មិនស្មានថារឿងតុក្កតាទាំងនេះរបស់ Pixar បង្កប់ន័យអប់រំខ្លាំងដល់ម្ល៉ឹង
- 2017-12-08 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនស្មានថារឿងតុក្កតាទាំងនេះរបស់ Pixar បង្កប់ន័យអប់រំខ្លាំងដល់ម្ល៉ឹង
ចន្លោះមិនឃើញ
រឿងតុក្កតាពេលខ្លះអាចជារឿងមួយដែលល្អសម្រាប់ក្មេង និងមនុស្សពេញវ័យ ព្រោះអ្នកនិពន្ធជាទូទៅតែងតែបង្កប់អត្ថន័យអ្វីម៉្យាងនៅក្នុងនោះដែលគ្រប់គ្នាមិនបានដឹង។ ដូចជារឿងទាំងប៉ុន្មានខាងក្រោមរបស់ Pixar Animated Films ដែលអ្នកនិពន្ធបានបង្កប់អត្ថន័យអប់រំក្នុងនោះជាច្រើនដែលគ្រប់គ្នាគួរតែរៀនតាម។
១. រឿង “Toy Story” (ឆ្នាំ ១៩៩៥)
រឿងនេះជារឿងមួយដ៏អស្ចារ្យអំពីតុក្កតាដែលរស់នៅជីវិតរបស់ពួកគេនៅពេលគ្មានមនុស្សមើលឃើញ។ ពួកគេក៏ចេះមានអារម្មណ៍ច្រណែន មានចំណងមិត្តភាព និងចេះនឹកផ្ទះ។ តុក្កតាក្នុងរឿងនេះក៏មិនខុសពីមនុស្សយើងប៉ុន្មានដែរ ពួកគេចង់បង្រៀនថា ទោះបីជាពេលវេលាដើរទៅមុខក្ដី ប៉ុន្តែចំណងមិត្តភាពពិតប្រាកដ និងភក្ដីភាពនៅមានជារឿងរហូត។
២.រឿង “Monsters, Inc.” (ឆ្នាំ ២០០១)
តួអង្គបិសាចនៅក្នុងរឿងនេះ ត្រូវដើរលងបន្លាចក្មេងៗទាំងអស់ក្នុងពិភពលោក។ ប៉ុន្តែអំពើអាក្រក់មិនឈ្នះអំពើល្អនោះទេ នៅចុងបញ្ចប់តួអង្គសំខាន់ក្នុងរឿងនេះបានដឹងនិងយល់ថា ការយល់ច្បាស់ ការគោរព និងភាពប្រោសប្រណីគឺខ្លាំងខ្លាជាងការភ័យខ្លាចទៅទៀត។
៣. រឿង “Finding Nemo” (ឆ្នាំ ២០០៣)
តួអង្គ Marlin ជាតួអង្គឪពុកដ៏ល្អដែលតែងតែខ្វល់ខ្វាយនិងការពារ Nemo ពីពិភពលោកខាងក្រៅ។ ប៉ុន្តែការខ្វល់ខ្វាយហួសហេតុរបស់ Marlin បានធ្វើឲ្យរឿងកាន់តែអាក្រក់ទៅវិញ។ រឿងនេះចង់អប់រំថា ក្មេងៗត្រូវការពួកយើងជាកម្លាំងចិត្តនិងជំនួយរបស់ពួកគេដើម្បីបានស្គាល់ពិភពលោកនៅជុំវិញខ្លួនរបស់គេ។
៤. រឿង “The Incredibles” (ឆ្នាំ ២០០៤)
តួអង្គសំខាន់ក្នុងរឿងនេះគឺជាគ្រួសារមួយដែលព្យាយាមរស់នៅជីវិតធម្មតា។ តែក្រោយមកពួកគេមានអារម្មណ៍ពិបាកចិត្តដោយសារតែការលាក់បាំងកម្លាំងអស្ចារ្យដែលពួកគេមាន។ អត្ថន័យក្នុងរឿងនេះចង់មានន័យថា ពួកយើងមិនមែនជាខ្លួនយើងទេ បើសិនជាយើងលាក់បាំងទេពកោសល្យរបស់ខ្លួន។
៥. រឿង “Cars” (ឆ្នាំ ២០០៦)
តួអង្គ Lightning McQueen ជាតួអង្គឡានដែលមានភាពជឿជាក់ក្នុងការដណ្ដើមជ័យជម្នះសម្រាប់ខ្លួន ដោយយល់ពីតម្លៃនៃការធ្វើការងារជាក្រុម។ មិត្តភក្តិ គ្រូបង្រៀន និងអ្នកគាំទ្ររបស់លោក បានជួយឲ្យលោកបានទៅដល់គោលដៅមុនគេ។ ត្រូវចងចាំថា កុំភ្លេចមនុស្សដែលតែងតែជឿទុកចិត្តលើយើង។
៦. រឿង “Remy” (ឆ្នាំ ២០០៧)
