វីតវីត ទូរទស្សន៍មួយទិញសិទ្ធិ៣ឆ្នាំ
- 2017-10-02 23:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីតវីត ទូរទស្សន៍មួយទិញសិទ្ធិ៣ឆ្នាំ
ចន្លោះមិនឃើញ
បន្ទាប់ដើរចេញពីទូរទស្សន៍អប្សរាជិត១ឆ្នាំមកក្រោយពីបម្រើការងារនៅទីនោះអស់ជាង៣ឆ្នាំ ពេលនេះពិធីការិនីកញ្ញា វីតវីត ត្រូវបានទូរទស្សន៍ថ្មីចុះកុងត្រាទិញសិទ្ធិផ្ដាច់មុខហើយ ដោយកុងត្រានោះនាងចុះរហូតដល់ទៅ៣ឆ្នាំ ចងជើងនាងមិនអាចទៅធ្វើការងារឲ្យទូរទស្សន៍ផ្សេងបានឡើយ។
ទូរទស្សន៍ដែល វីតវីត ចូលទៅធ្វើនៅគឺជាទូរទស្សន៍ Nice TV ដែលជាទូរទស្សន៍ទើបតែបង្កើតថ្មីក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន NICE Culture Investment Group របស់សាធារណៈរដ្ឋប្រជាមានិតចិន។
វីតវីតៗ ថ្លែងឲ្យដឹងថា នាងទើបតែចុះកុងត្រាថ្មីៗនេះ ដោយក្នុងនោះខ្លួនមាននាទីរហូតដល់ទី២ គឺជា MC ផង និង ផ្នែកលក់ពាណិជ្ជកម្មផង។ "លូវហ្នឹងកម្មវិធីសិល្បៈមិនទាន់មានទេបង គាត់ថា គ្រោងធ្វើការប្រឡងចម្រៀងចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ តែពេលនេះខ្ញុំធ្វើជាមួយទីផ្សារសិន យើងចុះទៅជួបភ្ញៀវរហូតហ្នឹង"។ អតីតពិធីការិនី «ផ្ការីកក្នុងសួន» លើកឡើង។
វីតវីត មិនទាន់ដឹងថា ខាង NiceTV គ្រោងឲ្យនាងកាន់កម្មវិធីប៉ុន្មានឡើយ គ្រាន់តែដឹងថា មានយ៉ាងតិច១ ហើយការងារចម្បងរបស់នាង គឺ MC ច្រើនជាងផ្នែកលក់។
ទោះបីជាបានចេញទូរទស្សន៍អប្សរាច្រើនខែហើយក្ដី ហើយនៅកន្លែងថ្មី មិនទាន់មានកម្មវិធីឲ្យកាន់ទៀត វីតវីត មិនបានបារម្ភពីប្រជាប្រិយភាពឡើយ។ នាងថ្លែងថា មិនយូរឡើយកន្លែងថ្មីរបស់នាង ច្បាស់ជាមានកម្មវិធីឲ្យនាងកាន់ជាក់ជាមិនខាន។
តាមការលើកឡើងរបស់ពិធីការិនីរូបនេះ កន្លែងថ្មីរបស់នាងបានហាមតែទៅធ្វើការឲ្យទូរទស្សន៍ផ្សេងប៉ុណ្ណោះ ចំពោះកម្មវិធីទៅធ្វើ MC ដូចជាសម្ពោធហាង ផលិតផល ថតស្ប៉ត ថតភាពយន្ត ឬ កម្មវិធីសិល្បៈផ្សេងៗទៀតដែលនាងធ្លាប់ធ្វើកន្លងមក ខ្លួននៅតែអាចធ្វើក្រៅម៉ោងបាន មិនបញ្ហាឡើយ៕