តន្ត្រី"បង្សុកូល"កម្ពុជា​ មាន​តម្លៃ​ជា​សកល​​ សម្ដែង​ក្នុង​មហោស្រព​លំដាប់​ពិភព​លោក

  • 2017-10-03 08:47:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តន្ត្រី "បង្សុកូល” ដែល​ជា​ស្នាដៃ​និពន្ធ​របស់​ផលិត​ករ​កម្ពុជា​ដ៏​ល្បី នឹង​ត្រូវ​យក​ទៅ​សម្ដែង​នៅ​បណ្ដា​ប្រទេស​ប៉ែក​អឺរ៉ុប និង​អាស៊ី មួយ​ចំនួន ពិសេស​ជាង​នេះ​ទៅ​ទៀត ​នេះ​ជា​តន្ត្រី​តែ​មួយ​គត់​ពី​កម្ពុជា ដែល​មាន​កិត្តិយស​ទៅ​សម្ដែង​ក្នុង​មហោស្រព​ដ៏​ល្បី​លំដាប់​ពិភព​លោក​ដ៏​កម្រ​នៅ​ច្រើន​ប្រទេស។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមត និង​ជា​ប្រធាន​ផលិតករ​គម្រោង​តន្ត្រី "បង្សុកូល" លោក ព្រីម ភ្លឿន បាន​ប្រាប់ Sabay ថា ការ​បង្កើត​ស្នាដៃ "បង្សុកូល” នេះ​ឡើង ក្នុង​គោល​បំណង​រំឭក​ដល់​ប្រជា​ជន​កម្ពុជា​ដែល​បាន​ស្លាប់​ទៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម។ ម្យ៉ាង​ទៀត​ជា​ការ​ផ្សះផ្សា​រផ្នែក​អារម្មណ៍​ចំពោះ​អ្នក​ដែល​បាន​បាត់​បង់​សាច់​ញាតិ​ក្នុង​សម័យ​នោះ។

លោក​បញ្ជាក់​ថា កម្មវិធីនេះ​រៀប​ចំ​ឡើង​ដោយ​ស្ថានទូត​អូស្ត្រាលី ការ​​សម្ដែង​ថ្ងៃ​នេះ​ធ្វើ​ឡើង​ទុក​ជា​ការ​បង្ហាញ​ទស្សនីយភាព​ខ្លី​មួយ​ មុន​ពេល​យក​ទៅ​សម្ដែង​នៅ​បណ្ដា​ប្រទេស​ធំ​ៗ​លើ​ពិភព​លោក។ តន្ត្រី​នេះនឹង​យក​ទៅ​សម្ដែង​នៅ​ក្នុង​មហោស្រព​លំដាប់​ពិភព​លោក​ជា​ច្រើន​ប្រទេស​ ដូច​ជា​នៅអូស្ត្រាលី​សម្ដែង​នៅ​ថ្ងៃ​ទី ១៣ និង ១៤ ខែ​តុលា​នេះ។ ចំណែក​នៅ អាមេរិក បារាំង ចិន ហុងកុង និង​នៅ​បណ្ដា​ប្រទេស ប៉ែក​អឺរ៉ុប និង​អាស៊ី​ជា​ច្រើន​ប្រទេស​ទៀត នឹង​មាន​ការ​សម្ដែង​នា​ពេល​ខាង​មុខ​បន្ត​បន្ទាប់​គ្នា។

លោក ព្រីម ភ្លឿន ប្រធាន​ផលិតករ​គម្រោង​តន្ត្រី "បង្សុកូល"

“សម្រាប់​ប្រជា​ជន​កម្ពុជា​ នេះ​ជា​ស្នាដៃ​ថ្មី ចំណែក​អត្ថន័យ​វិញ វា​ជា​ការ​ផ្សះផ្សា​រចំពោះ​អ្នក​ដែល​បាន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម ហើយ​ក្មេង​ៗ​វិញ​គាត់​អាច​រៀន​សូត្រ​ពី​នេះ ដើម្បី​បង្កើត​ស្នាដៃ​ថ្មី និង​ទុក​ជា​ការ​អប់រំ​ផង​ដែរ”។

អ្នក​និពន្ធ​បទ​ភ្លេង និង​ជា​អ្នក​ផ្ដួច​ផ្ដើម​ឱ្យ​មាន​ស្នាដៃ​នេះ សាស្ត្រាចារ្យ​បណ្ឌិត ហ៊ឹម សុភី បាន​មាន​ប្រសាសន៍​ថា តន្ត្រី "បង្សុកូល"នេះ ជា​ស្នាដៃ​ធំ​ ខ្នាត​អន្តរជាតិ​ទី​ពីរ បន្ទាប់​ពី​ស្នាដៃ "ទី​ដំរី​យំ” ដែល​លោក​បាន​ធ្វើ​នៅ​ឆ្នាំ​២០០៨។ ស្នាដៃ​នេះ​ទម្រាំ​បាន​ចេញ​ជា​រូប​រាង​ ត្រូវ​ចំណាយ​ពេល​ស្រាវ​ជ្រាវ​ និង​គិត​រហូត​ដល់​ទៅ​ជិត១០​ឆ្នាំ ពោល​គឺ​បន្ទាប់​ពី​ស្នាដៃ "ទី​ដំរី​យំ” បាន​បញ្ចប់​ លោក​ក៏​ចាប់​ផ្ដើម​គិត​ពី​ការ​បង្កើត​ស្នាដៃ​នេះ​តែ​ម្ដង។ លោក​បញ្ជាក់ ថា លោក ប៉ាន់ រិទ្ធី ដែល​ជា​ផលិតករ​ដ៏​ល្បី​ក្នុង​ប្រទេស​កម្ពុជា ក៏​ជា​ផលិតករ​ក្នុង​ស្នាដៃ​លំដាប់​ពិភព​លោក​នេះ។

