កុមារ ១៤ឆ្នាំ អាចបើកបរយន្តហោះម្នាក់ឯង បំបែកកំណត់ត្រាពិភពលោក
- 2017-09-07 03:53:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុមារ ១៤ឆ្នាំ អាចបើកបរយន្តហោះម្នាក់ឯង បំបែកកំណត់ត្រាពិភពលោក
ចន្លោះមិនឃើញ
កុមារជនជាតិអារ៉ាប់រួមម្នាក់ បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល បន្ទាប់ពីបញ្ចេញសមត្ថភាពបើកបរយន្តហោះម្នាក់ឯងទាំងនៅវ័យក្មេងខ្ចី។
កុមារនេះមានឈ្មោះ Mansoor Anis អាយុ ១៤ឆ្នាំ រស់នៅទីក្រុង Sharjah ជាសិស្សសាលា DPS Sharjah ថ្មីៗនេះគេបានក្លាយជាអ្នកបើកបរយន្តហោះវ័យក្មេងបំផុត និងបំបែកកំណត់ត្រាពិភពលោកទៀតផង។
តាមប្រភពសារព័ត៌មាន Khaleejtimes បានរាយការណ៍ថា Mansoor ចាប់ផ្ដើមទទួលការបណ្ដុះបណ្ដាលខាងហោះហើរចាប់តាំងពីអាយុ ៧ឆ្នាំ ដែលបង្ហាត់បង្ហាញតាមកុំព្យូទ័រដោយឪពុកមារស់នៅទីក្រុងញ៉ូដេលី ប្រទេសឥណ្ឌា ដែលគាត់ជាអ្នកបើកបរយន្តហោះជំនាញម្នាក់។
ដំបូង ឪពុកមារបស់គេបានដំឡើងកម្មវិធីរៀនបើកបរយន្តហោះលើកុំព្យូទ័រឲ្យ តាំងពីពេលនោះមក Mansoor កាន់តែចាប់អារម្មណ៍ និងពេញចិត្តរៀនយ៉ាងខ្លាំង។
នៅអាយុ ១៣ឆ្នាំ Mansoor សម្រេចចិត្តចង់បន្តរៀនបើកបរយន្តហោះអាជីព និងប្រហែល ១ឆ្នាំក្រោយ គេបានធ្វើដំណើរទៅកាន់ប្រទេសកាណាដា ជាមួយម្ដាយដើម្បីទទួលការបណ្ដុះបណ្ដាលនៅសាលា AAA Aviation Flight Academy ក្នុងទីក្រុង Langley ស្ថិតនៅខេត្ត British Columbia ។
យោងទៅតាមកុមារ Mansoor បញ្ជាក់ថា ខាងសាលាស្ទាក់ស្ទើរនឹងទទួលយកសិស្សក្មេងដូចរូបគេខ្លាំងណាស់ តែក្រោយមកក៏ដឹងថា Mansoor បានយល់ដឹងពីការហោះហើរច្រើនគួរសម និងរៀនឆាប់ចេះ។
រហូតដល់ថ្ងៃទី ៣០សីហាថ្មីៗនេះ Mansoor ចាប់ផ្ដើមបើកបរយន្តហោះធន់តូចដែលមានអ្នកបើកបរតែម្នាក់គត់ប្រភេទយន្តហោះ Cessna 152 ក្រោយពីហ្វឹកហាត់ចុងក្រោយរយៈ ២៥ម៉ោង។ Mansoor បានហោះហើររយៈពេលប្រមាណ ១២នាទីទាំងអារម្មណរំភើបរីករាយ ប៉ុន្តែភិតភ័យបន្តិចពេលចុះចត។
ទោះយ៉ាងណាក្ដី Mansoor និងក្រុមគ្រួសារ បានបញ្ជាក់ថា Mansoor បានបំបែកកំណត់ត្រាពិភពលោកក្នុងការប្រើពេលហ្វឹកហាត់ហោះហើរតិចជាងគេក្នុងនាមជាអ្នកបើកបរវ័យក្មេងបំផុតលើយន្តហោះសម្រាប់ជិះម្នាក់ឯង។ ម្ចាស់កំណត់ត្រាមុន គឺប្រើពេលដល់ទៅ ៣៤ម៉ោង។
នាពេលអនាគត Mansoor មានក្ដីស្រមៃចង់ក្លាយជាអ្នកបើកបរយន្តហោះឲ្យក្រុមហ៊ុនអាកាសចរណ៍ Emirates និង Etihad ទៀតផង៕