Remy ជាតួអង្គមួយដែលមានក្ដីស្រមៃចង់ក្លាយជាមេចុងភៅម្នាក់។ ទោះបីជាគ្មាននរណាម្នាក់ជឿលើរូបលោកក៏ដោយ ក៏លោកនៅតែតស៊ូទៅមុខដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។ រឿង “Ratatouille” បានបង្រៀនមនុស្សទូទៅថា ប្រវត្តិរូបរបស់យើងមិនសំខាន់នោះទេ បើសិនជាយើងក្លាហានក្នុងការបំពេញក្ដីស្រមៃរបស់យើងនោះ។
៧. រឿង “WALL-E” (ឆ្នាំ ២០០៨)
រឿងនេះមិនត្រឹមតែបង្កប់ន័យជ្រៅនោះទេ ថែមទាំងនិយាយអំពីទំនួលខុសត្រូវថែមទៀត។ រឿង “WALL-E” បានបង្រៀនមនុស្សយើងឲ្យចេះការពារភពផែនដី កុំនៅតែបន្តប្រើប្រាស់ធនធានដែលមានលើសកម្រិតរបស់វា។
៨. រឿង “Up” (ឆ្នាំ ២០០៩)
រឿងមនោសញ្ចេតនាកម្សត់ដែលនិយាយពីជីវិតបុរសវ័យចំណាស់ម្នាក់រស់នៅម្នាក់ឯងក្រោយប្រពន្ធជាទីស្រលាញ់របស់លោកបានស្លាប់។ តួអង្គ Carl បានព្យាយាមរកវិធីគ្រប់យ៉ាងដើម្បីបានទៅដល់ទីកន្លែងដែលលោកនិងប្រពន្ធធ្លាប់ប្រាថ្នាចង់ទៅ។ រឿងនេះចង់បង្ហាញឲ្យឃើញថា មនុស្សយើងត្រូវការជីវិតដូចជារឿងព្រេងនិទាន ទោះក្នុងកាលៈទេសៈ និងក្នុងវ័យណាក៏ដោយ។
៩. រឿង “Brave” (ឆ្នាំ ២០១២)
រឿង “Brave” ជារឿងមួយដែលនិយាយពីទំនាក់ទំនងរវាង Merida និងម្ដាយរបស់នាងដែលមានគម្រោងហាមនាងមិនឲ្យប្រថុយនឹងពិភពខាងក្រៅ។ ប៉ុន្តែអ្វីៗនៅតែមិនអាចហាមឃាត់នាងបានពីការចង់ស្វែងយល់ពីពិភពខាងក្រៅនោះឡើយ។ ក្នុងរឿងនេះចង់បញ្ជាក់ថា មនុស្សស្រីមិនមែនត្រូវតែរៀបខ្លួនជាព្រះនាងរហូតនោះទេ ពេលខ្លះក៏អាចធ្វើការងារណាដែលមនុស្សប្រុសធ្វើបាននោះដែរ។
១០. រឿង “Inside Out” (ឆ្នាំ ២០១៥)
Inside Out ជារឿងមួយក្នុងចំណោមរឿងដ៏ល្បីរបស់ Pixar។ តួអង្គសំខាន់ក្នុងរឿងនេះគឺ Riley ជាក្មេងស្រីម្នាក់ដែលព្យាយាមយកឈ្នះអារម្មណ៍របស់នាង(សប្បាយចិត្ត,ពិបាកចិត្ត, ភ័យខ្លាច,ខឹង និងគួរឲ្យខ្ពើម)។ Riley បានបង្រៀនឲ្យមនុស្សទូទៅដឹងថា វាជារឿងធម្មតាទេក្នុងការស្គាល់នូវអារម្មណ៍ផ្សេងគ្នានោះ សំខាន់យើងត្រូវចេះគ្រប់គ្រងវាឲ្យបានល្អ។
១១. រឿង “The Good Dinosaur” (ឆ្នាំ ២០១៥)
រឿងនេះចង់និយាយអំពីទំនាក់ទំនងល្អរវាងក្មេងប្រុសម្នាក់ជាមួយសត្វដាយណូស័រធំមួយ។ រឿងនេះចង់អប់រំថា មិត្តភាពស្មោះត្រង់គឺជាកម្លាំងដ៏អស្ចារ្យមួយដែលមិនអាចកាត់ថ្លៃបាន។
១២. រឿង “Finding Dory” (ឆ្នាំ ២០១៦)
តួអង្គសំខាន់ក្នុងរឿងនេះ គឺជាតួអង្គសត្វត្រីមួយដ៏គួរឲ្យស្រលាញ់ឈ្មោះថា Dory ដែលជាតួអង្គដែលពូកែភ្លេចភ្លាំង។ ក្នុងរឿងនេះ នាងព្យាយាមដើររកក្រុមគ្រួសាររបស់នាង ប៉ុន្តែមិនអាចចាំថាពួកគេនៅទីណា។ ជំងឺភ្លេចភ្លាំងជាជំងឺដែល Dory មានតាំងពីកំណើត។ រឿងនេះចង់អប់រំថា វាពិតជាសំខាន់ណាស់ដែលត្រូវទទួលយកមនុស្សម្នាក់ ទោះជាពួកគេជាមនុស្សបែបណាក៏ដោយ៕