ក្រុម​ស្គរ​នារី​ដ៏​កម្រ​ បង្កើត​ស្នាដៃ​ថ្មី​បង្កប់​អត្ថន័យ​ជ្រៅ​ដល់​ក្មេង​ជំនាន់​ក្រោយ

  • 2017-11-10 03:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ស្គរ​នារី​ដ៏​កម្រ​មួយ​ក្រុម​ឈ្មោះ​ថា "ក្រុម​មេធា"* មាន​សមាជិក​៧នាក់​សុទ្ធតែ​ជា​ស្ត្រី បាន​យក​ឧបករណ៍​ស្គរ​ពី​សម័យ​បុរាណ​មក​បង្កើត​បទ​ភ្លេង​ថ្មី សម្រាប់​ទុក​ជា​មរតក​ដល់​ក្មេង​១០០​ឆ្នាំ​ក្រោយ និង​មាន​បង្កប់​អត្ថន័យ​ល្អ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ក្នុង​មហោស្រព​បុណ្យ​រួម​កាល​ពី​ពេល​កន្លង​ទៅ មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង។

ប្រធាន​ក្រុម​ស្គរ​នារី​ អ្នក​នាង សាំង ស្រី​ពេជ្រ បាន​ប្រាប់ Sabay ថា ក្រុម​នេះ​ទើប​តែ​បង្កើត​នៅ​ខែ​មករា ឆ្នាំ​២០១៧​នេះ​តែ​ប៉ុណ្ណោះ ហើយ​ឈ្មោះ "មេធា" មាន​ន័យ​ថា មោះមុត ក្លាហាន ជម្នះ​រាល់​ឧបសគ្គ​គ្រប់​បែប​យ៉ាង។ ក្រុម​នេះ​បង្កើត​បាន​ស្នាដៃ​ថ្មី៣​ មាន​ឈ្មោះ​ថា "ព្រលឹង​ស្គរ​ជ័យ” ”ផ្ដើម​ចេញ​ពី​ខ្ញុំ”និង​ស្នាដៃ”ទិស” ។ ស្នាដៃ​ទាំង​នេះ​សុទ្ធតែ​មាន​អត្ថន័យ​របស់​វា សូម​មើល​អត្ថន័យ​ខាង​ក្រោម៖

អត្ថន័យ​ស្នាដៃ​ទាំង៣៖

ស្នាដៃ "ព្រលឹង​ស្គរ​ជ័យ" សំដៅ​លើ​ស្គរ ​និង​មនុស្ស​មាន​ព្រលឹង​តែ​មួយ បើ​អ្នក​វាយ​ចង់​បង្ហាញ​ពី​អារម្មណ៍​ល្អ ឬ​មិន​ល្អ ទុក​កង្វល់ ឬ​អារម្មណ៍​យ៉ាង​ណា​មួយ ពេល​វាយ​ទៅ​លើ​ស្គរ វា​នឹង​ឮ​សំឡេង​ទៅ​តាម​អារម្មណ៍​អ្នក​នោះ។

ស្នា​ដៃ "ទិស" មាន​ន័យ​ថា​ទិស​ទាំង​៨ បើ​មនុស្ស​កំណត់​គោល​ដៅ​ថា​ចង់​ទៅ​ទិស​ណា នោះ​នឹង​តម្រង់​ទៅ​ទិស​នោះ បាន​ដល់​គោលដៅ​យ៉ាង​ប្រាកដ។

ស្នាដៃ “ផ្ដើម​ចេញ​ពី​ខ្ញុំ” ក្រុម​នេះ​ចង់​បង្ហាញ​ថា រាល់​ការងារ​ទាំង​អស់​អាច​សម្រេច​ទៅ​បាន គឺ​ត្រូវ​ផ្ដើម​ចេញ​ពី​ខ្លួន​យើង​ជាមុន ដោយ​មាន​ក្រុម​ស្គរ​នារី​ជា​ឧទាហរណ៍​ស្រាប់។

