«សណ្ឋាគារតម្លៃមធ្យម» នឹងបង្ហាញវត្តមាននៅកម្ពុជា លើទីតាំងសំខាន់ៗចំនួន៣
- 2017-11-27 09:05:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«សណ្ឋាគារតម្លៃមធ្យម» នឹងបង្ហាញវត្តមាននៅកម្ពុជា លើទីតាំងសំខាន់ៗចំនួន៣
ចន្លោះមិនឃើញ
ក្រុមហ៊ុនសណ្ឋាគារដ៏ល្បីល្បាញរបស់បារាំង AccorHotels ដែលបច្ចុប្បន្ននេះមានសណ្ឋាគារជាង ៤០០០នៅក្នុងប្រទេស៩៥ នៅជុំវិញពិភពលោក នឹងបើកសណ្ឋាគារតម្លៃមធ្យមសម្រាប់ភ្ញៀវលំដាប់កណ្ដាលនៅកម្ពុជាដើម្បីបំពេញតម្រូវការទីផ្សារបន្ថែម។ នេះបើតាមការប្រកាសរបស់តំណាងក្រុមហ៊ុននៅក្នុងសន្និសីទសារព័ត៌មានរបស់ AccorHotels នាព្រឹកនេះ។
លោក Patrick Basset ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន AccorHotels ប្រចាំនៅអាស៊ីអាគ្នេយ៍ អាស៊ីឦសាន និងម៉ាល់ឌីវ បានថ្លែងថា ការបង្កើតឲ្យមានសណ្ឋាគារតម្លៃមធ្យមសម្រាប់ភ្ញៀវលំដាប់កណ្ដាលនេះជាការវិនិយោគរួមគ្នាជាមួយវិនិយោគិនក្នុងស្រុក ដោយបានសម្លឹងឃើញពីមានកំណើនសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរ និងមានភ្ញៀវទេសចរគ្រប់លំដាប់ថ្នាក់ដែលត្រូវបំពេញបន្ថែមតម្រូវការទីផ្សារ។
លោកឲ្យដឹងថា AccorHotels បានជ្រើសទីតាំងនៅតំបន់សំខាន់ៗចំនួនបី ដើម្បីសាងសង់សណ្ខាគារលំដាប់ផ្កាយ៤ សម្រាប់ភ្ញៀវធនកណ្ដាល ទីតាំងទីមួយនៅរាជធានីភ្នំពេញ និងទីពីរនៅក្រុងព្រះសីហនុ ដែលមានឈ្មោះថា Novotel សណ្ឋាគារនេះមាននៅលើពិភពលោកចំនួន ៤៨៥ ក្នុង ៥៨ប្រទេស។ ទីតាំងទីបីគឺស្ថិតនៅខេត្តសៀមរាបមានឈ្មោះថា iBIS Stlye ដែលមានជាង ៣៨៩ នៅក្នុង៣៧ប្រទេសជុំវិញពិភពលោក។ រាល់ទីតាំងនីមួយៗ នឹងផ្ដល់ការងារថ្មី ៦០០កន្លែង។
លោក Patrick បានបញ្ជាក់ថា៖ «បើនិយាយពីតម្លៃនៃបន្ទប់ស្នាក់នៅនៃសណ្ឋាគារវិញគឺចែកជាបីលំដាប់ ដោយលំដាប់មធ្យមគឺមានតម្លៃទាបជាងលំដាប់ខ្ពស់ និងខ្ពស់ជាងលំដាប់ទាបប្រមាណ ២០ភាគរយ»។ លោកបន្តថា ការចាប់ផ្ដើមសណ្ឋាគារសម្រាប់ភ្ញៀវធនកណ្ដាលជាការផ្លាស់ប្ដូរទីផ្សារសណ្ឋាគារថ្មីមួយសម្រាប់កម្ពុជា ខណៈប្រទេសក្នុងតំបន់អាស៊ានបានដើរទៅមុខរួចហើយ។ «យើងចង់ក្លាយជាអ្នកនាំនូវភាពផ្លាស់ប្ដូរដើម្បីឈានទៅរកបដិសណ្ឋារកិច្ចនូវភាពវិជ្ជមានសម្រាប់កន្លែងណាដែលយើងអាចរកស៊ីបាន»។ លោក Patrick បន្ថែម។
មកទល់បច្ចុប្បន្នក្រុមហ៊ុនដ៏ល្បីនេះបានមកកាន់កម្ពុជារយៈពេលជាង២០ឆ្នាំហើយ ដោយមានសណ្ឋាគារលំដាប់ផ្កាយ៥ ជាបុត្រសម្ព័ន្ធចំនួនពីររួមមាន សណ្ឋាគារ Raffle និង Sofitel ។ សណ្ឋាគារតម្លៃមធ្យមចំនួនបីគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០១៨ ដោយឡែកចំពោះទុនវិនិយោគវិញក្រុមហ៊ុនសូមមិនបញ្ជាក់ឡើយ៕