ពី​ពលករ​ខុស​ច្បាប់​ ក្លាយ​ជា​អ្នក​ផលិត​គំនូរ​ជី​វចល​ មិន​ខ្វះ​ក្រុម​ហ៊ុន​ចង់​បាន

  • 2017-09-01 03:29:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​កម្រិត​វប្បធម៌​ត្រឹម​ថ្នាក់​ទី១១ លោក បូរ ហាក់ ធ្លាប់​ជួប​ជីវិត​កម្សត់​តាំង​ពី​តូច ដោយ​ធ្លាប់​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​តាំង​ពី​អាយុ​១២ឆ្នាំ តែ​ពេល​នេះ​ក្លាយ​ជា​អ្នក​ផលិត​គំនូរ​ជី​វចល​ដែល​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​ត្រូវ​ការ។

កន្លង​ទៅ​នេះ​សិស្ស​ដែល​មក​ពី​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​រូប​នេះ បាន​ជាប់​ជយ​លាភី​លេខ​១ ​ក្នុង​កម្ម​វិធី​គំនូរ​ជី​វិចល DigiCon6ឆ្នាំ​២០១៧ លើ​ស្នាដៃ​​គំនូរ​ជី​វចល​ដែល​មាន​ចំណង​ជើង​ថា "សក់​ស្មើ​សូន្យ” ហើយ​ស្នាដៃ​នេះ​នឹង​ត្រូវ​តំណាង​កម្ពុជា​ទៅ​ប្រកួត​ក្នុង​កម្ម​វិធី​គំនូរ​ជី​វចល​ DigiCon6 Asia នៅ​ទីក្រុង តូក្យូ ប្រទេស​ជប៉ុន​នៅ​ពេល​ខាង​មុខ​ផង​ដែរ។

ផលិតករ​វ័យ​២៧ឆ្នាំ​រូប​នេះ​បាន​ប្រាប់ Sabay ថា​កាល​ពី​តូច​ខ្លួន​ធ្លាប់​ស្រមៃ​ថា​ចង់​រៀន​ដែរ ​តែ​វា​ត្រឹម​តែ​ជា​ក្ដី​ស្រមៃ​ដែល​គ្មាន​សង្ឃឹម ព្រោះ​តែ​គ្រួសារ​ក្រីក្រ។ ជា​ក្មេង​កំព្រា​ឪពុក​ មាន​តែ​ម្ដាយ​ក្រីក្រ​នៅ​មើល​ថែ ហាក់ ត្រូវ​បង្ខំ​ចិត្ត​ចំណាក​ស្រុក​ខុស​ច្បាប់​ទៅ​ប្រទេស​ថៃ​តាម​មេខ្យល់ តាំង​ពី​ខ្លួន​នៅ​វ័យ​កុមារ​នៅ​ឡើយ។ បន្ទាប់​ពី​ធ្វើ​ការ​ស្រុក​ថៃ​មួយ​រយៈ និង​បាន​ផ្លាស់​ប្ដូរ​កន្លែង​ការ​ងារ​ជា​ច្រើន​រួច​មក ថ្ងៃ​មួយ​តម្រួត​ថៃ​បាន​ចាប់​បញ្ជូន​ប្អូន​មក​ប្រទេស​ខ្មែរ​វិញ។

នៅ​ពេល​មក​ដល់​ព្រំ​ដែន​ប៉ោយប៉ែត​ មាន​អង្គការ​មួយ​បាន​ជ្រើស​រើស​កុមារ​តូច​ៗ​ឱ្យ​បាន​ចូល​រៀន ក្នុង​នោះ​ក៏​មាន​ប្អូន​ដែរ។ កុមារ​រូប​នេះ​បាន​រៀន​ក្នុង​អង្គការ​២​រួច​មក​ហើយ ​មុន​នឹង​ចូល​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ។ ដោយ​មាន​និស្ស័យ​ខាង​គូរ​គំនូរ ហាក់ បាន​ចាប់​ជំនាញ​គំនូរ​ជី​វចល និង​បាន​សិក្សា​វា​ដោយ​ជោគ​ជ័យ​នៅ​ហ្វារ​ពន្លឺ​សិល្បៈ។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​មក​មាន​ក្រុម​ហ៊ុន​ដែល​ធ្វើ​ការ​លើ​ផ្នែក​នេះ​ជា​ច្រើន បាន​មក​ទាក់​ទង​កក់​យុវជន​រូប​នេះ​ឱ្យ​ទៅ​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​របស់​ខ្លួន។

“មាន​ក្រុម​ហ៊ុន​ពី២ ​ទៅ៤​ក្រុម​ហ៊ុន​ដែល​ចង់​ឱ្យ​ខ្ញុំ​ទៅ​ធ្វើ​ការ ទាំង​នៅ​ភ្នំពេញ​ និង​នៅ​បាត់​ដំបង។ ដោយសារ​នៅ​បាត់​ដំបង​ខ្ញុំ​មាន​ផ្ទះ​ស្នាក់​នៅ មិន​បាច់​ចំណាយ​ច្រើន​ដូច​នេះ​ភ្នំ​ពេញ ហើយ​ពេល​ទំនេរ​ដូច​ជា​សៅរ៍​អាទិត្យ​ខ្ញុំ​អាច​គូរ​គំនូរ​ទំនើប​ផ្សេង​ៗ និង​ចម្លាក់​លក់​បាន​ទៀត ដូច្នេះ​ខ្ញុំ​ជ្រើស​រើស​ក្រុម​ហ៊ុន​នៅ​បាត់​ដំបង​ទៅ"។

នាយក​សាលា​ផ្នែក​សិល្បៈ​សូន្យ​រូប​លោក សម្បត្តិ រស្មី បាន​ឱ្យ​ដឹង​ថា សិស្ស​ដែល​រៀន​នៅ​ហ្វារ​ពន្លឺ​សិល្បៈ​៩៩%​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​មាន​ការ​ងារ​ធ្វើ។

អត្ថបទៈ ប៉ូ សាគុន