រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ក្ដៅស្លឹកត្រចៀក រឿងក្រុមហ៊ុន​​លើកផ្លាក​​លក់ដីឡូតិ៍​​​

  • 2017-11-10 02:42:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ជា សុផារ៉ា បានលើកឡើងខ្លាំងៗថា នៅភ្នំពេញ​ សព្វថ្ងៃមាន​ក្រុមមនុស្ស​បោក​ប្រាស់ច្រើន ​ដែល​ក្រសួង​កំពុង​ដោះស្រាយ​។ ​ឯកឧត្តម​ថ្លែងហាក់ហួសចិត្តថា​ ក្រុមហ៊ុន​ពុះ​លក់​ដីឡូតិ៍​មួយ សូម​មិន​បញ្ចេញ​ឈ្មោះ​ ដែលមាន​ឈ្មោះជាង​ ២០ឆ្នាំ​ហើយ​ បានបោក​ប្រាស់​លុយ​ប្រជាជន​ ដោយ​យកដីគេ​មកដាក់​លក់ ​ហើយ​ចាយ ៤០០ដុល្លារ ​សម្រាប់​លើកផ្លាក​ប៉ាន់ណូ​បំភាន់​ភ្នែក​។ រដ្ឋមន្រ្តី​ក្រសួង​ដែន​ដី ថ្លែង​បែប​នេះក្នុង​ពិធី​សម្ពោធ​បញ្ចុះ​បឋម​សិក្សា សាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន Arakawa ជប៉ុន ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ រាជ​ធានី​ភ្នំពេញថ្មីៗនេះ។

ឯកឧត្តម​មានប្រសាសន៍​ថា៖ «​មនុស្ស​ម៉ាក្រុមហ៊ុន​ បានដាក់​លក់ដីឡូតិ៍​បោកប្រាស់...​ហើយ​គាត់(អតិថិជន) ជា​មន្រ្តី​រាជការ ភាគ​ច្រើន​ជា​គ្រូ​បង្រៀន បាន​ទៅ​ទិញ​គម្រោង(​ដីឡូតិ៍ពុះលក់)ហ្នឹង ហើយ​ក្រុមហ៊ុន​យកបាន​ប្រាក់កក់ ​ហើយយក​ដីគេលក់​ ឡើង​គម្រោង​ ហើយគាត់​(អតិថិជន)បង់លុយ​ប៉ាច់ ​វា​(ក្រុមហ៊ុន)​រត់បាត់​»។

ជាក់​ស្ដែង ​តំបន់​ដីឡូតិ៍​ពុះលក់​ បានរីកសាយ​តាម​ជាយ​ក្រុងភ្នំពេញ​ និង​មានក្រុមហ៊ុន​បានលើក​ផ្លាក​ដាក់លក់​ ក្នុង​តម្លៃ​ផ្សេងៗ​គ្នាទៅ​តាមទីតាំង​ដែល​គ្រោង​នឹង​អភិវឌ្ឍនៅ​ពេល​យូរ និងឆាប់​។ ​ម្យ៉ាង មួយរយៈ​ចុងក្រោយ​នេះ តំបន់​ដីឡូតិ៍​ពុះលក់​ជាច្រើន​កំពុង​ហក់ឡើង​ខ្លាំងតាម​ជាយ​ក្រុង​ ​ ច្រើនមាន​នៅតំបន់​សំរោង​អណ្ដែត​ ទំនប់កប់​ស្រូវ ​ទំនប់ទឹក​ ​ភ្នំរាប​ និង​នៅតំបន់​តាខ្មៅ​ជាដើម​។

(រូបតំណាង)

ជាចុង​ក្រោយ​ ឯកឧត្តម ជា សុផារ៉ា ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ ​និង​មន្រ្តី​រាជការ​ទាំង​អស់ ត្រូវ​ត្រួត​ពិនិត្យ ស្រាវជ្រាវ និង​សាកសួរ​អាជ្ញាធរ​មូលដ្ឋាន​ជាមុន មុន​នឹង​ទិញ​ផ្ទះ ឬ​ដី​នៅ​ទីតាំង​ណា​មួយ ដើម្បី​ជៀសវាង​ការ​ចាញ់​បោក​គេ ដែល​ធ្វើ​ឲ្យ​ខាត​បង់​លុយ​កាក់ និង​ពេល​វេលា៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម
អត្ថបទថ្មី