រើន រំលេច​ដោយ​ផ្ទាំង​ទស្សនីយភាព​ចម្រុះ​ពណ៌​គួរ​ជា​ទី​គយគន់។ ជាពិសេសថែមទាំងមានព្រះឆាយាលក្ខព្រះបាទនរោត្ដម សីហនុទៀតផង៕

ព្រះឆាយាលក្ខព្រះបាទនរោត្ដម សីហនុ

អត្ថបទ៖ វឌ្ឍនៈ

បិទ