មកស្គាល់វត្ត២កន្លែងនៅកម្ពុជា ព្រះសង្ឃខ្សត់ចង្ហាន់ ព្រះវិហារ កុដិ សាលាឆាន់ស្ទើររលំ
- 2017-09-18 03:28:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់វត្ត២កន្លែងនៅកម្ពុជា ព្រះសង្ឃខ្សត់ចង្ហាន់ ព្រះវិហារ កុដិ សាលាឆាន់ស្ទើររលំ
ចន្លោះមិនឃើញ
ក្នុងរដូវភ្ជុំបិណ្ឌនេះ ស្ទើរគ្រប់វត្តអារាមក្នុងប្រទេសកម្ពុជា សម្បូរទៅដោយចង្ហាន់ បង្អែមចង្អាប បបូរហូរហៀរ ដោយសារមានពុទ្ធបរិស័ទជាច្រើននាំគ្នាសម្រុកធ្វើបុណ្យទាន។ តែក្រឡេកមកមើលវត្តអារាម២ខាងក្រោមនេះវិញ ព្រះសង្ឃកំពុងខ្សត់ចង្ហាន់ខ្លាំង ដោយសារមិនសូវមានពុទ្ធបរិស័ទស្គាល់ និងមិនសូវមានអ្នកបានទៅដល់នោះឡើយ។ ដូច្នេះសូមពុទ្ធបរិស័ទទាំងអស់ ទៅស្គាល់វត្តកំពុងអត្តខាត់ខាងក្រោមនេះ៖
១.វត្តបុរេល្អាង១២
វត្តបុរេល្អាង១២ ស្ថិតនៅក្នុងភូមិរំលេច ឃុំក្រពើពីរ ស្រុកវាលវែង មានចម្ងាយជាង៨០គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ គឺជាវត្តដ៏អត្តខាត់វត្តមួយ ពេលខ្លះព្រះសង្ឃកំពុងគង់នៅស្ទើរដាច់ចង្ហាន់ម្ដងៗទៅហើយ។
បើតាមការឱ្យដឹងពីអ្នកស្រី សោម សុភាព ជាគ្រូបង្រៀនម្នាក់នៅក្នុងមូលដ្ឋានខាងលើប្រាប់ Sabay តាមទូរស័ព្ទថា ព្រះសង្ឃនៅវត្តនេះមានចំនួនបួនអង្គប៉ុណ្ណោះ ហើយវត្តនេះមិនមានកុដិ ឬវិហារធ្វើអំពីឥដ្ឋដូចវត្តដទៃនោះទេ ពោលគឺមានតែសាលាឆាន់ធ្វើអំពីឈើមួយ និងកំពុងទ្រុឌទ្រោមទៀតផង។ ចំណែកឯពុទ្ធបរិស័ទចំណុះជើងវត្តសុទ្ធតែប្រជាពលរដ្ឋមានជីវភាពខ្វះខាត។ ដូច្នេះហើយមិនមានលទ្ធភាពក្នុងការផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃឱ្យបានគ្រប់គ្រាន់នោះទេ។ ម្យ៉ាងវិញទៀត ដោយសារវត្តនេះ នៅដាច់ស្រយាលផង ទើបមិនមានពុទ្ធបរិស័ទឆ្ងាយទៅដល់ឡើយ។
បន្ថែមលើពីនេះទៀត បើតាមការលើកឡើងរបស់ លោក ផេង ផាណូ ជាអ្នកភ្នំពេញធ្លាប់បានទៅកាន់វត្តនោះកាលពីថ្មីៗនេះប្រាប់ ថាថ្ងៃដែលលោកទៅដល់វត្តនោះ ព្រះសង្ឃប្រាប់ថា វត្តគ្មានចង្ហាន់ទេ។ លោកបញ្ជាក់ថា យូរៗម្តងព្រះសង្ឃដាច់ចង្ហាន់តែម្តង ដោយហេតុថាពុទ្ធបរិស័ទសុទ្ធសឹងជាអ្នកក្រីក្រមិនអាចផ្គត់ផ្គង់ចង្ហាន់ទៀងទាត់ឡើយ បើទោះបីជាពេលនេះរដូវបុណ្យភ្ជុំក៏ដោយ។
ដូច្នេះក្នុងរដូវភ្ជុំនេះ ពុទ្ធបរិស័ទទាំងឡាយ គួរតែទៅធ្វើបុណ្យនៅទីនោះ មិនថាតែប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ឫខេត្តដទៃទៀត ដើម្បីទៅឃើញផ្ទាល់ថាព្រះសង្ឃកំពុងជួបផលវិបាកប៉ុណ្ណា។
២. វត្តព្រៃត្រឡាច
វត្តអារាមដែលខ្សត់ពុទ្ធបរិស័ទមួយនេះវិញ គឺស្ថិតនៅភូមិព្រៃត្រឡាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ វត្តនេះ មានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ ៥ ហើយផ្លូវចូលទៅដល់វត្តក្រាលក្រួសក្រហមប្រមាណជិត ៣ គីឡូម៉ែត្រទៀត ទើបទៅដល់។
បើតាមការឱ្យដឹងពីលោក រតនៈ ជាអ្នកខេត្តបាត់ដំបង បានទៅដល់វត្តនោះផ្ទាល់ប្រាប់ថា វត្តនេះពិតជាអត្តខាត់ខ្លាំង ពេលទៅដល់មានអារម្មណ៍គួរឱ្យស្រណោះជាទីបំផុត។ លោកបន្តទៀតថា សូម្បីក្នុងរដូវភ្ជុំទៅហើយ ក៏មិនសូវមានពុទ្ធបរិស័ទយកចង្ហាន់ប្រគេនព្រះសង្ឃដែរ ហើយបើក្រឡេកមើលព្រះវិហារ សាលាឆាន់ និងកុដិវិញ មានលក្ខណៈទ្រុឌទ្រោមខ្លាំង ដោយសារសង់ពីឈើមានសភាពចាស់ពុកផុយទៅហើយ។
លោក រតនៈ បានឱ្យដឹងទៀតថា វត្តព្រៃត្រឡាច នេះមានព្រះសង្ឃគង់នៅ ៤អង្គ និងលោកតា លោកយាយពីរបីនាក់ប៉ុណ្ណោះ។ ដូច្នេះហើយរូបលោកផ្ទាល់ ក៏ដូចជាព្រះសង្ឃទាំងអស់កំពុងគង់នៅវត្តនេះ សូមអំពាវនាវឱ្យពុទ្ធបរិស័ទទាំងទីជិតទីឆ្ងាយ សូមធ្វើដំណើរទៅវត្តខាងលើ ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ ក៏ដូចជាចូលបច្ច័យតាមសទ្ធាជ្រះថ្លា ក្នុងការកសាងវត្តអារាមកំពុងអត្តខាត់មួយនេះ៕