មិន​សរសើរ​មិនបាន! នៅ​​ក្មេង​​សោះ តែ​​​មាន​​ស្នាដៃ​​សិល្បៈ​​ជា​ច្រើន​​ទុក​ឲ្យ​អ្នក​ជំនាន់​ក្រោយ

  • 2017-09-03 02:14:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​នាម​ជា​ក្មេង​ជំនាន់​ក្រោយ​ដែល​កើត​លើ​ទឹក​ដី​សុវណ្ណភូមិ តើ​អ្នក​មាន​សម្បត្តិ​អ្វី​ខ្លះ​ទុក​សម្រាប់​វប្បធម៌ ​ឬ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ៗ? បើ​និយាយ​ពី​ក្មេង​ជំនាន់​នេះ លោក​ សួន សុភ័ក្ត្រ គឺ​បាន​តាំង​ចិត្ត​ហើយ​ថា​ នឹង​មាន​ស្នាដៃ​សម្រាប់​សម័យ​កាល​ក្រោយ​ៗ​ទៀត។

មាន​វ័យ៣១ឆ្នាំ​ លោក សួន សុភ័ក្ត្រ ជា​តន្ត្រីករ ហើយ​ក៏​ជា​អ្នក​ធ្វើ​ឧបករណ៍​ភ្លេង​ខ្មែរ​មួយ​រូប​ដែរ លោក​មាន​ឧបនិស្ស័យ​ខាង​ភ្លេង​បុរាណ​ខ្មែរ។ សិល្បករ​រូប​នេះ​បាន​ប្រាប់ Sabay ពី​ការ​យល់​ឃើញ​របស់​ខ្លួន​ថា ដូន​តា​បាន​ទុក​របស់​ច្រើន​ណាស់​ឱ្យ​កូន​ខ្មែរ ដូច​ជា​ប្រាសាទ​អង្គរវត្ត​ វប្បធម៌ អរិយធម៌ ទំនៀម​ទម្លាប់ និង​ប្រពៃណី​ដ៏​ល្អ​ផូរផង់។

លោក​បាន​សួរ​ខ្លួន​ឯង​ថា​ តើ​ក្នុង​សម័យ​នេះ​លោក​មាន​អ្វី​សម្រាប់​ទុក​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ៗ​ទៀត? ដូច្នេះ​ហើយ​ទើប​បាន​ជា​លោក​ខំ​ស្រាវ​ជ្រាវ​រៀន​ភ្លេង​ និង​ធ្វើ​ឧបករណ៍​ភ្លេង​បុរាណ​សម្រាប់​ទុក​ជា​កេរ្តិ៍មរតក​តិចតួច​សម្រាប់​វិស័យ​សិល្បៈ​បុរាណ។

ងាក​មក​ការ​ធ្វើ​ឧបករណ៍​ភ្លេង​វិញ លោក​ចេះ​ធ្វើ​ឧបករណ៍​ខ្លុយ ស្រឡៃ (ច្រើន​ប្រភេទ) ប៉ីអ ប៉ីពក ស្នែង​តូច​ស្នែង​ធំ សែ​ដៀវ (សាយដៀវ) ស្គរ និង​ធ្វើ​ឧបករណ៍​ខ្យង។ រាល់​ឧបករណ៍​ភ្លេង​ទាំង​នេះ ភាគ​ច្រើន​លោក​មិន​លក់​ទេ លើក​លែង​តែខ្លុយ ប៉ីអ ប៉ីពក និង​ស្រឡៃ​ព្រោះ​វា​ងាយ​ស្រួល​ធ្វើ​ និង​ងាយ​ស្រួល​រក​វត្ថុ​ធាតុ​ដើម។

សិល្បករ​មក​ពី​ខណ្ឌ​ច្បារអំពៅ​រូប​នេះ បាន​បញ្ជាក់​ថា ការ​ចុះ​ទៅ​រក​ឧបករណ៍​មួយ​ចំនួន​ គឺ​ពិបាក​ណាស់ ជា​ពិសេស​ឧបករណ៍​ស្នែង​ធំ លោក​ត្រូវ​ចុះ​ទៅ​ខេត្ត​ឆ្ងាយ​ៗ​ដូច​ជា​រតនគិរី​ មណ្ឌលគិរី ក្រចេះ ជា​ដើម និង​ទៅ​ព្រៃ​ជ្រៅ​ៗ​ដើម្បី​បាន​ស្នែង​ដែល​ល្អ។

“ខ្ញុំ​គិត​ថា បើ​ខ្ញុំ​លក់​ទៅ ថ្ងៃ​ក្រោយ​បើ​ខ្ញុំ​ត្រូវ​ការ​វា​ខ្ញុំ​អត់​ដឹង​ទៅ​រក​ណា​ទេ ឬ​ចង់​បង្ហាញ​ក្មេង​ជំនាន់​ក្រោយ ខ្ញុំ​អត់​ដឹង​មាន​អី​ទៅ​ពន្យល់​វា​ទេ អ៊ីចឹង​ខ្ញុំ​ត្រូវ​សន្សំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ នៅ​ពេល​ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ការ​ស្រាវ​ជ្រាវ​ពី​វា មិន​បាច់​ដើរ​រក​ច្រើន​កន្លែង”។

ថ្វីត្បិត​ឧបករណ៍​មួយ​ចំនួន​ត្រូវ​បាន​លក់​ក៏ដោយ​ចុះ តែ​ឧបករណ៍​ដដែល​នេះ​លោក សុភ័ក្ត្រ ក៏​នៅតែ​រក្សា​ទុក​មួយ​ចំនួន​នៅ​ផ្ទះ​របស់​លោក​ដើម្បី​ជា​មរតក​ដល់​ក្មេង​ជំនាន់​ក្រោយ​ដែរ តែ​លោក​មិន​ទាន់​បាន​រៀប​ចំ​ជា​កន្លែង​ឱ្យ​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ​ទេ។

សិល្បករ​មាន​ដើម​កំណើត​ក្នុង​គ្រួសារ​កសិករ​ដែល​ម្ដាយ​ឪពុក​ជា​អតីត​ទាហាន​នៅ​សម័យ​មុន​រូប​នេះ​រៀន​ធ្វើ​ឧបករណ៍​ភ្លេង​ពី​គ្រូ​ច្រើន​នាក់​ដែរ តែ​អ្វី​ដែល​សំខាន់​គឺ​លោក​ព្យាយាម​ស្វែង​រក​គន្លឹះ​ដោយ​ខ្លួន​ឯង ព្រោះ​ការ​ធ្វើ​ឧបករណ៍​មាន​ភាព​ស្មុគ​ស្មាញ​ច្រើន។

ប្រសិន​បើ​មាន​លទ្ធភាព ​លោក សួន សុភ័ក្ត្រ នឹង​បើក​កន្លែង​ដាក់​តាំង​ឧបករណ៍​ភ្លេង ដែល​ជា​ស្នាដៃ​របស់​លោក ដើម្បី​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ឃើញ។

ប្រធាន​ក្រុម​ដឹក​នាំ​ក្រុម​ភ្លេង​រូប​នេះ បាន​លេង​ភ្លេង​ក្នុង​ប្រទេស​ក្នុង​កម្ម​វិធី​ទាំង​តូច​ទាំង​ធំ​ជា​ច្រើន និង​ធ្លាប់​ទៅ​សម្ដែង​នៅ​ប្រទេស​មួយ​ចំនួន​ដូច​ជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងវៀត​ណាម ហើយ​នៅ​ខែ​តុលាខាង​មុខ​នេះ លោក​នឹង​ទៅ​សម្ដែង​នៅ​ប្រទេស​ទួរគី ភាគ​ច្រើន​លោក​ទៅ​តាម​រយៈ​សមាគម​សិល្បៈ​សុវណ្ណភូមិ៕

អត្ថបទៈ ប៉ូ សាគុន