ប្រធានក្រុម​មេធាអ្នក​នាង សាំង ស្រីពេជ្រ នៅខាងមុខ

ប្រធានក្រុម​មេធាអ្នក​នាង សាំង ស្រីពេជ្រ បន្តថា “ពី​មុន​សូម្បី​តែ​យើង​វ៉ៃ​លេង​ក៏​គ្រូ​អត់​ឱ្យ​វ៉ៃ​ដែរ តែ​យើង​សួរ​ថា​ហេតុ​អី សូម្បី​តែ​ប៉ះ​ក៏​គាត់​មិន​ឱ្យ​ប៉ះ​ផង គាត់​ថា​ស្គរ​សម្រាប់​តែ​មនុស្ស​ប្រុស​លេង​ទេ ស្រី​មិន​ឱ្យ​លេង​ទេ ព្រោះ​វា​ត្រូវ​ការ​ប្រើ​កម្លាំង​ខ្លាំង។ តែ​ខ្ញុំ​ថា ស្រី​ក៏​អាច​លេង​បាន​ដែរ ឥលូវ​យើង​បង្កើត​ក្រុម​ស្គរ​នារី​បាន​ហើយ ពេល​ហាត់​ដំបូង​វា​ពិបាក​មែន យើង​ត្រូវ​ប្រើ​កម្លាំង​ច្រើន ឈឺ​ដៃ តែ​យើង​នៅ​តែ​អាច​ធ្វើ​បាន យើង​ចង់​បង្ហាញ​ថា រឿង​មួយ​ចំនួន​មនុស្ស​ស្រី​ក៏​អាច​ធ្វើ​បាន ហើយ​ធ្វើ​បាន​ល្អ​ផង”។

លក្ខណៈ​ពិសេស​របស់​ស្គរ​ដែល​លេង​ក្នុង​ក្រុម​មេធា គឺ​ស្គរ​ទាំង​អស់​ដែល​យក​មក​លេង ត្រូវ​បាន​ស្រាវ​ជ្រាវ និង​ដក​ស្រង់​ចេញ​ពី​ជញ្ជាំង​ប្រសាទ​បាយ័ន និង​មាន​ប្រវត្តិ​ជា​ស្គរ​ហែ​ក្បួន​ទ័ព កាល​ពី​សម័យ​បុរាណ។ ស្គរ​លេង​ក្នុង​ក្រុម​មេធា​មាន ស្គរ​សាំង​ណា ស្គរ​ទីមីឡា ស្គរ​ធំ ស្គរ​តូច ស្គរ​ដៃ ហើយ​ស្គរ​ទាំង​នេះ​សុទ្ធតែ​មាន​គូ​ញី​ឈ្មោល​ទាំង​អស់។

ទៅ​ថ្ងៃ​អនាគត​ក្រុម​នេះ​មាន​បំណងស្រាវជ្រាវ​ឧបករណ៍​ផ្លុំ ដូច​ជា ខ្យង ត្រែ ស្នែង ជាដើម យក​មក​លេង​ជាមួយ​ឧបករណ៍​ស្គរ និង​បង្កើត​បទ​ភ្លេង​ថ្មី​ដើម្បី​ឱ្យ​សាច់​បទ​ដែល​បង្កើត​ថ្មី កាន់​តែ​សម្បូរ​បែប​ និង​មាន​ភាព​អស្ចារ្យ​មួយ​កម្រិត​ទៀត។ ក្រុម​នេះ​មិន​ទាន់​កំណត់​ឱ្យ​ប្រាកដ​ថា នៅ​ពេល​ណា​នឹង​ចាប់​ផ្ដើម​បង្កើត​បទ​ភ្លេង​ថ្មី​ដែល​មាន​ទាំង​ស្គរ និង​ឧបករណ៍​ផ្លុំ​ឡើយ​ទេ ដោយ​រង់ចាំ​ឱ្យ​សមាជិក​ក្រុម​ទាំង​អស់​ស្ទាត់​ជំនាញ​ទៅ​លើ​ឧបករណ៍​ស្គរ​សិន។

ក្រុម​ស្គរ​នារី​នេះ មាន​ទាំង​សមាជិក​ដែល​ចេះ​ឧបករណ៍​ភ្លេង​បុរាណ​ស្រាប់ និង​មាន​ទាំង​ស្ត្រី​របាំ​ដែល​មិន​ធ្លាប់​រៀន​ភ្លេង​ពី​មុន តែ​ពួក​គេ​បាន​មក​ហាត់​រៀន​បទ​ភ្លេង​ថ្មី ប្រកប​ដោយ​ទេពកោសល្យ និង​ភាព​ច្នៃ​ប្រឌិត៕

អត្ថបទ៖ ប៉ូ សាគុន

Cambodian Living Arts (CLA)