ស្ងាត់ៗស្រីស្អាត ចរិយា ពេជ្រ បើកហាងថែរក្សាសម្ផស្សតម្លៃរាប់ម៉ឺនដុល្លារ
- 2017-12-17 05:21:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗស្រីស្អាត ចរិយា ពេជ្រ បើកហាងថែរក្សាសម្ផស្សតម្លៃរាប់ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
តារាសម្ដែងសាច់សខ្ចី ចរិយា ពេជ្រ បានធ្វើពិធីសម្ពោធហាងថែរក្សាសម្ផស្សតម្លៃរាប់ម៉ឺនដុល្លារ កាលពីព្រឹកមិញនេះនៅម្ដុំស្ពានអាកាសក្បាលថ្នល់ទល់មុខទន្លេបាសាក់២។
ថ្លែងក្នុងពិធីបើសម្ពោធហាងថែរក្សាសម្ផស្ស ចរិយា ពេជ្រ បានលើកឡើងថា ចំពោះការបើកហាងរកស៊ីថ្មីនេះដែរមានការជំរុញលើកទឹកចិត្តពីបងស្រី ហេតុដូច្នេះហើយទើបនាងហ៊ានបោះដើមទុន ១០ ម៉ឺនដុល្លារ ដើម្បីបំពេញបំណងសុភាពនារីទាំងឡាយដែលចង់បានសម្ផស្សស្រស់ស្អាត និងក្មេងជាងវ័យ។
ចរិយា ពេជ្រ រៀបរាប់ថា ការបើកអាជីវកម្មលើកដំបូងខ្លួនមិនខ្លាចក្នុងការប្រកួតប្រជែងទីផ្សារនោះទេ ព្រោះហាងថែរក្សាសម្ផស្ស មានវេជ្ជបណ្ឌិតជំនាញមកពីប្រទេសថៃ ផ្នែកថែរក្សាសម្រស់ពេញ១ដងខ្លួនរបស់ស្ត្រីតែម្ដង។ សម្រាប់ថ្ងៃខាងមុខហាងថែរក្សាសម្ផស្ស "យូអ៊ី ប៊ីយូធី" របស់នាងអាចពង្រីកទីតាំងទៅតាមខេត្តបន្ថែមទៀត។
“សម្រាប់ពេលនេះហាង "យូអ៊ី ប៊ីយូធី" មានតែនៅភ្នំពេញនៅឡើយទេបង មិនទាន់បានពង្រីកសាខាទៅតាមខេត្តទេ តែថ្ងៃខាងមុខខ្ញុំនឹងបើកសាខានៅតាមខេត្ត តែក្នុង១ខេត្តតម្រូវឲ្យមានហាង យូអ៊ី ប៊ីយូធី តែមួយប៉ុណ្ណោះ" ។នេះបើតាម ចរិយា ពេជ្រ បញ្ជាក់។
ក្នុងពិធីបើកហាងថែរក្សាសម្ផស្សព្រឹកមិញនេះ ព្រះ កាយច័ន្ទ ដែលជាមិត្តស្និទ្ធស្នាលរបស់ ចរិយា ពេជ្រ ក៏បានមកចូលរួមអបអរសាទរផងដែរ៕