ប្លែក! ហាងមួួយប្រើកែវស្មូនពីដីឥដ្ឋ សម្រាប់ដាក់កាហ្វេបម្រើអតិថិជន
- 2017-10-20 23:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែក! ហាងមួួយប្រើកែវស្មូនពីដីឥដ្ឋ សម្រាប់ដាក់កាហ្វេបម្រើអតិថិជន
ចន្លោះមិនឃើញ
ហាងការហ្វេមួយបានប្រើប្រាស់កែវកាហ្វេធ្វើពីដីឥដ្ឋដើម្បីដាក់កាហ្វេសម្រាប់អតិថិជន ដោយថាធ្វើដូចនេះដើម្បីបញ្ជ្រាបការយល់ដឹង និងការស្រឡាញ់សិល្បៈបុរាណដល់យុវជនជំនាន់ក្រោយ និងម្យ៉ាងថាការដាក់កាហ្វេក្នុងពែងធ្វើពីដីឥដ្ឋនេះមានរសជាតិ និងក្លិនពិសេសប្លែក។
ហាងការហ្វេភ្លេងច័ន្ទមានទីតាំងនៅខាងត្បូងឈៀងខាងកើតផ្សារទួលទំពូង ស្ថាបនិកម្នាក់នៃហាងនេះគឺលោក សំហេង បូរ៉ា មានប្រសាសន៍ថាដោយការស្រលាញ់ សិល្បៈគំនូរ និងចម្លាក់ជាតិ លោកបានយកប្រើដីឥដ្ឋដែលស្មូនជា ឆ្នាំង កែវ មកប្រើសម្រាប់ដាក់កាហ្វេទទួលភ្ញៀវ។ លោកពន្យល់ថា ធ្វើដូចនេះបានជួយឲ្យកាហ្វេមានរសជាតិឆ្ងាញ់ប្លែក។
«អ្វីដែលពួកខ្ញុំសិក្សាឃើញហ្នឹង ពេលដាក់កាហ្វេចូលទៅក្នុងកែវដីឥដ្ឋមួយដែលយើងអត់បានលាបថ្នាំ លាបអីពីលើ រស់ជាតិវា (កាហ្វេ)ប្លែក ពិសេសជាងមុន ក្លិនវាក៏ពិសេសជាងមុនដែរ»។ លោក សំហេង បូរ៉ា បន្ថែម។
ហាងកាហ្វេនេះមានបសម្ភារៈបែបបុរាណផ្សេងទៀតដូចជា ប៉ាន់តែ ឆ្នាំងដី ផ្តិលទឹក ប្រអប់ និងគំនូរ រចនាដោយក្បាច់ចម្លាក់បុរាណ មើលទៅហាក់បី ដូចជា សារមន្ទីរមួយដូច្នោះដែរ។
ការតុបតែងហាងដោយប្រើប្រាស់សម្ភារៈបែបបុរាណៗ ដូចជា ប៉ាន់តែ ឬកែវកាហ្វេ ដែលភ្ញៀវនិយមហៅថាជើងពាននេះ លោក បូរ៉ា សង្កត់ធ្ងន់ថា នឹងជួយបញ្ជ្រាបមនុស្ស ជំនាន់ថ្មី និងជនបរទេស ឲ្យស្គាល់វប្បធម៌ សិល្បៈ ខ្មែរកាន់តែច្រើនឡើង៕