មក​ស្គាល់​ជើង​ខ្លាំង​ថត​រូប​ចាស់​វស្សា ៥ រូប ជា​អ្នក​ឲ្យ​ពិន្ទុ​ក្នុង​កម្មវិធី​ថត​រូប​ធំ​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា

  • 2017-12-03 04:54:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ថត​រូប​ធំ​ប្រចាំ​ឆ្នាំ Canon PhotoMarathon Cambodia លើក​ទី​៧ កំពុង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​កោះ​ពេជ្រ ដោយ​ចែក​ជា ២ ផ្នែក៖ Open Category (ចាប់​ពី ១៨ ឆ្នាំ​ឡើង) និង Student Category (ក្រោម ១៨ ឆ្នាំ)។ ខណៈ​ការ​ប្រកួត​កំពុង​ចាប់​ផ្ដើម Sabay សូម​បង្ហាញ​គណៈកម្មការ​ឲ្យ​ពិន្ទុ ៦ រូប ក្នុង​នោះ ៥ រូប​ជា​ជើង​ខ្លាំង​ថត​រូប​ចាស់​វស្សា​នៅ​កម្ពុជា៖

១. លោក Jerry Thai មាន​ឈ្មោះ​ដើម Thai Vantha ជា​ស្ថាបនិក​ក្រុមហ៊ុន​ថត​រូប​លេច​ធ្លោ​នៅ​កម្ពុជា @homePhotography ។ ស្នាដៃ​ថត​រូប​របស់​លោក ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ផង​ដែរ ខណៈ​ដែល​ចំណង់​ចំណូល​ចិត្ត​របស់​លោក គឺ​រូប​ថត​បែប​ទេសភាព (Landscape) អាហារ (Food) និង Macro។ ក្រៅ​ពី​មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន លោក​ក៏​ជា​គ្រូ​បង្រៀន​នៅ Canon Imaging Academy។

២. លោក Miller មាន​ឈ្មោះ​ពេញ​ថា Phan Phearith គឺ​ជា​អ្នក​ថត​រូប​ដ៏​ល្បី​ឈ្មោះ​នៅ​ក្នុង​សហគមន៍​ក្នុង​ស្រុក។ លោក​បាន​បញ្ចប់​វគ្គ​សិក្សា​ថត​រូប​នៅ​វិទ្យាស្ថាន​បារាំង​កាល​ពី​ឆ្នាំ​២០១២។ លោក​ជាប់​ជា​ជយលាភី​ក្នុង​កម្មវិធី Photo Marathon 2011 និង Canon Photo Shootout 2012 ហើយ​ជា​អ្នក​តំណាង​ឲ្យ​ប្រេន Canon នៅ​កម្ពុជា​ដំបូង​គេ​ផង​ដែរ។

៣. លោក Moni មាន​ឈ្មោះ​ពេញ Md. Monirul ចាប់​ផ្ដើម​ថត​រូប​តាំង​ពី​អាយុ ១២ ឆ្នាំ​ម្ល៉េះ។ Moni ធ្វើ​ការងារ​ជា Freelance ថត​រូប​មង្គលការ ព្រឹត្តិការណ៍​កីឡា ព្រម​ទាំង​ថត​រូប​ឲ្យ​ក្រុមហ៊ុន​ស្ថាបត្យកម្ម និង​ក្រុម​ហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផង​ដែរ។ បច្ចុប្បន្ន លោក​មាន​ការងារ​មួយ​ទៀត គឺ​គ្រប់គ្រង​មហាវិទ្យាល័យ​ព័ត៌មាន និង​បច្ចេកវិទ្យា និង​ពាណិជ្ជកម្ម និង​សាលា Limkokwing។ បុរស​ជនជាតិ​បង់ក្លាដេស​រូប​នេះ បើក​ថ្នាក់​បង្រៀន​ថត​រូប​ជា​ប្រចាំ ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង។

៤. លោក Khvay Samang ជា​ខេត្ត​ស្វាយរៀង ហើយ​រៀន​ចប់​នៅ​ដេប៉ាតឺម៉ង់​គំនូរ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ ស្នាដៃ​រូប​ថត​របស់​លោក​ផ្ដោត​លើ​ផល​ប៉ះពាល់​លើ​មនុស្ស និង​បរិស្ថាន​ដោយ​នឹម​អាណានិគម និង​សកល​ភាវូបនីយកម្ម។ ការ​ធ្វើ​ដំណើរ​ច្រើន ជា​បច្ចេកទេស​ដើម្បី​បាន​រូប​ទាំង​អស់ និង​ផ្សារ​ភ្ជាប់​ខ្លួន​លោក​ទៅ​នឹង​សហគមន៍​មូលដ្ឋាន។ ស្នាដៃ​ធំៗ​របស់​លោក ត្រូវ​បាន​ដាក់​តាំង​ពិព័រណ៍​នៅ​តាម​ប្រទេស​ធំៗ​លើ​ពិភពលោក មាន អាមេរិក បារាំង អាល្លឺម៉ង់ ជប៉ុន កាណាដា អូស្ត្រាលី ក្រិក សិង្ហបុរី ថៃ ជាដើម។

បុរស​វ័យ ៣៦ ឆ្នាំ​រូប​នេះ សហ​ស្ថាបនិក​គម្រោង Sa Sa Art ហើយ​លោក​បង្រៀន​សិល្បៈ​បែប​សហសម័យ ដល់​អ្នក​សិល្បៈ​កម្ពុជា​នៅ​ទីនោះ​ផង​ដែរ។

៥. លោក Tang Chhin Sothy ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អ្នក​ថត​រូប​ដ៏​ជោគជ័យ​ម្នាក់​នៅ​សម័យ​នេះ។ បច្ចុប្បន្ន លោក​ជា​អ្នក​ថត​រូប​បែប​ព័ត៌មាន​ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ជាង ១០ ឆ្នាំ​មក​ហើយ។ បុរស​ពេញ​ដោយ​បទ​ពិសោធ​ថត​រូប​ផ្នែក​សារព័ត៌មាន​រូប​នេះ បាន​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​ថត​រូប​នៅ​សាកលវិទ្យាល័យ​វិចិត្រ​សិល្បៈ​កាល​ឆ្នាំ ១៩៩៦ និង​ឆ្លង​កាត់​វគ្គ​ថត​រូប​ផ្នែក​សារព័ត៌មាន​នៅ​ថៃ។

លោក​មាន​ស្នាដៃ​តាំង​ពិព័រណ៍​ច្រើន ជា​ពិសេស​ចន្លោះ​ឆ្នាំ ១៩៩៨ និង ២០០៥។ ឆ្នាំ​២០១៦ លោក​ជាប់​លេខ​ផ្នែក Cambodia Sport 2015 របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ២០១១ លោក​ជាប់​លេខ​១ ក្នុង​ការ​ប្រកួត​របស់ UNFPA និង CCIM។ ២០០១ និង ២០០២ លោក​ឈ្នះ​ពាន "Excellent Prize" ពី​មជ្ឈមណ្ឌល​វប្បធម៌​អាស៊ី-ប៉ាស៊ីហ្វិក​សម្រាប់ UNESCO នៅ​ជប៉ុន។

៦. លោក Ngoun Serath ជា​អ្នក​កាសែត​ជើង​ចាស់​តាំង​ពី​ឆ្នាំ​១៩៩៧ មក​ម្ល៉េះ និង​ធ្លាប់​ជា​នាយក​ប្រតិបត្តិ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ដែល​ទើប​តែ​លា​ឈប់​កាល​ពី​ឆ្នាំ​២០១៦។ បុរស​ជោកជាំ​ដោយ​បទ​ពិសោធ​សារព័ត៌មាន​រូប​នេះ រៀន​ចប់​អនុបណ្ឌិត​ផ្នែក​សារព័ត៌មាន​នៅ​ហ្វីលីពីន ហើយ​ក៏​ជា​ស្ថាបនិក​វិបសាយ​សុខភាព Health.com.kh។ បច្ចុប្បន្ន លោក​ក៏​ជា​សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៅ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៕

អត្ថបទ៖ សុផាត

អត្ថបទថ្មី