សាស្ត្រាចារ្យ​បណ្ឌិត ហ៊ឹម សុភី អ្នក​និពន្ធ​បទ​ភ្លេង និង​ជា​អ្នក​ផ្ដួច​ផ្ដើម​ឱ្យ​មាន​ស្នាដៃ​នេះ

“ស្នាដៃ​នេះ​មិន​មែន​ធ្វើ​ឡើង​សម្រាប់​តែ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ពិភព​លោក​ទាំង​មូល វា​និយាយ​អំពីសោកនាដកម្ម​នៃ​សង្គ្រាម អ៊ីចឹង​បាន​ជា​ថ្ងៃ​នេះ មាន​ខាង​ស្ថានទូតជា​ច្រើន​ប្រទេស​មក​ចូល​រួម ហើយ​គេ​យល់​ពី​តម្លៃ​របស់​វា។ ប្រទេស​ជឿនលឿន​គេ​ជឿជាក់​ថា តន្ត្រី​គឺ​ជា​ឱសថ​ទិព្វ ជា​ការ​ផ្សះផ្សារ វា​មាន​ឥទ្ធិពល​ខ្លាំង​អាច​កែប្រែ​សង្គម ប្រទេស​ជា​ច្រើន​គេ​ចង់​ឱ្យ​តន្ត្រី​នេះ​ទៅ​សម្ដែង​នៅ​ប្រទេស​គេ ហើយ​យើង​ចង់​ទៅ​សម្ដែង​ច្រើន​ប្រទេស​តាម​តែ​អាច​ធ្វើ​ទៅ​បាន”។

លោក ប៉ាន់ រិទ្ធី ផលិតករ​តន្ត្រី "បង្សុកូល”

តន្ត្រី "បង្សុកូល" មាន​តន្ត្រីករ​ជិត៤០នាក់​ចូល​រួម​សម្ដែង មាន​ឧបករណ៍​ភ្លេង​​បុរាណ​ខ្មែរ និង​ឧបករណ៍​​ភ្លេង​បស្ចិមប្រទេស​សម្ដែង​រួម​គ្នា និង​មាន​អ្នក​ស្មូត​ផង​ដែរ។ បើ​តាម​ការ​បញ្ជាក់​ពី​សាស្ត្រាចារ្យ​បណ្ឌិត ហ៊ឹម សុភី ស្នាដៃ​នេះ​ប្រៀប​បាន​នឹង​ការ​អាន​ប្រលោមលោក​អ៊ីចឹង​ដែរ។

ភ្ញៀវ​ចូល​រួម​ក្នុង​កម្មវិធី​បើកតន្រ្តី "បង្សុកូល” នៅ​ស្ថានទូត​អូស្ត្រាលី​យប់មិញ​នេះ មាន​តាំង​ពី​ខ្សែ​រាជវង្ស ថ្នាក់​ដឹក​នាំ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ និង​មាន​ឯកអគ្គរដ្ឋទូត​ពី​បណ្តា​​ប្រទេស​ជឿនលឿន និង​ប្រទេស​មហាអំណាច​ជា​ច្រើន។ ស្នាដៃ​នេះ​នឹង​សម្ដែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ២០១៩ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ​ទី៤០​ឆ្នាំ នៃ​ការ​រំដោះ​កម្ពុជា​ចេញ​ពី​​របប​​ប្រល័យ​ពូជ​សាស្ត្រ​ខ្មែរ​ក្រហម។

ក្នុង​ស្នាដៃ "បង្សុកូល” ទាំង​មូល មាន​៩ផ្នែក ឬ​៩ចំណង​ជើង​ផ្សេង​ៗ​គ្នា៖ ១ ព្រលឹង​វិលវល់ / កណ្ដោច​កណ្ដែង ២ អញ្ជើញ​ត្រាប់​ត្រង / កកើត​សង្គ្រាម ៣ ឱ​ពៅ​អើយ​រ៉ា / គេ​យក​កូន​ទៅ ៤ ទុក​មិន​ចំណេញ / ដក​ចេញ​មិន​ខាត ៥ គេ​យក​ទៅ​ចោល​ក្នុង​ព្រៃ​ជ្រៅ ៦ រង​ចាំ​ទឹក​ទិព្វ / ដល់​ព្រលឹង​គ្រប់ ៧ សំពត់​បង្សុកូល​សត្រសុស / បក​ស្បែក​នោះ​ហើយ​ទើប​បាន​សុខ ៨ រូបំ ទុក្ខំ / សូន្យ​បាត់​ទៅ​ហោង ៩ ព្រលឹង​វិល​វល់ / រស់​រវើក​ឡើង​វិញ។

អត្ថបទ៖ ប៉ូ សាគុន

អត្ថបទថ្មី