នំ​ស្លឹក​ចាក​ខេត្ត​កំពត​ ល្បី​ថា​ឆ្ញាញ់លក់​ដាច់​ស្ទើរវេច​មិន​ទាន់

  • 2017-10-09 03:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទៅ​លេង​ខេត្ត​កំពត​ប្រ​ហែលជា​ធ្លាប់​ឃើញ ឬ​ក៏​ធ្លាប់​បាន​ទិញ​នំ​ស្លឹក​ចាក​ទទួល​ទាន​ផង​ដែរ។ នំ នេះ​​ធ្វើ​ឡើងពី​អង្ករដំណើបដែល​ត្រាំហើយ​កិន​ជា​ម្សៅ​រួច​លាយ​ជាមួយ​ស្ករត្នោត ល្ងរ និង​ដូង ហើយ​វេច​ខ្ចប់​ដោយ​ស្លឹក​ចាកមុន​នឹង​យក​ទៅ​អាំង។​ អ្នក​ដែល​ធ្លាប់​បរិភោគ​នំ​ប្រ​ភេទ​នេះ​សរសើរ​ថា​ឆ្ញាញ់ និង​មាន​ក្លិន​ឈ្ញុយ។

(នំ​ស្លឹក​ចាក​ដែលអាំងឆ្អិន)

អ្នកស្រី ចាន់ ហួន ដែល​កំពុង​រស់នៅ​ក្នុង​ក្រុង​កំពតចំងាយ​ប្រហែល៣០០​ម៉ែត្រ​ពី​ស្ពាឥន្ធនូ និង​​បាន​ប្រ​កប​របរនេះ​ជិត​២០​ឆ្នាំ​​មក​ហើយ​នោះ​ប្រាប់​ Sabay ថា​ស្លឹក​ចាក​ជា​ផ្នែក​មួយជួយ​ធ្វើ​ឲ្យ​នំនេះមាន​ក្លិន​ឈ្ងុយ។ អ្នកស្រី​បន្តថា​អ្នកស្រី​អាច​លក់​នំ​ស្លឹក​ចាកនេះ​បាន​ច្រើន​គួរ​សម​ក្នុងមួយ​ថ្ងៃដោយ​ ថា​អ្នកស្រី​ផលិត​នំ​នេះ​ដោយ​ប្រើអង្ករ​ដំណើប​ចន្លោះពីប្រាំទៅ​ប្រាំពីរ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ។

(ស្លឹកចាកត្រៀមសម្រាប់​វេច​នំ​ ដែល​សំបូរ​ដុះ​នៅ​តំបន់​ទឹក​ឈូ)

អ្នកស្រីបញ្ជាក់ៈ « ពី​មុន​ធ្វើ​អង្ករ​តែពីរ​គីឡូ​លក់​មិន​ចង់​អស់​ផង​ តែ​បួន​ប្រាំ​ឆ្នាំ​នេះ​លក់​បាន​ច្រើន​ជាង​មុន​ធ្វើ​អង្ករ​ដល់​ប្រាំ​គីឡូ​ជួនប្រាំពីរ​គីឡូ​តាម​គេ​បញ្ជាទិញច្រើន​តិច​...ជួន​កាល​អ្នក​មក​ពី​ក្រៅ​ប្រទេស​ គាត់​មក​លេង ​គាត់​ចង់​ញ៉ាំ​នំ​យើង​ មក​ដល់​អត់​មាន​នំ​ឲ្យ​ទេ ​ទាល់​តែ​ប្រាប់​មុន ​សូម្បី​តែ​អ្នក​ដែល​នៅ​ក្បែរ​ផ្ទះ​ ក៏​គាត់​ប្រាប់​មុន​ដែរ​»។ ដែម្ខាង​កំពុង​កាន់​ស្លឹក​ចាក និង​ដៃ​ម្ខាង​ទៀត​កំពុងលូក​ចាប់​ម្សៅ​ អ្នកស្រី​បន្តថា​ ក្រោយ​ទូទាត់​ថ្លៃ​ដើម​អ្នកស្រី​អាច​ចំណេញ​បាន​​ប្រហែលជា​១០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។​

(អ្នកស្រី​ ចាន់ ហួន កំពុង​អង្គុយ​វេច​នំស្លឹក​ចាក)

យូរៗម្តង​យកដៃ​ជូន​ថ្ងាង អ្នកស្រី​បន្តថា​ថ្វីត្បិត​មាន​ការ​ចំណេញ​បែបនេះក្តីតែ​អ្នកស្រី​ថា​ក្រុមគ្រួសារ​អ្នកស្រី​ត្រូវ​ក្រោក​ពី​ដំណេក​ប្រ​ហែលជា​ម៉ោង​បី​ទាប​ភ្លឺ​ដោយ​ថា​ដើម្បី​រៀប​ចំ​ម្សៅ និង​ស្លឹក​ជាដើម និង​ម្យ៉ាង​ដើម្បីធ្វើ​ឲ្យ​​ទាន់​ការ​បញ្ជាទិញ។ អ្នកស្រី​ឲ្យ​ដឹង​ថា​កូនស្រី​ត្រូវអង្គុយ​អាំងនំនេះ​តាំងពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​និង​​ពី​ពេល​រសៀល​ដល់​ល្ងាច​ទៀត​បើ​មាន​ការ​បញ្ជា​ទិញ​ច្រើន​។

(កូន​អ្នកស្រី ចាន់ ហួន កំពុ​ង​អង្គុយ​អាំង​នំ​ស្លឹក​ចាក)

បើ​តាម​អ្នកស្រី ចាន់ ហួន នំ​មួយ​អ្នកស្រី​លក់​ក្នុង​តម្លៃ​ប្រាំពីររយ​រៀល​ដែល​មាន​ទំហំ​ប្រ​ហែល​បី​ធ្នាប់​ដៃ។ នំទាំងនេះ​អ្នកស្រី​ថា​មានគេ​​បញ្ជាទិញពី​តាមបណ្តតា​ខេត្ត និង​ក្នុង​ខេត្ត​ ដោយ​អ្នកស្រី​មិន​បាន​យក​ទៅ​លក់​ឯ​ផ្សារ​ដោយ​ខ្លួន​ឯង​នោះទេ។ ​សម្រាប់​អ្នក​បញ្ជា​ទិញ​តាម​បណ្តា​ខេត្ត​អ្នកស្រី​អាច​ផ្ញើ​តាម​រថ​យន្ត​ទៅ​ឲ្យ​បាន​បើ​អ្នក​ទាំង​នោះ​មិន​អាច​មក​យក​ដោយ​ខ្លួន​ឯង​បាន​។

អ្នក​ស្រី​ឲ្យ​ដឹងថា​អ្នកស្រី​ចេះ​ពីរ​បៀប​ធ្វើ​នំនេះពី​ម្តាយ​របស់អ្នកស្រី និង​ថា​ពេលនេះ​កូនស្រី​ម្នាក់​របស់​អ្នកស្រីបាន​បន្តវេនពី​អ្នកស្រី៕​ ​​

អត្ថបទដោយ៖​ គីមសាយ