ជនជាតិបារាំងម្នាក់ជិះកង់រៃអង្គាសប្រាក់ពីក្រុងប៉ារីសមកកម្ពុជាដើម្បីសង់សាលាមួយ
- 2017-11-28 04:18:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនជាតិបារាំងម្នាក់ជិះកង់រៃអង្គាសប្រាក់ពីក្រុងប៉ារីសមកកម្ពុជាដើម្បីសង់សាលាមួយ
ចន្លោះមិនឃើញ
អ្នកខេត្តសៀមរាប ឬពលរដ្ឋមួយចំនួនផ្សេងទៀតប្រហែលជាបានស្គាល់សាលាបង្រៀនជំនាញផ្នែកបដិសណ្ឋារកិច្ចមួយនៅខេត្តសៀមរាបដែលមានឈ្មោះថា Paul Dubrule Hotel Tourism School ។ បច្ចុប្បន្នសាលានេះ បាននិងកំពុងបណ្ដុះបណ្ដាលសិស្សនិស្សិតខ្មែររាប់ពាន់នាក់ឲ្យមានជំនាញច្បាស់លាស់ និងក្លាយជាសហគ្រិនក្នុងវិស័យសណ្ឋាគារនិងទេសចរណ៍។
សាលារៀនមួយនេះ ត្រូវបានបង្កើតឡើងដំបូងដោយជនជាតិបារាំងម្នាក់បានជិះកង់រ៉ៃអង្គាសប្រាក់តាំងពីទីក្រុងប៉ារីសប្រទេសបារាំងមកដល់ខេត្តសៀមរាបដើម្បីសាងសង់សាលារៀនមួយនេះ។
លោក Patrick Basset ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន AccorHotels ប្រចាំនៅអាស៊ីអាគ្នេយ៍ អាស៊ីឦសាន និងម៉ាល់ឌីវ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារ Sofitel ភ្នំពេញម្សិលមិញនេះថា សាលា Paul Dubrule Hotel Tourismជាស្នាដៃរបស់សហស្ថាបនិកនៃក្រុមហ៊ុនសណ្ឋាគារ AccorHotels ឈ្មោះថា Paul Dubrule។
លោក Patrick បានរៀបរាប់ថា កាលពី១៥ឆ្នាំមុន លោក Paul Dubrule បានមកលេងទឹកដីអង្គរនៃខេត្តសៀមរាប លោកសម្លឹងឃើញវិស័យទេសចរណ៍នៅប្រទេសកម្ពុជានាពេលអនាគតនឹងកើនឡើងនៅតំបន់នេះ ដែលធ្វើឲ្យលោកផ្ដើមមានគំនិតបង្កើតសាលាបង្រៀនសណ្ឋាគារបដិសណ្ឋារកិច្ចនេះឡើង។
បន្ទាប់មក លោកក៏បានសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតហើយ បានជិះកង់ពីប៉ារីសមកខេត្តសៀមរាប ដើម្បីរៃអង្គាសប្រាក់ បូកផ្សំនិងប្រាក់ផ្ទាល់ខ្លួន សាងសង់សាលាមួយសម្រាប់ប្រជាជនខ្មែរក្រីក្រឲ្យរៀនជំនាញបដិសណ្ឋារកិច្ចឥតគិតថ្លៃ និងអាចរកចំណូលចិញ្ចឹមជីវិតបានងាយស្រួលពីវិស័យនេះ។ ចំពោះទំហំទឹកប្រាក់ដែលសហស្ថាបនិកខាងលើរកបាន តំណាងក្រុមហ៊ុុននេះ មិនបានបញ្ជាក់ឡើយ។
សាលា Paul Dubrule Hotel Tourism នេះ ផ្នែកមួយនៃក្រុមហ៊ុនសណ្ឋាគារដ៏ល្បីល្បាញដែលមានសណ្ឋាគារជាង ៤០០០នៅក្នុងប្រទេសចំនួន៩៥នៅជុំវិញពិភពលោក និងបានបណ្ដុះបណ្ដាលនិស្សិតខ្មែរជំនាញសណ្ឋាគារបដិសណ្ឋារកិច្ចស្របតាមស្ដង់ដាអន្តរជាតិ និងមានឱកាសចូលធ្វើការក្នុងសណ្ឋាគារល្បីៗនៅតំបន់អាស៊ីដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AccorHotels។
កាលបើកដំបូងសាលារៀននេះបានផ្តល់ការសិក្សាដោយមិនគិតថ្លៃដល់សិស្ស និស្សិតខ្មែរ ទោះយ៉ាងណាលោក Patrick មិនបានបញ្ជាក់ទេថាការមិនយកប្រាក់នេះត្រូវបញ្ចប់តាំងពីពេលណា។ បច្ចុប្បន្នសិស្សដែលចូលរៀននៅសាលានេះ ត្រូវចំណាយយ៉ាងហោចណាស់ក៏៣០០០ដុល្លារក្នុងមួយឆ្នាំប៉ុន្តែលោក Patrickថា សាលាទទួលពីសិស្សផ្ទាល់ចំនួនតែ ៩០០ដុល្លារ និងសល់២១០០ដុល្លារទៀត ត្រូវបានអង្គការនានាជាអ្នកឧបត្ថម្ភតាមរយៈការរៃអង្គាសរបស់លោកPaul Dubrule៕
ចុចអានបន្ទាប់