ភាព​យន្ត​ខ្មែរ​១​រឿង​​ នឹង​ចាក់​បញ្ចាំង​នៅ​ប្រទេស​កូរ៉េ​​នៅ​ក្នុង​ពេល​ឆាប់​ៗ​

  • 2017-09-16 02:37:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​យន្ត​ខ្នាត​ធំ​រឿង​ "ប៉ុបពី​ទៅ​ហូលីវូដ​" ​នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​រោង​មហោស្រព​​ភាព​យន្ត​ប៊ូសាន​ ប្រទេស​កូរ៉េ​នៅ​ដើម​ខែ​តុលា​នេះ​ហើយ​។

លោក សុខ វិសាល ​​ចាង​ហ្វាង​ផលិតកម្ម ​802AD FILMS បាន​ប្រាប់​Sabay ថា​ ក្រោយ​ពី​រឿង​ "ប៉ុបពី​ទៅ​ហូលីវូដ​" ​ចាក់​បញ្ចាំង​​គ្រប់​រោង​ភាព​យន្ត​នៅ​​ប្រទេស​កម្ពុជា​​កាល​ពី​ឆ្នាំ​២០១៦​ កន្លង​ទៅ​ ​លោក​ ​ព្រម​ទាំង​ភ្នាក់​ងារ​ចែក​ចាយ​ទី​ផ្សារ​​ភាព​យន្ត​ទូ​ទាំង​ពិភព​លោក​​​មាន​ឈ្មោះ​ថា​ "Asian Shadows” បាន​យក​រឿង​​ "ប៉ុប​ពី​ទៅ​ហូលីវូដ​" ទៅ​ផ្សព្វ​ផ្សាយ​​​​នៅ​រោង​មហោស្រព​ភាព​យន្ត​​ធំ​ៗ​នៅ​ក្រៅ​ប្រទេស​។

​​​​ចាង​ហ្វាង​ផលិតកម្ម​​ខាង​លើ​​បន្ថែម​ថា​៖​"​មុន​នឹង​រឿង​ "ប៉ុប​ពី​ទៅ​ហូ​លីវូដ​" ត្រូវ​បាន​បាន​ជ្រើស​រើស​យក​ទៅ​ចាក់​បញ្ចាំង​នៅ​មហោស្រព​ភាព​យន្ត​នៅ​ប្រទេស​កូរ៉េ​ មុន​ដំបូង​ Asian Shadow ដែល​ជា​ភ្នាក់​ងារ​ចែក​ចាយ​ភាព​យន្ត​ទូ​ទាំង​ពិភព​លោក​បាន​​ផ្ញើ​រឿង​ "ប៉ុប​ពី​ទៅ​ហូលីវូត​" ទៅ​ឲ្យ​រោង​ភាព​យន្ត​នៅ​កូរ៉េ​ហ្នឹង​គាត់​មើល​ ក្រោយ​ពី​គាត់​បាន​មើល​ហើយ​ពេញ​ចិត្ត​ ក៏​បាន​សម្រេច​យក​រឿង​ហ្នឹង​ទៅ​ចាក់​បញ្ចាំង​តែ​ម្ដង​ទៅ​"។

"ប៉ុប​ពី​ទៅ​ហូលីវូដ​" ​នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​​មហោស្រព​ភាព​យន្ត​ ប៊ូសាន ប្រទេស​កូរ៉េ​ នៅ​ថ្ងៃ​ទី​ ១២ ដល់​ថ្ងៃ​ទី​១៩ ខែ​តុលា ​ឆ្នាំ​ ២០១៧ ដោយ​មាន​ការ​ចូល​រួម​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក​ ។​ ចំណុច​ពិសេស​ដែល​ធ្វើ​ឲ្យ​រឿង​ "ប៉ុប​ពី​ទៅ​ហូលីវូដ​" ​មាន​ឱកាស​បាន​បង្ហាញ​វត្ត​មាន​នៅ​លើ​ផ្ទាំង​ក្រណាត់​ស​ក្រៅ​ប្រទេស​ ដោយ​សារ​តែ​រឿង​មួយ​នេះ​បង្កប់​អត្ថន័យ​អប់រំ​ជា​ច្រើន​ ជាពិសេស​ចំពោះ​ភេទ​ទី​៣​តែ​ម្ដង​។ លោក សុខ វិសាល ថ្លែង​បញ្ជាក់​។

គួរ​រម្លឹក​ថា​ រឿង "ប៉ុបពី​ទៅ​ហូលីវូត​" ​គឺ​ជា​​ខ្សែភាពយន្ត​មួយ និយាយ​ពី​​មនុស្ស​ភេទ​ទី៣​មួយ​ក្រុម ​ត្រូវ​បាន​សង្គម​រើសអើង លាយឡំ​ដោយ​​ឈុត​ឆាក​កំប្លែង​ និង​មនោសញ្ចេតនា​ស្នេហា។ ​ចុង​បញ្ចប់​នៃ​សាច់​រឿង​នេះ ប្រកប​ដោយ​ពុទ្ធិ​នៃ​ការ​ជំរុញ​ឲ្យ​សង្គម​បាន​ទទួលស្គាល់ ​និង​រាប់​រក​ក្រុម​មនុស្សភេទទី៣ តាម​រយៈ​ការ​តស៊ូ​អត់​ធ្មត់​របស់​ពួក​គេ ។

រឿង “ប៉ុបពីទៅ​ហូលីវូដ” ផលិត​ឡើង ក្រោម​ការ​សហការ​គ្នា រវាង​​ក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និង​ក្រុម​ហ៊ុន Sabay Digital Corporation ។ ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ ​ប្រើ​ពេល​ផលិត​ជិត១ឆ្នាំ​មក​ហើយ ដោយ​ការ​ចំណាយ​ ទាំង​ការ​ធ្វើ​ទីផ្សារ​ផង​នោះ អស់​ខ្ទង់​ជិត១០ម៉ឺន​ដុល្លារ​អាមេរិក​៕​

​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន