ទេសភាពកម្ពុជា ស្អាតខ្លាំង រហូតទទួលបានពាន១ពីមហោស្រពភាពយន្តអន្តរជាតិ
- ពុធ, 13 ធ្នូ 2017 07:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទេសភាពកម្ពុជា ស្អាតខ្លាំង រហូតទទួលបានពាន១ពីមហោស្រពភាពយន្តអន្តរជាតិ
ចន្លោះមិនឃើញ
ជាមោទនភាពភាពដ៏ធំ១ ដោយថ្មីៗនេះ ទេសភាពទូទាំងព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់១ពីមហោស្រពភាពយន្ត១នៅប្រទេសឥណ្ឌា។
ពានរង្វាន់ក្ដៅៗដែលខ្មែរទទួលបាននោះគឺជា ពានប្រទេសដែលមាន "ទីតាំងថតភាពយន្តលេចធ្លោប្រចាំឆ្នាំ២០១៧" ឬមានន័យជាភាសាអន្តរជាតិថា “Emergin Film Shooting Location of The Year 2017"។ នេះបើតាមការឲ្យដឹងពី លោក ជៀប សុវិជ្ជា នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលថតភាពយន្ត ក្នុងសន្និសីទសារព័ត៌មានព្រឹកមិញនេះ។
លោក ជៀប សុវិជ្ជា មានប្រសាសន៍ថា ប្រទេសកម្ពុជាបានចូលរួមប្រកួតក្នុងកម្មវិធី "International Film Business Award ដែលធ្វើឡើងក្នុងមហោស្រពភាពយន្តឥណ្ឌា ឬ Indywood Film Carnival មានទីតាំងនៅតំបន់ Ramoji Film City ទីក្រុង Hyderabad ប្រទេសឥណ្ឌាកាលពីដើមខែ ធ្នូ ឆ្នាំ ២០១៧នេះ ដែលមានប្រទេសជាច្រើនជុំវិញពិភពលោកចូលរួម។
Indywood Film Carnival ជាព្រឹត្តិការណ៍មួយដែលទទួលការគាំទ្រពីរដ្ឋាភិបាល Telangana និងជាមហោស្រពធំមួយក្នុងប្រទេសឥណ្ឌា ដែលប្រជុំទៅដោយភាពយន្ត និងរូបភាពឯកសារជាច្រើន។ កម្មវិធីនេះ ក៏ជាជំនួបសម្រាប់សមិទ្ធិករ ផលិតករ និងអ្នកឯកទេសភាពយន្ត ដែលមានស្នាដៃនៅក្នុងប្រទេសឥណ្ឌា និង ជុំវិញពិភពលោក ដែលបានរៀបចំ៣លើកហើយ គិតឆ្នាំ២០១៧នេះ។
លោកបានឲ្យដឹងទៀតថា ក្នុងមហោស្រពដដែលនេះ កម្ពុជា មិនបានយកភាពយន្តទៅបង្ហាញទេ ផ្ទុយទៅវិញ កម្ពុជា បានយករូបភាព និង វីដេអូ ពីទេសភាពនៅតំបន់ផ្សេងៗដូចជា ឆ្នេរសមុទ្រ ព្រៃភ្នំ ស្ទឹង បឹង បួរ ប្រាសាទ ទីក្រុង ទៅបង្ហាញ។ ដោយសារតែ ទេសភាពឆ្នេរសមុទ្រកម្ពុជា សម្រស់ប្រាសាទ មានភាពទាក់ទាញ ទើបធ្វើឲ្យប្រទេសកម្ពុជាទទួលបានពានរង្វាន់ខាងលើ ក្រោមការវាយតម្លៃពីគណៈកម្មការ។
នាយកមជ្ឈមណ្ឌលដដែល លើកឡើងទៀតថា ពានរង្វាន់ខាងលើ បានបញ្ជាក់ឲ្យឃើញពីភាពជោគជ័យមួយ លើវិស័យភាពយន្តកម្ពុជា។ លើសពីនេះ វាក៏ជាឱកាសដែលកម្ពុជាបានបង្ហាញខ្លួន ដល់ផលិតករភាពយន្តអាជីពនៅប្រទេសឥណ្ឌា និង បណ្ដាប្រទេសផ្សេងទៀតក្នុងពិភពលោកឲ្យស្គាល់វិស័យភាពយន្តកាន់តែខ្លាំងនៅកម្ពុជា ព្រមទាំងអាចជួយជំរុញដល់ វិស័យទេសចរណ៍ និង សេដ្ឋកិច្ចផងដែរ។
ត្បិតបានផ្ដល់ពានរង្វាន់ឲ្យប្រទេសកម្ពុជា ក៏ពិតមែន ប្រទេសឥណ្ឌា មិនធ្លាប់បានមកថតភាពយន្តនៅកម្ពុជាឡើយ។ លោកមានសុទិដ្ឋិនិយមថា តាមរយៈពានរង្វាន់ខាងលើ ប្រទេសកម្ពុជា នឹងទទួលគម្រោងភាពយន្ត Bollywood មកកាន់ប្រទេសកម្ពុជាយើងកាន់តែច្រើន ក្នុងពេលឆាប់ៗនេះ៕