អគ្គស្នងការនគរបាលជាតិ ចុះកិច្ចព្រមព្រៀងលើសេវាកម្មធានារ៉ាប់រងថ្មី

  • 2017-09-11 10:50:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គស្នងការនគរបាលជាតិ បានចុះហត្ថលេខាកិច្ចព្រមព្រៀងថ្មីមួយស្ដីពីការសហការផ្ដល់សេវាកម្មធានារ៉ាប់រងដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរារចរណ៍នៅកម្ពុជា ជាមួយក្រុមហ៊ុនធានារ៉ាប់រង អេច អាយ ម៉ាយក្រូអ៊ិនសួរេន កាលពីថ្ងៃទី ៧ កញ្ញា សប្ដាហ៍មុន នៅសណ្ឋាគារ សាន់វេ។

នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ (ឆ្វេង)

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មន្ត្រីជាន់ខ្ពស់ស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រុមហ៊ុនធានារ៉ាប់រងខាងលើ។

នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ថ្លែងសាទរក្នុងពិធីនេះថា កិច្ចសហការនេះ មានផលល្អប្រសើរសម្រាប់ជនរងគ្រោះទាំងឡាយដែលជួបបញ្ហាលើដងផ្លូវ។ "មូលហេតុដែលក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យចុះអនុស្សរណៈនេះ ដោយសារ សម្ដេច លោកបានពិនិត្យឃើញថា សេវាកម្មនេះមានប្រយោជន៍ជាច្រើន ជាពិសេស​​ជួយ​សម្រាលបន្ទុកដ៏ធ្ងន់របស់រាជរដ្ឋាភិបាល ទាក់ទងដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ និងសម្រាលបន្ទុករបស់ជនរងគ្រោះខ្លះដែលគ្មានសមត្ថភាពចំណាយលើសេវាមន្ទីរពេទ្យ ជាដើម"។

ឯកឧត្តម បន្តថា វិសាលភាពនៃសេវាកម្មនេះ គឺបានច្រើន មិនមែនផ្តោតតែលើអ្នកទិញសេវាកម្មនេះទេ ដោយលើកជាឧទាហរណ៍ថា “មានបងប្រុសម្នាក់ ទិញម៉ូតូភ្ជាប់ជាមួយធានារ៉ាប់រង RVI។ ករណីមានប្អូនស្រីគាត់ ឬប្អូនប្រុស ឬអ្នកដទៃដែលជិះម៉ូតូនេះ នឹងទទួលបានការផ្ដល់សេវាធានារ៉ាប់រងនេះដូចគ្នា"។

ចុងខែកញ្ញា នេះ ក្រុមហ៊ុន នឹងប្រកាសដាក់លក់សេវាកម្មធានារ៉ាប់រងនេះជាផ្លូវការ។ សម្រាប់សេវាកម្មធានារ៉ាប់រង RVI នេះ ជនរងគ្រោះនឹងទទួលបានសំណងលើ៖

  • ការព្យាបាលរបួស
  • ពិការភាព និង
  • បាត់បង់ជីវិត។

តារាងតម្លៃ RVI តាមប្រភេទយានយន្ត៖

  • ១៧ ដុល្លារអាមេរិក/ឆ្នាំ សម្រាប់ម៉ូតូ
  • ២០ ដុល្លារអាមេរិក/ឆ្នាំ សម្រាប់រ៉ឺម៉កកង់បី ឬម៉ូតូ + ផ្នែកបន្ថែម (បន្ថែមកង់)
  • ៧០ ដុល្លារអាមេរិក/ឆ្នាំ សម្រាប់រថយន្ត/យានយន្តកង់ ៤ ផ្សេងៗ (អ្នកដំណើរមិនលើស ៥ នាក់)
  • ៨០ ដុល្លារអាមេរិក/ឆ្នាំ សម្រាប់រថយន្ត/យានយន្តកង់ ៤ ផ្សេងៗ (អ្នកដំណើរលើស ៥ នាក់)
  • ៩០ ដុល្លារអាមេរិក/ឆ្នាំ សម្រាប់យានយន្តផ្សេងៗដែលមានកង់ច្រើនជាង ៤ ។

អ្នកអាចទិញធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍ គ្របដណ្ដប់ជនរងគ្រោះ (RVI) នៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន អេច.អាយ ម៉ាយក្រូ អិនសួរេន នៅរាជធានីភ្នំពេញ ឬនៅតាមភ្នាក់ងារទ្រូម៉ាន់នី ទូទាំងកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

  • Hotline 1800 20 88 77 ឬទូរសព្ទលេខ 023 888 777
  • វិបសាយ www.rvi.com.kh
  • ហ្វេសប៊ុក rvi.cam
  • អាសយដ្ឋាន៖ ផ្ទះលេខ ៣៣ ផ្លូវលេខ ៣៣៧ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី