DIGITEKH ឆ្នាំ​ដំបូង មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចម្រុះ​ជាង​ ៤០ ចូលរួម​

  • 2017-12-02 09:27:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចម្រុះ​ជាង ៤០ ក្រុមហ៊ុន បាន​​យក​ផលិតផល​និង​សេវាកម្ម​ដាក់​តាំង​បង្ហា​ញ​​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​បច្ចេកវិទ្យា​ DIGITEKH (ឌីជីថិក) ដែល​​​រៀបចំ​ឡើង​​ដោយ​ក្រុមហ៊ុន Sabay Digital Plus នៅ​ព្រឹក​មិញ​នេះ។

លោក ជី សិលា អគ្គនាយក​ក្រុមហ៊ុន Sabay Digital Plus បាន​ឲ្យ​ដឹង​ថា DIGITEKH ជា​ឱកាស​សម្រាប់​អ្នក​គាំទ្រ​ អ្នក​ប្រើប្រាស់​ និង​ម្ចាស់​អាជីវកម្ម​បាន​ជួបជុំ​គ្នា ជជែក​ផ្លាស់​ប្ដូរ​យោបល់ និង​ស្វែងយល់​ពី​ការអភិវឌ្ឍន៍​ថ្មីៗ​ពី​បច្ចេកវិទ្យា។

លោក ជី សិលា អគ្គនាយក​ក្រុមហ៊ុន Sabay Digital Plus

"DIGITEKH អាច​ថា​ជា​ពិព័រណ៍​បច្ចេកវិទ្យា​ដ៏​ធំ​ ព្រោះ​អី​ អ្នក​លក់ និង​​ក្រុមហ៊ុន​​ ​​ស្ទើរ​​គ្រប់​ផ្នែក​មក​អស់​ហើយ​​ទាំង​ គ្រឿង​អេឡិចត្រូនិក កុំព្យូទ័រ ទូរសព្ទ​ដៃ កាមេរ៉ា ក្រុមហ៊ុន​ព័ត៌មានវិទ្យា ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ីនធឺណិត ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ ធនាគារ ក្រុមហ៊ុន​ឌីជីថល។ គ្រប់គ្នា​មិន​ចាំ​ចំណាយ​ពេល​ទៅ​សួរ​តាម​ក្រុមហ៊ុន​មួយៗ​ទេ DIGITEKH មាន​ទាំង​អស់"។

លោកជី សិលា ក៏​បាន​​កត់​សម្គាល់​​ពី​ការ​រៀបចំ​កម្មវិធី​បច្ចេកវិទ្យា​​ស្រដៀង​គ្នា​នេះ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន រួច​ក៏​ស្ងាត់ទៅ​វិញ។

អ្នក​ផ្ដួច​ផ្ដើម​គំនិត​ជំរុញ​ឲ្យ​ពិព័រណ៍​នេះ​លេច​ចេញ​ជា​រូបរាង​ឡើង​ ក៏​បញ្ជាក់​ពី​​គោលដៅ​ធំ​មួយ​ទៀត​ ការ​រៀបចំពិព័រណ៌​ DIGITEKH គឺ​ដើម្បី​​ត្រួសត្រាយ​ផ្លូវ​ដល់​សហគ្រាស​ក្នុង​ស្រុក​ថ្មីៗ អាច​​យក​ផលិតផល​ទៅ​ផ្សព្វផ្សាយ​ និង​​​ស្វែងរក​ដៃគូ​​សហការ​​សម្រាប់​ការ​អភិវឌ្ឍន៍​អាជីវកម្ម​នា​ថ្ងៃ​អនាគត។

លោក សយ សត្យា ប្រធាន​នាយកដ្ឋាន Card និង E-Banking ធនាគារ FTB ជា​ដៃគូ​ដ៏​ធំ​រៀបចំ​កម្មវិធី DIGITEKH បាន​ឲ្យ​ដឹង​ថា វិស័យ​បច្ចេកវិទ្យា​បាន​ផ្លាស់ប្តូរ​ការ​រស់នៅ​ និង​មាន​ការ​រីក​ចម្រើន​យ៉ាង​លឿន។

លោក សយ សត្យា ប្រធាន​នាយកដ្ឋាន Card និង E-Banking ធនាគារ FTB

បច្ចុប្បន្ន​​មនុស្ស​គ្រប់គ្នា​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​មិន​ថា​ការ​រស់នៅ និង​ក្នុង​ការ​ប្រកប​ការងារ​ផ្សេងៗ។ ដោយសារមើលឃើញ​បែប​នេះ ធនាគារ​ FTB បាន​បង្កើត​កម្មវិធី​ទូរសព្ទ​ដៃ mBanking ដើម្បី​បង្ខិត​សេវា​កម្ម​កាន់តែ​​ងាយស្រួល ​លឿន​ទាន់ចិត្តដល់អតិថិជន​។

លោក​ថា កម្មវិធី​ mBanking របស់ FTB អតិថិជន​​​អាច​ប្រើប្រាស់​សេវាកម្ម​​នានារបស់​ធនាគារ​ មិន​ថា​សេវា​បង់​ទឹក​ភ្លើង ផ្ទេរ​លុយ ទិញ​កាត​ទូរសព្ទ ការ​ទិញ​ទំនិញ​​ផ្សេងៗ​​ តាម​រយៈ​ទូរសព្ទ​​ដៃ​។

ជា​លើក​ដំបូង​ដែល Sabay Digital Plus បាន​រៀបចំ​កម្មវិធី​នេះ​ឡើង ដែល​ធ្វើ​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ​​​ ពី​​ថ្ងៃ​ទី០២​ ដល់​០៣​ ខែ​ធ្នូ ឆ្នាំ២០១៧​ នៅ​សាលា​តិចណូ។

វា​ជា​ឱកាស​ដល់​អ្នក​ចូលចិត្ត​ផ្នែក​បច្ចេកវិទ្យា​បាន​ស្គាល់ បាន​ជាវ​ផលិតផល និង​សេវាកម្ម​នានា​ក្នុង​តម្លៃ​ពិសេស។ នៅ​មាន​ច្រើន​ទៀត​លើស​ពី​អ្វី ដែល​អ្នកចូលរួមចង់​បាន​ពី​កម្មវិធី DIGITEKH៕

តាម​អ្នក​រៀបចំ​កម្មវិធី​ឲ្យ​ដឹង​ថា ពិព័ណ៌​បច្ចេកវិទ្យា​ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ​ រំពឹង​​នឹង​មាន​អ្នក​ចូលរួមប្រមាណ ២ ០០០ នាក់ ហើយ​​ដែល​នៅ​ឆ្នាំ​ក្រោយ ក៏​គ្រោង​នឹង​នាំ​ក្រុមហ៊ុន​ក្រៅ​ស្រុក​មួយចំនួន ដើម្បី​នាំផលិតផល​និង​សេវាកម្ម​​ថ្មីៗ​សម្រាប់អ្នកទស្សនា៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អត្ថបទ៖ ប៊ុនធឿន

អត្ថបទថ្មី