តួ​ឯក​ស្រី​ក្នុង​រឿង ហ្លួង​ព្រះស្ដេច​កន រក​លុយ​បាន​តាំង​អាយុ​១០ឆ្នាំ ដឹង​ថា​ធ្វើ​អី​អត់?

  • 2017-09-03 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​មែន​ជា​រឿង​ធម្មតាទេ ដែល​ក្មេង​ត្រឹម​អាយុ​១២-១៣​ឆ្នាំ​អាច​រក​ចំណូល​ចាយ​ដោយ​ខ្លួន​ឯង​បាន​សម្រាល​បន្ទុកគ្រួសារ​មួយ​ផ្នែក។ ប៉ុន្តែ​តួឯក​ស្រី​ក្នុង​រឿង "ហ្លួងស្ដេចកន" កញ្ញា ស៊ិន សក្កដា អាច​ធ្វើ​បាន។

តាម​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​កញ្ញា ស៊ិន សក្កដា ដែល​បច្ចុប្បន្ន​ជា​នាដការី​ និង​​ជា​តារា​សម្ដែង​កំពុង​លេច​ធ្លោ​ផង បាន​ឲ្យ​​ដឹង​ថា នាង​បាន​​ចូល​ហាត់​រៀន​របាំ​បុរាណ​តាំង​ពី​អាយុ ១០​ឆ្នាំ។ ក្រោយ​មក​ប្រមាណ​១​ឆ្នាំ​ប៉ុណ្ណោះ នាង​ក៏​អាច​ចេញ​សម្ដែង​ក្នុង​កម្មវិធី​ថ្នាក់​ជាតិ ដូច​ជា​បុណ្យ​ជាតិ ទទួល​គណប្រតិភូ ថ្នាក់​ជាតិ និង​អន្តរជាតិ​ផង​ដែរ ដោយអាច​​រក​ចំណូល​ផ្គង់​ផ្គង់​ខ្លួន​ឯង​បាន​ខ្លះពេល​នោះ។

និយាយ​ពី​​ចំណូល​នេះ សក្កដា ​ថា បើ​ទោះ​អាច​រក​បាន ប៉ុន្តែ​មិន​ច្រើន​ទេ គឺ​៣០-៤០ដុល្លារ​ប៉ុណ្ណោះ។ "បាន​ពី​នេះ​បន្តិច ​នោះ​បន្តិច អ៊ីចឹង​ពិបាក​ស្មាន តែ​​ប្រហែល ៣០ ទៅ ៤០ ដុល្លារ​អី​ហ្នឹង​ក្នុង​១​ខែ លើក​លែង​ការ​ចេញ​ទៅ​ក្រៅ​ប្រទេស គឺ​បាន​ច្រើន កាល​ហ្នុង​ខ្ញុំ​ឧស្សាហ៍​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​ដែរ ទៅ​ម្ដង​បាន​ជាង ១ ០០០​ដុល្លារ​ដែរ ១ ០០០​កាល​ហ្នុង​លុយ​ថ្លៃ អ៊ីចឹង​ច្រើន​ដែរ​ណា​បង!” សក្កដា ថ្លែង។

ថវិកា​ដែល​រក​បាន​ប៉ុន្មាន សក្កដា ប្រាប់​ថា នាង​ឲ្យ​ម្ដាយ​​ទុក​ទាំង​អស់ ព្រោះ​នាង​ក្មេង​មិន​ទាន់​ចេះ​ទុក​ដាក់ ហើយ​ម្ដាយ​ជា​អ្នក​បើក​ឲ្យចាយ​វិញ។ ចំណូល​ផ្ទាល់​ខ្លួន​របស់​នាង​ពេល​នោះ គឺ​មិន​ទាន់​អាច​ឲ្យ​ខ្លួន​រួច​ពី​ការ​រ៉ាប់រង​របស់គ្រួសារ​ទេ គឺ​បាន​ខ្លះ​លើ​ការ​សិក្សា ទិញ​ប៊ិច សៀវ​ភៅ ជា​ដើម។ បែប​នេះ​ក្ដី នាង​អះអាង​ថា ខ្លួនមាន​មោទនភាព។

តារា​​ស្រី​រូប​នេះ​ថ្លែង​ថា "និយាយ​ទៅ ខ្ញុំ​មាន​មោទនភាព​នឹង​ខ្លួន​ឯង ដែល​ខ្ញុំ​អាច​រក​លុយ​ចាយ​វាយ​មួយ​ផ្នែក​ដោយ​ខ្លួន​ឯង​ បើ​ធៀប​គ្នា​ទៅ​នឹង​ក្មេងៗ​ស្របាល​ខ្ញុំ​ដែល​នៅ​សុំ​ម៉ាក់ប៉ា ផ្គត់ផ្គង់​ទាំងស្រុង។ ចំណូល​ខ្ញុំ​កាល​នោះ ហោច​ណាស់​ក៏​បាន​រួច​សៀវភៅ សម្ភារៈ​រៀនសូត្រ និង​សម្លៀក​បំពាក់​រៀន​ដែរ"។

ឆ្លង​​កាត់​បទ​ពិសោធន៍​ខ្លួន​ឯង លើ​ការ​រក​លុយ ស្រី​ស្អាត​រូប​នេះ​លើក​ឡើង​ទៀត​ថា «ផ្សំ​នឹង​ឱកាស​ផង ព្រោះ​កាល​ណោះ សាលា​វិន័យ​មិន​សូវ​តឹង​ដូច​បច្ចុប្បន្ន។ ទើប​រៀន​បាន​តែ​ជាង ១​ឆ្នាំ​អាច​ចេញ​សម្ដែង​រក​កម្រៃ​បាន ប៉ុន្តែ​ពេល​នេះ​វិញ វិន័យ​គឺ​តឹង​ណាស់»។ ដូច្នេះ​នាង​រំលឹក​ទៅ​ប្អូនៗ​ជំនាន់​ក្រោយ កុំ​បែក​អារម្មណ៍ ​គួរ​តែ​ផ្ដោត​លើ​ការ​សិក្សា​ប្រសើរ​ជាង។

ក្រោយ​ពី​ចំណាយ​ពេល​តាំង​ពី​វ័យ​កុមារ មក​ដល់​ពេញ​វ័យក្នុង​សិល្បៈ​បូរាណ កញ្ញា ស៊ិន សក្កដា បាន​វិវត្តន៍​ខ្លួន​មក​ជា​តារា​សម្ដែង​ទៀត។ ក្នុង​រយៈ​ពេល​ប៉ុន្មា​ឆ្នាំ​ចុង​ក្រោយ​នេះ នាង​ក្ដាប់​តំណែង​តួឯក​ក្នុង​រឿង​ជា​ច្រើន​ដូច​ជា "ពស់​កេងកង" “ភ្លៀងមួយ​តក់" “ប្រអប់​សំបុត្រ​ចោល​ទុក្ខ" “អាគមស្បែកដាច" និង​ជា​ពិសេស គឺ​រឿង "ហ្លួង​ព្រះស្ដេច​កន" ដែល​ជា​ភាពយន្ត​ខ្នាត​ធំ​ប្រចាំ​ឆ្នាំ៕

ចុចអាន៖

អត្ថបទៈ ស៊ុនហួត