ពាក្យចុងក្រោយរបស់ព្រះនាង Diana ត្រូវបានលាតត្រដាងដោយអ្នកពន្លត់អគ្គីភ័យ
- 2017-09-01 13:42:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យចុងក្រោយរបស់ព្រះនាង Diana ត្រូវបានលាតត្រដាងដោយអ្នកពន្លត់អគ្គីភ័យ
ចន្លោះមិនឃើញ
អ្នកពន្លត់អគ្គីភ័យដែលខំប្រឹងប្រែងជួយសង្គ្រោះជីវិតព្រះនាង Diana កាលពីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ១៩៩៧ ពេលនេះបានលាតត្រដាងអំពីពាក្យពេចន៍ចុងក្រោយរបស់ព្រះនាងមុនសោយទិវង្គតជាលើកដំបូង។
ឆ្នាំនេះជាខួបគម្រប់ ២០ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះនាង Diana ក្រោយពីសោកនាដកម្មដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងប៉ារីស នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ១៩៩៧ ហើយមានមនុស្សម្នាក់ដែលបានឃើញព្រះនាងជាលើកចុងក្រោយ ទើបតែមកបកស្រាយពីសាច់រឿងនេះ។
អ្នកពន្លត់អគ្គីភ័យម្នាក់មានឈ្មោះថា Xavier Gourmelon គឺជាមនុស្សទី១ ក្នុងហេតុការណ៍ដែលព្រះនាងត្រូវរងរបួស ខណៈពេលដែលមានការបុកគ្នាតាមផ្លូវក្នុងរូងភ្នំ Pont de l'Alma tunnel។ ការពិតទៅ អ្នកពន្លត់អគ្គីភ័យនោះបានជួយទាញព្រះនាងពីឡាន Mercedes របស់ព្រះនាង ហើយខំប្រឹងប្រែងជួយសង្គ្រោះជីវិតព្រះនាង។
ឥឡូវនេះ ជាលើកទី១ហើយ ដែលលោកចែកចាយអំពីអ្វីដែលព្រះនាងនិយាយទៅកាន់លោកមុនពេលព្រះនាងសោយទិវង្គត។ លោកបង្ហាញថា នៅពេលដែលខំប្រឹងប្រែងជួយសង្គ្រោះជីវិតព្រះនាង លោកមិនបានចាប់អារម្មណ៍ថាជាព្រះនាងដែលល្បីល្បាញលើពិភពលោកទេ។
លោកនិយាយថា ពួកគាត់ទៅធ្វើការ និងមើលថាមាននរណាត្រូវការជំនួយ និងនរណានៅរស់។ ពេលនោះ ព្រះនាង Diana និយាយទៅកាន់អ្នកពន្លត់អគ្គីភ័យថា៖ "ព្រះជាម្ចាស់ មានរឿងអ្វីកើតឡើង?” ពេលនោះព្រះនាងនៅលើកម្រាលព្រំឡានខាងក្រោយ។ ព្រះនាងរើបម្រះខ្លួនតិចៗ លោកក៏អាចដឹងថាព្រះនាងនៅរស់។ លោកបានឃើញថាព្រះនាងមានរបួសបន្តិចនៅលើស្មាខាងស្ដាំរបស់ព្រះនាង ប៉ុន្តែមិនមានអ្វីធ្ងន់ធ្ងរទេ ព្រោះវាគ្មានឈាមលើព្រះនាងទាល់តែសោះ។
អ្នកពន្លត់អគ្គីភ័យរូបនេះបន្តពន្យល់ទៀតថា លោកបានដាស់ឲ្យព្រះនាងដឹងខ្លួនហើយលើកនាងដាក់ឡានពេទ្យ ដោយជឿជាក់ថាព្រះនាងនឹងរួចផុតពីហេតុការណ៍ដ៏រន្ធត់នេះ។ ប៉ុន្តែ គួរឲ្យសោកស្ដាយណាស់ លោកបានគិតខុស។ លោកបានធ្វើចលនាបេះដូងព្រះនាង ហើយប៉ុន្មានវិនាទីក្រោយមក ព្រះនាងចាប់ផ្ដើមដកដង្ហើមឡើងវិញ។
លោកបន្តទៀតថា លោកបានធូរចិត្ត ព្រោះលោកចង់ជួយជីវិតមនុស្ស។ ហើយជាការពិតទៅ លោកបានគិតថា ព្រះនាងនឹងរស់ ប៉ុន្តែក្រោយមក លោកក៏បានដឹងថា ព្រះនាងបានសោយទិវង្គតនៅមន្ទីរពេទ្យ។ ទោះបីជា ២០ឆ្នាំបានកន្លងផុតទៅក្ដី រឿងនេះនៅតែមិនបានធ្វើឲ្យលោកមានអារម្មណ៍ធូរស្រាលឡើយនៅថ្ងៃនេះ៕