វិសាខាកំពុងឆ្ពោះទៅរកភាពខ្លាំងលើផ្នែកកីឡាជាច្រើនដែលអ្នកខ្លះមិនបានចាប់អារម្មណ៍
- 2017-10-16 23:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិសាខាកំពុងឆ្ពោះទៅរកភាពខ្លាំងលើផ្នែកកីឡាជាច្រើនដែលអ្នកខ្លះមិនបានចាប់អារម្មណ៍
ចន្លោះមិនឃើញ
«វិសាខា»ជាឈ្មោះទើបលេខមុខថ្មីក្នុងពិភពកីឡាកម្ពុជាប្រហែលជា២ឆ្នាំចុងក្រោយនេះ ប៉ុន្តែកំពុងធ្វើឲ្យមជ្ឈដ្ឋានទូទៅចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈការបង្កើតក្រុមជាច្រើនផ្នែកដែលនេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍកីឡានៅស្រុកខ្មែរ។
ក្រុមបាល់ទះវិសាខាឈ្នះជើងឯក LEO Cup International Volleyball 2017
ដើមឡើយដើម្បីអ្នកគាំទ្រកីឡាកម្ពុជាបានឃើញក្រុមបាល់ទះវិសាខាចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងបានក្លាយជាក្រុមបាល់ទះខ្លាំងមួយនៅស្រុកខ្មែរ បើប្រៀបធៀបនឹងក្រុមក្រសួងមហាផ្ទៃ ក្រុមខេត្តកំពង់ចាម និងកងពលធំអន្តរលេខ៣ជាដើម។ កាលពីខែឧសភា កន្លងទៅ ក្រុមបាល់ទះ ក្រុមបាល់ទះ វិសាខាបានឈ្នះជើងឯក LEO Cup International Volleyball 2017 ជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក។
តាមរយៈការបង្កើតក្រុមធំដ៏រឹងមាំមួយនេះ ថ្នាក់ដឹកនាំវិសាខាបានបង្កើតទីលានហ្វឹកហាត់បាល់ទះផ្ទាល់ខ្លួនមួយកន្លែងស្ថិតនៅទួលគោក។ ទីកន្លែងហ្វឹកហាត់នេះមានលក្ខណៈប្រសើរដែលអាចនិយាយបានថា ស្ទើរល្អជាងក្រុមបាល់ទះផ្សេងៗទៀតនៅកម្ពុជា។
ក្រុមយុវជនបាល់ទះវិសាខា
ទន្ទឹមជាមួយនឹងមានទីលានផ្ទាល់ខ្លួននេះ ថ្នាលយុវជនបាល់ទះវិសាខាក៏ត្រូវបានបង្កើតឡើងដើម្បីជាទំពាំងស្នងឫស្សីសម្រាប់ក្រុមវិសាខានាពេលអនាគត។ ក្រុមថ្នាលយុវជននេះក៏ជាអាចជាអនាគតកីឡាករបាល់ទះជម្រើសជាតិកម្ពុជាផងដែរ។
បាល់ទាត់ឈ្នះជើងឯកលីគកម្ពុជាទី២
បន្ទាប់ឃើញក្រុមបាល់ទះវិសាខាលេចមុខលេងក្របខណ្ឌបាល់ទះកំពូលកម្ពុជាបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ ក៏មានក្រុមបាល់ទាត់វិសាខាលេខមុខចូលរួមប្រកួតក្នុងពានរង្វាន់លីគបាល់ទាត់កម្ពុជាលំដាប់ទី២។ បន្ទាប់ពីឆ្លងកាត់ការប្រកួតទាំងពីរជើង ក្រុមវិសាខាបានក្លាយជាជើងឯកលីគលំដាប់ទី២ដោយទទួលបានប្រាក់រង្វាន់៣០លានរៀល និងទទួលបានកៅអីឡើងទៅលេងលីគកំពូលកម្ពុជាតែម្តងនារដូវកាល២០១៨ខាងមុខនេះ។
លោក ហុក សុចិត្រា គ្រូបង្វឹកម្នាក់នៅវិសាខាបានឲ្យដឹងថា សព្វថ្ងៃនេះកម្រិតសមត្ថភាពរបស់ក្រុមវិសាខាមានកម្រិតនៅឡើយ បើប្រៀបធៀបនឹងបាល់ទាត់ក្នុងស្រុកផ្សេងៗទៀត។ ដូច្នេះហើយទើបការប្រកួតលីគទី២កន្លងទៅនេះ វិសាខាប្រើប្រាស់កីឡាករកម្ពុជាចាស់ៗមួយចំនួន និងកីឡាករវ័យក្មេងមួយចំនួន។
ក្រុមយុវជនបាល់ទាត់វិសាខា
អតីតកីឡាករជម្រើសជាតិកម្ពុជាឆ្នើម ហុក សុចិត្រា បានឲ្យដឹងថា នាពេលខាងមុខនេះ វិសាខានឹងបណ្តុះបណ្តាលថ្នាលយុវជនបាល់ទាត់ទៀត ដូច្នេះវិសាខានឹងមានក្រុមធំ និងក្រុមយុវជន។ ក្រុមបាល់ទាត់ហ្វូតសាលឈ្នះជើងឯកជាតិ CLEAR ឆ្នាំ២០១៧
ថ្វីបើក្រុមកម្ចាយមារជាក្រុមរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ប៉ុន្តែបើពិនិត្យមែនទែនទៅក៏ជាក្រុមរបស់វិសាខាដែរ ពីព្រោះក្រុមស្ថិតក្រោមការគ្រប់គ្រងរបស់ឯកឧត្តម សរ សុខា ដែលជាអ្នកគ្រប់គ្រងរបស់វិសាខា។
ក្រុមកម្ចាយមារទើបឈ្នះជើងឯកជាតិហ្វូតសាលក្លៀរ CLEAR National Futsal Cup 2017 កាលពីចុងសប្តាហ៍កន្លងទៅនេះដោយទទួលបានប្រាក់រង្វាន់២០លានរៀល។ ក្រុមនេះក៏ត្រូវឈ្មោះចេញទៅប្រកួតពានរង្វាន់អន្តរជាតិដូចជា AFF Futsal Club Championship ជាដើម។
កីឡដ្ឋានវិសាខា
ដោយសារក្រុមបាល់ទាត់វិសាខាឈ្មោះលេងក្នុងក្របខណ្ឌបាល់ទាត់កំពូលកម្ពុជានៅរដូវកាល២០១៨ខាងមុខ ក្រុមនេះក៏កំពុងរៀបចំបង្កើតកីឡដ្ឋានផ្ទាល់ខ្លួនសម្រាប់រៀបចំការប្រកួតលក្ខណៈក្នុងផ្ទះ និងក្រៅផ្ទះ។ លោក ហុក សុចិត្រាបានឲ្យដឹងថា ឥឡូវនេះថ្នាក់ដឹកនាំវិសាខាកំពុងរៀបចំផែនការហើយ។ ឆ្នាំ២០១៨ខាងមុខនេះអាចថាយឹតបន្តិច ប៉ុន្តែសម្រាប់ឆ្នាំ២០១៩នឹងមានកីឡដ្ឋានលេង១០០%នៅខេត្តព្រៃវែង។ លោកបញ្ជាក់ថា ប្រហែលជាចុងឆ្នាំ២០១៧ខាងមុខនេះនឹងចាប់ផ្តើមកសាងហើយដោយប្រើស្មៅធម្មជាតិ និងកម្រិតស្តង់ដារតែម្តង៕