សាកល​វិទ្យា​ល័យ​មួយ​ដែល​សល់​ត្រឹម​អនុស្សាវរីយ៍

  • 2017-09-22 02:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​បី មាន​ចំងាយ​ជាង​៩០​គីឡូ​ម៉ែត្រ​ពី​ភ្នំពេញ អ្នក​ធ្វើ​ដំណើរ​ប្រ​ហែលជា​ធ្លាប់​ឃើញអគារចាស់ បាក់បែក និង​មានស្លាក​ឈ្មោះ​ធ្វើអំពើស៊ីម៉ងត៍​សរសេរថា «​សាកល​វិទ្យា​ល័យ​តាកែវ​កំពត» ដែល​មាន​ទី​តាំង​នៅជាប់​នឹង​ជើង​ភ្នំតែ​ម្តង​។ សាលកល​វិទ្យា​ល័យ​នេះ​មាន​ទី​តាំងនៅចន្លោះ​ព្រំ​ប្រ​ទល់​ខេត្ត​តាកែវ និង​កំពត រវាង​ស្រុក​ត្រាំ​កក់ និង​ស្រុក​ឈូក។ ការកសាង​សាលវិទ្យាល័យ​នេះ​ធ្វើឡើង​ក្នុង​រយៈពេល​ប្រហាក់​ប្រ​ហែល​គ្នា​ទៅ​នឹង​សាកល​វិទ្យាល័យ​ផ្សេងទៀត​។ ​កម្ពុជា​នាសម័យ​នោះ​ចាប់​ផ្តើម​ពង្រីក​សក្កានុពល​របស់ខ្លួន​លើ​ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា ដែល​កាលពេល​នោះគេ​ជឿថា​មាន​សិស្ស​ចន្លោះ​ពី​៥៣០០​នាក់ទៅ​ដល់១៤ ៥៦០​នាក់បាន​ចុះ​ឈ្មោះចូល​រៀន​នៅតាម​បណ្តា​សាកល​វិទ្យាល័យ​ទាំងនេះ។​

សាលក​វិទ្យាល័យ​មួយ​ចំនួន​​បាន​កសាង​មុនសាកល​វិទ្យា​ល័យ​មួយ​នេះដូច​ជា​ពុទ្ធិ​កសាកល​វិទ្យា​ល័យ​ សាកលវិទ្យាល័យ​ភូមិន្ទ​កំពង់​ចាម សាកល​វិទ្យា​ល័យ​បាត់​ដំបង សាកវិទ្យា​ល័យ​ភូមិន្ទវិចិត្រសិល្បៈ​ កើត​ឡើង​នៅ​ឆ្នាំ​១៩៦៥​ដូចគ្នា និងមាន​សាកល​វិទ្យា​ល័យ​មួយ​ចំនួន​ទៀត​បាន​កើត​មុននេះក៏មាន។ ដោយឡែក​ សាកល​វិទ្យា​ល័យ​តាកែវ​-កំពត អាច​ថាជា​សាកល​វិទ្យា​ល័យ​កូន​ពៅគេ​ក៏ថា​បានដោយ​វាបាន​​កើត​ឡើង​នៅ​ឆ្នាំ​១៩៦៧ និង​បី​ឆ្នាំ​ក្រោយ​មក​ប្រ​ទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លើង​សង្គ្រាមក្រោយ​ពី​មាន​រដ្ឋប្រ​ហារ​ទម្លាក់​សម្តេច​ព្រះ​នរោត្តម សីហនុ ១៨ មីនា ១៩៧០។​ ​សាលក​វិទ្យា​ល័យ​មួយ​ចំនួន​ហាក់​បាន​លេច​​ឈ្មោះ​ឡើង​វិញ​នៅ​សម័យ​បច្ចុប្បន្ននេះ តែ​សាកល​វិទ្យាល័យ​តាកែវ-កំពត មិន​ដូច​នោះទេ ហើយនៅលើ​ទីតាំង​អតីត​សាកលវិទ្យា​ល័យ​មួយ​នេះ​មាន​នៅសល់​តែ​សំណង់​អគារ​បាក់​បែក​មួយ​ចំនួន​ប៉ុណ្ណោះ។ អ្នក​ស្រុក​នៅ​ទី​នោះ​ម្នាក់ គឺ​លោក អ៊ំ ផង វ័យ​៧៥ឆ្នាំ​ ឲ្យ​Sabay ដឹងថា​សាកល​វិទ្យា​ល័យ​មួយ​នេះ​មាន​និស្សិត​ជា​ច្រើន​បាន​មក​រៀន​ ហើយ​ថា​មាន ទាំងសិស្ស​ជាតិ​ឡាវ និង​វៀតណាម​ផង​ដែរ។ លោក​បន្ត​ថា សាកល​វិទ្យាល័យ​មួយ​នេះ​មានអគារជាច្រើន​សម្រាប់​សិស្ស​ស្នាក់​នៅនឹង​សិក្សា។

លោក​បន្ថែមថាៈ « អគារ​​ច្រើន​ណាស់ មាន​ខាង​មុខ​ភ្នំ​ផង​ទៅ​ខាង​ជើង ​និង​ខាង​លិច​ឆ្ងាយ​ទៀត ​ស្រប​តាម​បណ្តោយ​ផ្លូវជាតិ តែ​អគារ​ទាំង​នោះ មិន​ខ្ពស់​ទេ មាន​តែ​មួយ​ជាន់​ៗ​ទេ...និស្សិត​ទាំង​នោះ ​ស្នាក់​នៅ​ក្នុង​សាលា​នេះ​ផ្ទាល់​តែ​ម្តង ​ហើយ​នៅ​ខាង​លិច​ហ្នឹង​មាន​ពេទ្យ​មួយ ​គេហៅ ​ពេទ្យ​ចិន​»។​ ទោះយ៉ាងណាលោកថា សាកល​វិទ្យាល័យ​មួយ​នេះ​បាន​ឈប់​ដំណើរ​ការ​វិញ​ក្រោយ​មាន​រដ្ឋ​ប្រ​ហារ​ទម្លាក់​សម្តេច​ព្រះ​នរោត្តម សីហនុ។

អ្នក​ស្រុក​ម្នាក់​ទៀតគឺ​លោក សោម សិត មាន​វ័យ​៩១​ឆ្នាំ​រំឭក​ថា​ពេល​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​សាកល​វិទ្យា​ល័យ​នេះ​លោក​បាន​មក​ចូល​រួម​ទទួល​សម្តេច​ព្រះ​នរោត្តម​សីហនុ​ផង​ដែរ។ លោក​ឲ្យ​ដឹង​បន្តថាៈ «សម្តេច​តា​ទ្រង់​យាង​មក​សម្ពោធ​សាកល​វិទ្យា​ល័យ​ហ្នឹង...សាកល​វិទ្យា​ល័យ​ហ្នឹង​ស្អាត​ណាស់​ មាន​អគារ​ច្រើន ហើយ​សិស្ស​ក៏ច្រើន​ដែរ...ធ្លាប់​ឃើញ​មាន​គ្រូជនជាតិ​បារាំង​មក​បង្រៀន​នៅ​ទី​នេះ ហើយ​សិស្ស​គេ​ឲ្យហូប​បាយ​នៅទី​ហ្នឹង ព្រឹក​ឡើង​ឃើញ(មាន)​ឡានទៅ​ទិញ​ត្រីសាច់ បន្លែ»។

លោក សោម សិត រៀប​រាប់ទៀតថាៈ «សាកល​វិទ្យាល័យពី​ដើម​ល្អណាស់ ស្អាតណាស់ ស្តាយ​ដែល​ស្រុក​មាន​សង្គ្រាម​គេ​វាយ​កំទេច​ចោល​អស់»។

អត្ថបទដោយ៖ គឹមសាយ