មេឧបករណ៍ភ្លេងបុរាណចំណាយពេលធ្វើយូរ ឯតម្លៃថ្លៃគួរសម
- 2017-09-26 23:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេឧបករណ៍ភ្លេងបុរាណចំណាយពេលធ្វើយូរ ឯតម្លៃថ្លៃគួរសម
ចន្លោះមិនឃើញ
ឧបករណ៍រនាត គឺជាឧបករណ៍មួយដែលតន្ត្រីករខ្មែរតាំងពីបុរាណ បានឱ្យឈ្មោះថាជា មេឧបករណ៍ភ្លេង ក្នុងវង់ភ្លេងបុរាណខ្មែរមួយចំនួន តាំងពីឧបករណ៍នេះកកើតឡើងម្ល៉េះ។
សាស្ត្រាចារ្យសាលាភូមិន្ទវិចិត្រសិល្បៈ និងជាជាងធ្វើឧបករណ៍ភ្លេងខ្មែរបុរាណលោក កែវ សុនន្ទកវី បានប្រាប់ Sabay ថា ឧបករណ៍រនាតធ្វើឡើងពីឈើខ្លឹមច្រើនប្រភេទ។ ស្នូករនាតគេធ្វើពីឈើគ្រញូង បេង នាងនួន ធ្នង់ ខ្នុរ និងមានច្រើនទៀត។ ផ្លែរនាត ធ្វើពីឈើនាងនួន គ្រញូង ឫស្សីឯម (ឫស្សីស្រុកចិន ឬ ឫស្សីទឹកប្រៃ)។
រនាតដែលមានតម្លៃថ្លៃជាងគេនោះគឺ ផ្លែរនាតធ្វើពីឈើខ្លឹម ហើយស្នូកឆ្លាក់ជាក្បាច់បញ្ចុះឆ្អឹង ហើយឆ្អឹងដែលអាចយកមកបញ្ចុះបានមានឆ្អឹង ដំរី និងឆ្អឹងគោ។
តម្លៃរនាតតាមប្រភេទឈើ និងក្បាច់៖
រនាតស្នូកលាត ផ្លែធ្វើពីឫស្សីលេខ១ មានតម្លៃ៣០០ដុល្លារ ក្នុងមួយគ្រឿង
រនាតស្នូកលាត ផ្លែធ្វើពីឈើនាងនួន ឬ គ្រញូង មានតម្លៃ ៥០០ ទៅ ៦០០ ដុល្លារ
រនាតស្នូកបញ្ចុះឆ្អឹង តម្លៃ១៥០០ដុល្លារ ក្នុងមួយគ្រឿង មិនទាន់គិតថ្លៃផ្លែ
រនាតស្នូកបញ្ចុះឆ្អឹង បូកទាំងផ្លែធ្វើពីឈើខ្លឹម មានតម្លៃ ២ ០០០ដុល្លារ។
តែឈើដែលចំណាយពេលយូរជាងគេ និងមានតម្លៃថ្លៃជាងគេគឺធ្វើពីឈើខ្លឹមខ្នុរ។ ចំណាយពេលដល់ទៅ១ឆ្នាំឯណោះ។ “មើលទៅថាថ្លៃតែបើគិតឱ្យមែនទែនទៅ អត់ចំណេញទេ ព្រោះយើងត្រូវចំណាយពេលយូរណាស់ ហើយត្រូវសម្រិតសម្រាំងមែនទែន”។ លោក កែវ សុនន្ទកវី បន្ថែម។
ចំណែកលោក យុន វណ្ណា ដែលជាគ្រូភ្លេង និងជាជាងធ្វើឧបករណ៍ភ្លេងផង បានឱ្យដឹងថា ប្រភេទឈើដែលយកមកធ្វើផ្លែរនាតទាំងអស់ត្រូវយកទៅត្រាំទឹក ហើយឈើដែលយកមកធ្វើផ្លែនេះដែរត្រូវតែមានអាយុកាលជាង១៥ឆ្នាំទើបអាចយកមកធ្វើបាន។ ទម្រាំធ្វើឧបករណ៍មួយនេះបានរួចរាល់ ត្រូវចំណាយពេលប្រមាណ ១ឆ្នាំកន្លះ។ លោកថា គេត្រូវយកផ្លែរនាតទៅត្រាំទឹករយៈពេល៦ខែ បន្ទាប់មកត្រូវយកទៅហាលផ្សែងរយៈពេល៦ខែទៀត ( ចាស់ពីដើមធ្វើធ្នើរមួយនៅលើចង្ក្រានដាំបាយ ហើយដាក់ឫស្សីហាលនៅលើធ្នើរនោះដើម្បីឱ្យត្រូវផ្សែង) ដល់កំណត់ទើបយកមកផ្គុំគ្នា។
“និយាយពីឈើគ្រប់ប្រភេទ ឱ្យតែត្រូវយកមកធ្វើផ្លែរនាត ត្រូវតែយកទៅត្រាំទឹក ចាស់ពីដើមគាត់ត្រាំទឹកហ្នឹងដោយសារតែការពារកុំឱ្យវាមានសត្វល្អិតផ្សេងៗមកស៊ី ដើម្បីឱ្យវាមាំល្អ ហើយឈើនេះទៀត កាន់តែចាស់កាន់តែល្អ”។
ឧបករណ៍រនាត គឺជាឧបករណ៍មួយ ជាមេនាំមុខក្នុង វង់ភ្លេងពិណពាទ្យ មហោរី និងវង់ភ្លេងខ្មែរ។ ក្រៅពីនេះឧបករណ៍មួយនេះ អាចលេងបានក្នុងវង់ភ្លេងបុរាណខ្មែរគ្រប់វង់ភ្លេងទាំងអស់ ហើយក៏អាចលេងក្នុងវង់ភ្លេងបស្ចិមប្រទេសបានផងដែរ។
ឧបករណ៍រនាតកកើតឡើងតាំងពីក្នុងអំឡុងសតវត្សទី ១២ ឬ ១៣ មកម្ល៉េះ ពោលគឺប្រហាក់ប្រហែលតាំងពីឧបករណ៍ពិណបានបាត់ពីវង់ភ្លេងពិណពាទ្យ៕