«អន្ទាក់ស្នេហ៍រាជនី»ចេញផ្សាយហើយ ឯតួស្រីវិញឡូយកប់!
- 2017-10-12 01:53:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«អន្ទាក់ស្នេហ៍រាជនី»ចេញផ្សាយហើយ ឯតួស្រីវិញឡូយកប់!
ចន្លោះមិនឃើញ
រឿង«អន្ទាក់ស្នេហ៍រាជនី»របស់អ្នកនិពន្ធរនាត ចេញផ្សាយព្រឹកមិញនេះហើយ ចំណែកចរិតលក្ខណៈរបស់តួស្រីរាជនីក្នុងរឿងនេះវិញ គឺធានាថាឡូយ ដោយសារតែនាងជានារីជោគជ័យលើអាជីវកម្ម ទាំងស្រស់ស្អាត ហើយនៅលីវទៀត។
ចង់ដឹងថាសាច់រឿងស្នេហារបស់កញ្ញារាជនីបន្តទៅយ៉ាងណាខ្លះ តោះ! ចូលអានទាំងអស់គ្នា! តែងតែធ្លាប់ឮគេនិយាយថាមនុស្សស្រី បើក្លាយជាមនុស្សជោគជ័យគឺពិបាករកប្ដីណាស់ ព្រោះអ្នកក្រមិនហ៊ានអ្នកមានមិនចូល។ នេះគ្រាន់តែមតិភាគច្រើនប៉ុណ្ណោះ មិនដឹងថាការពិតបែបនេះដែរឬក៏អត់ទេ។ ដូច្នេះគួរតែទៅសួរស្ត្រីម្នាក់ ដែលកំពុងតែរីករាយនូវភាពជោគជ័យរបស់ខ្លួនឯង មិនខ្វល់អ្វីទាំងអស់ ហើយពេលនេះកំពុងតែអង្គុយនៅពីមុខLaptop របស់ខ្លួន។ នៅហាងកាហ្វេដែលល្បីមួយប្រចាំទីក្រុងភ្នំពេញ ស្ត្រីវ័យកណ្ដាលម្នាក់កំពុងតែអង្គុយសម្លក់Laptopរបស់ខ្លួនមិនព្រិចភ្នែក។
«រាជនី! ធ្វើស្អីហ្អា? មួយថ្ងៃៗអង្គុយសម្លក់តែអាមុខLaptopហ្នឹង! មិនចេះធុញខ្លះទេហ្អី?»
រាជនីជាឈ្មោះរបស់ស្ត្រីវ័យ៣២នេះឯង ដែលមានទឹកមុខម៉ឺងម៉ាត់ជានិច្ច តែសម្រស់វិញមិនបាច់និយាយទេ ខ្ចីជាងក្មេង១៨ឆ្នាំទៀត។
«ហើយវាថីឯង? យើងការងារច្រើនណាស់ កុំរំខាន!»
រាជនីស្ដីឱ្យនីតាដែលជាមិត្តសម្លាញ់ តែក្បាលខូច ចូលចិត្តរំខាននាងគ្រប់ពេល មានកូនមួយហើយតែធ្វើចរិតដូចក្មេងមិនដូរទេ។
«វាទើសឯងពេក! បើនៅតែចឹង កាលណារកប្ដីបានទៅ អាយុជិត៤០ ស្អែកខានស្អែកហើយហ្នឹង?»
រាជនីសើចហួសចិត្តតប៖
«ហើយឯងមកខ្វល់អីនឹងយើងដែរទៅ? នៅផ្ទះមានម៉ាក់យើងមួយហើយ សង្ឃឹមថាចេញក្រៅបានក្ដីសុខ! ឥឡូវបែរជាមានឯងម្នាក់ទៀត ហើយ៤០ស្អែកខានស្អែកស្អីទើប... ៣២ហ្នឹង!»
រាជនីពេលនិយាយដល់អាយុ ដូចជាមិនសូវជឿជាក់ខ្លះដែរ។
«ទើប៣២ហ្នឹង? ចេះនិយាយទៅរួច! បើនៅស្រុកស្រែវិញ អាយុប៉ុណ្ណេះគេមានចៅហើយទេដឹង?»
រាជនីស្ងាត់មាត់ ទោះនិយាយក៏មិនឈ្នះ កំពូលមិត្តម្នាក់នេះដែរ។
«នែ! សួរតាមត្រង់ណា ឯងស្រឡាញ់ស្រីដែរឬក៏អត់ទេ? មិត្តភក្តិគេមានប្ដីអស់ហើយ នៅតែឯងហ្នឹង! ឯងជាមិត្តសម្លាញ់បានយើងបារម្ភ!»
រាជនីលើកកាហ្វេក្រេបបន្តិច ដោយហួសចិត្ត។ សុខៗគិតមិត្តខ្លួនឯងជាស្បៀន។
«រវល់តែខ្វល់ពីយើង ចុះប្ដីនិងកូនឯងទៅណាហើយ?»
ស្រីស្រស់បង្វែរសំណួរ ព្រោះធុញនឹងសំណួរដែលមួយអាទិត្យសួរ៧ថ្ងៃនេះណាស់។
«កូនយើងយកទៅផ្ញើម៉ាក់មើលមួយថ្ងៃ! ព្រោះធុញឈ្លោះគ្នាជាមួយប្ដី!»
នីតាតបដោយងាកមុខចេញ និយាយដល់ត្រង់នេះ ក៏នឹកមួម៉ៅនឹងប្ដីនាងភ្លាម។
«ប្រហែលនេះជាមូលហេតុដែលយើងមិនយកប្ដីទេដឹង...»
រាជនីរអ៊ូព្រមទាំងងាកមុខទៅការងារនាងវិញ។
រាជនីគឺជាមនុស្សស្រីម្នាក់ អាចនិយាយបានថាជាស្ត្រីវ័យក្មេង ដែលទទួលបានភាពជោគជ័យក្នុងមុខជំនួញ។
បច្ចុប្បន្ន នាងជានាយកប្រតិបត្តិមួយរូបក្នុងក្រុមហ៊ុននាំចូលផលិតផលថែរក្សាសម្ផស្សធំមួយក្នុងប្រទេស។
ថ្វីត្បិតតែអាចនិយាយបានថានាងវ័យក្មេងក្នុងមុខជំនួញ តែនៅក្នុងភ្នែកម៉ាក់របស់នាង នាងជាយាយចាស់ ក្រមុំសៅកែម្នាក់ ហើយក៏វាជាក្ដីបារម្ភចំពោះមនុស្សជុំវិញខ្លួននាងដែរ ជាពិសេសម៉ាក់នាងហ្នឹងហើយ ព្រោះគាត់គិតថាកូនស្រីគាត់កាន់តែចាស់។ កូនមិត្តគាត់គេមានប្ដី មានចៅពរអស់ហើយ នៅឡើយតែគាត់ម្នាក់ ចង់ពរចៅស្ទើរស្លាប់ទៅហើយ។ ចុចអានបន្ត
ចូលទៅកាន់ផេកហ្វេសប៊ុករបស់ប្រលោមលោកsabay ចុចត្រង់នេះ
របៀបងាយៗដើម្បីអានប្រលោមលោកsabay ចុចត្រង់នេះ
Download ប្រលោមលោកsabay លើ ios ចុចត្រង់នេះ
Download ប្រលោមលោកsabay លើ Android ចុចត្រង់នេះ