​ម៉ៅ គីមធីតា ខ្លាចឡើង​ព្រឺ​សម្បុរ​មុន​​ចេញ​ថត​រឿង​ថ្មី​

  • 2017-12-15 04:47:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​មហាហង្ស​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​​ភាពយន្ត​ខ្នាត​ធំ​​​​របស់​ខ្លួន​រឿង​ "ផ្ទះ​ចុង​ភូមិ​" នៅ​ព្រឹក​មិញ​នេះ​ ​​ស្ថិត​នៅ​គេហដ្ឋាន​លោក អ៊ិន សុភិន ផ្ទាល់​តែ​ម្ដង​។ ក្នុង​នោះ​ ម៉ៅ គីមធីតា ជា​តួ​ឯក​ស្រី​ក្នុង​រឿង​ខាង​លើ​មាន​​ការ​ព្រួយ​បារម្ភ​ និង​ភ័យ​ខ្លាច​មុន​ភាព​យន្ត​ខ្នាត​ធំ​ថ្មី​មួយ​នេះ​ចេញ​ថត​​។

ថ្លែង​ក្នុង​ពិធី​ក្រុង​ពាលី​រឿង​ ម៉ៅ គីមធីតា បាន​លើក​ឡើង​​ថា នេះ​គឺ​ជា​លើក​ទី​១​ហើយ​សម្រាប់​នាង មាន​ឱកាស​សម្ដែង​ជា​តួ​អង្គ​ស្រី​ត្រូវ​ខ្មោច​ចូល​សណ្ឋិត​ និង​សិច​ស៊ី​។ ហេតុ​ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​​តួ​​ស្រី​​ក្នុង​រឿង​ "មន្ត​ស្នេហ៍​លេខា​" ភាព​​ភ័យ​ខ្លាច​ និង​ព្រួយ​បារម្ភ​ច្រើន​ត្រង់​ឈុត​ឆាក​ខ្មោច​ចូល​សណ្ឋិត​ ព្រោះ​​ខ្លាច​ធ្វើ​មិន​បាន​ល្អ​ដូច​ក្ដី​រំពឹង​ទុក​។

ធីតា រៀប​រាប់​ថា​៖​" គ្រាន់​តែ​និយាយ​​ត្រង់​ចំណុច​សម្ដែង​​ខ្មោច​ចូល​សណ្ឋិត​ហ្នឹង​ខ្ញុំ​ព្រឺ​សម្បុរ​បាត់​​ហើយ​បង​ ​ដោយ​សារ​តែ​​កន្លង​មក​​តួ​អង្គ​ដែល​​ថត​រឿង​ខ្មោច​តែង​តែ​ត្រូវ​ខ្មោច​លង និង​ចូល​សណ្ឋិត​​ជា​ញឹក​ញាប់​។ ទោះ​បី​ជា​មាន​អារម្មណ៍​ភ័យ​ខ្លាច​តែ​ខ្ញុំ​នឹង​ដាក់​ចិត្ត​សម្ដែង​ឲ្យ​បាន​ល្អ​"។

សម្រាប់​លោក អ៊ិន សុភិន អគ្គនាយក​ផលិតកម្ម​មហា​ហង្ស​ បាន​មាន​ប្រសាសន៍​ថា រឿង​ "ផ្ទះ​ចុង​ភូមិ​" ជា​ប្រភេទ​រឿង​ខ្មោច​ភ័យ​​រន្ធត់​​​​ និង​កំប្លែង​ ៩០ ភាគ​រយ​ ជា​ស្នាដៃ​និពន្ធ​​ដោយ​លោក​ផ្ទាល់ និង​ដឹក​នាំ​សម្ដែង​​ដោយ​លោក ជុំ វិចិត្រ​ ។លោក​ថា​៖​"​ មាន​​ឈុត​ឆាក​កំប្លែង​ភ័យ​រន្ធត់​ច្រើន​បែប​ហ្នឹង​ហើយ​ ទើប​ខ្ញុំ​ជឿជាក់​ និង ​សង្ឃឹម​ថា​ នៅ​ពេល​រឿង​ខ្ញុំ​ចាក់​បញ្ចាំង​នៅ​រោង​កុន នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ពុក​ម៉ែ​បង​ប្អូន​គ្រប់​មជ្ឈដ្ឋាន​"។​​

រឿង​ "ផ្ទះ​ចុង​ភូមិ​" ចំណាយ​ដើម​ទុន​ក្នុង​ការ​ផលិតកម្ម​៥ ដុល្លារ​អាមេរិក​ ដំណើរ​ការ​ថត​នៅ​ថ្ងៃ​ទី​ ១៦ ស្អែក​នេះ​។ ចំណែក​ឯ​ទីតាំង​ថត​នៅ​ភ្នំបាសិត​ថ ចូល​រួម​សម្ដែង​​ដោយ​ ម៉ៅ គីមធីតា លោក ជា សុវណ្ណារាហ៍ នាយ គ្រឿន សឿន ផានផាភួង ព្រម​ទាំង​តារា​សម្ដែង​ស្រី​​ប្រុស​ជា​ច្រើន​រូប​ទៀត​៕

អត្ថបទ៖ ឆុង ស៊ីណាន