អ្នកភូមិមួយនៅខេត្តកំពង់ឆ្នាំង កំណត់ច្បាប់សម្រាប់ការនេសាទក្នុងមូលដ្ឋាន
- 2017-10-26 07:52:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកភូមិមួយនៅខេត្តកំពង់ឆ្នាំង កំណត់ច្បាប់សម្រាប់ការនេសាទក្នុងមូលដ្ឋាន
ចន្លោះមិនឃើញ
អ្នកភូមិមួយនៅខេត្តកំពង់ឆ្នាំងកំណត់ជាច្បាប់សម្រាប់អ្នកនេសាទរបស់ក្រុមពួកគាត់ ដោយថាការកំណត់នេះគឺ ដើម្បីជៀសវាងការទាស់ទែងគ្នា ដោយការដណ្តើមគ្នានេសាទត្រីនៅកន្លែងតែមួយ។
ដោយសារតែពេលនេះជារដូវវស្សាមានទឹកជនច្រើននៅតាមប្រឡាយតូចធំក្នុងមូលដ្ឋានរបស់គាត់ អ្នកស្រភូមិ ភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង បានកំណត់ឲ្យមានច្បាប់មួយដោយតម្រូវឲ្យអ្នកបង់សំណាញ់នៅកន្លែងតែមួយត្រូវបង់ជាវេនបន្តគ្នា។ ទម្លាប់នេះអ្នកនេសាទលក្ខណៈគ្រួសារទាំងនេះអះអាងថាបានអនុវត្តបីឬបួនឆ្នាំ មកហើយ។
បុរស់ម្នាក់កំពុងបង់សំណាញ់ជាមួយអ្នកភូមិផ្សេងទៀត ប្រាប់ត្រឹមឈ្មោះថា លុច្ស អះអាងថាការធ្វើដូចនេះដើម្បីបញ្ជៀសទំនាស់នៅពេលមានអ្នកបង់សំណាញ់ច្រើននៅកន្លែងតែមួយ។ លោកបន្តថាៈ «បង់តាមលេខរៀង ឬវេន ឧទាហរណ៍ថា បើទីកន្លែងនេសាទមួយមានអ្នកនេសាទ ១០នាក់ អ្នកបង់ទី១ ត្រូវរង់ចាំអ្នកបង់សំណាញ់៩នាក់ផ្សេងទៀតបង់ហើយ ទើបអាចបង់ម្ដងទៀតបាន ដែលពេលខ្លះ ធ្វើឲ្យមានការពិបាករង់ចាំដែរ»។
ទោះយ៉ាងណាលោកថាការកំណត់បែបនេះគឺចាំបាច់សម្រាប់ការនេសាទពោលគឺដើម្បីកុំអោយដណ្ដើមគ្នាបង់ ដែលអាចនាំឲ្យមានការប៉ះទង្គិចគ្នាបាន។ ប៉ុន្តែលោកថា ទម្លាប់នេះ ច្រើនប្រើនៅកន្លែងនេសាទខ្លះ ដែលមានអ្នកនេសាទច្រើនប៉ុណ្ណោះ មិនប្រើជាទូទៅទេ។
ក្រៅពីក្បួន ឬច្បាប់នេសាទទ្រង់ទ្រាយតូចខាងលើ នៅមានទម្លាប់មួយ ដែលប្រជានេសាទនៅភូមិស្រុកខាងលើអនុវត្តដែរនោះ គឺអ្នកបង់សំណាញ់ទាំងអស់ ត្រូវបង់ត្រីក្នុងពេលតំណាលគ្នាតែម្ដង ធ្វើបែបនេះ ដើម្បីចៀសវាងការរង់ចាំលេខរៀង ឬវេន ដែលជាការរង់ចាំអត់ប្រយោជន៍។ ឆ្លងតាមបទពិសោធន៍ប្រមាណ ៣ទៅ៤ឆ្នាំមកនេះ ក្នុងការនេសាទត្រីដោយប្រើវិធីបង់សំណាញ់ លោក លុច្ស ប្រាប់ថា មិនដែលមានបញ្ហាអ្វីកើតក្នុងចំណោមអ្នកនេសាទដូចគ្នានោះទេ។
ផ្ទុយទៅវិញ មានតែការសប្បាយរីករាយថែមទៀត ព្រោះថា ពេលកំពុងធ្វើការរកត្រី អ្នកនេសាទទាំងអស់ អាចជជែកគ្នា បង្អាប់គ្នាលេងពីនេះពីនោះ បង្កឲ្យមានភាពរីករាយ និងបង្កើនភាពស្និទ្ធស្នាលជាមួយគ្នាថែមទៀតផង៕