ទួល​ស្លែង​ក្លាយ​ជា​ជើង​ឯក​ Toyota Junior Cambodia Cup 2017

  • 2017-12-13 07:12:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​​សាលា​បឋម​សិក្សា​ ទួល​ស្លែង​​ បាន​ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់ Toyota Junior Cambodia Cup 2017  ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​បាល់ទាត់​ សុវណ្ណ​ភូមិ​ ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី​ ៣-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​មុន​នេះ។

ក្រុម​បាល់ទាត់​ ទួល​ស្លែង​

​ចំណែក​ក្រុម​លេខ ៣ បាន​ទៅ​លើ​ក្រុម​​ ព្រែកព្នៅ​ ​ដែល​បាន​យក​ឈ្នះ​ក្រុម​​បាល់ទាត់​សាលា​បឋម​សិក្សា​ SIS ១-០។ ក្នុង​ពិធី​បិទ​ការ​ប្រកួត​នេះ​ដែរ​លោក ហ៊ីរ៉ូគី អ៊ីតូស អគ្គនាយក​ក្រុម​ហ៊ុនតូយ៉ូតាខេមបូឌា​បាន​​ឲ្យ​ដឹង​ថា ​បើ​មើល​ទៅ​លើ​ការ​រៀប​ចំ​កន្លង​មក​​ក្មេង​ៗ​ ដែល​បាន​ចូល​រួម​ពិត​ជា​មាន​ការ​រីក​ចំរើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ​សម្រាប់​ក្មេង​ៗ​ដែល​បាន​ក្លាយ​ជា​ជើង​ឯក​​ ល្ងាច​នេះ​​ពួក​គេ នឹង​អាច​កាន់​ដៃ​កីឡាករ​បាល់ទាត់​ក្រុម​បឹង​កេត​​ពេល​ដើរ​ចូល​ទី​​លាន ក្នុង​ការ​ប្រកួត​ជា​មួយ​ក្រុម Sanna Khánh Hòa BVN FC ​របស់​វៀតណាម​នៃ​​ពាន​រង្វាន់ Toyota Mekong Club Championship 2017។

លោក ហ៊ីរ៉ូគី អ៊ីតូស

​​ជា​មួយ​គ្នា​នោះ​​លោក គៀប ប៊ុន​ធី គ្រូ​​បង្រៀន​នៅ​សាលា​ទួល​ស្លែង និង​ជា​គ្រូ​ដែល​បាន​ដឹក​នាំ​ក្រុម​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​នេះ​ បាន​និយាយ​ថា ​លោក​ពិត​ជា​សប្បាយ​ចិត្ត​ក្នុង​ការ​ទទួល​បាន​ឱកាស​ចូល​រួម​លេង​ពាន​នេះ។ វា​ជា​ឱកាស​ល្អ​សម្រាប់​ក្មេង​ៗ ដើម្បី​ឲ្យ​ពួក​គេ​​អាច​លេង​កីឡា​ក្នុង​កំឡុង​ពេល​កំពុង​សិក្សា ជៀស​ផុត​ពី​គ្រឿង​ញៀន​ និង​អំពើ​អបាយមុខ​ផ្សេងៗ។

លោក គៀប ប៊ុន​ធី

​គ្រូ​បង្រៀន​រូប​នេះ​បន្ថែម​ថា ប្រសិន​បើ​​មាន​ឱកាស​ចូល​រួម​លើក​ក្រោយ​ៗ​ទៀត សាលា​របស់​លោក នឹង​​ប្រឹងប្រែង​​បន្ថែម​ទៀត​ ដើម្បី​បាន​ឈ្នះ​ជើង​ឯក​។ សាលា​បឋម​សិក្សា​ទូល​ស្លែង​ធ្លាប់​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​នេះ​កាល​ពី​ឆ្នាំ​២០១៥ ម្ដង​រួច​មក​ហើយ។ សម្រាប់​ការ​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​នេះ​មាន​ក្រុម​ចំនួន ១២ ចូល​រួម​ ដោយ​ធ្វើ​ការ​បែង​ចែក​ជា​ពីរ​ពូល៕

ក្រុម​បាល់ទាត់​ សុវណ្ណ​ភូមិ​ ​​​​
ក្រុម​​ ព្រែកព្នៅ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម