លើក​នេះ ឡាយ លក្ខិណា និយាយ​ពាក់ព័ន្ធ​ពីមិត្ត​​ទាំង​៣

  • 2017-12-18 07:57:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​រូប​នេះ ​អធិប្បាយ​ដូច្នេះ ក្រោយ​ត្រឡប់​ចូល​សិល្បៈជា​ថ្មី ហើយ​ទទួល​បាន​ការ​ប្រៀប​ធៀប​ជាមួយ​មិត្ត​ភក្ដិ​ទាំង​បី​ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅក្នុង​ស្ថានភាព​ជីវិត​មួយ​ប្រសើរ​ជាង​នាង​ឆ្ងាយ ខណៈ​នាងធ្លាប់​ជួប​​ស្ថានភាព​​ជីវិត​គូ​មាន​ភាព​រកាំរកូស។

“តាំង​ពី​ខ្ញុំ​ចូល​សិល្បៈ​វិញ មាន​ការ​ប្រៀប​ធៀប​​ខ្ញុំ និង​ពួក​គាត់​ច្រើន ប៉ុន្តែ​សម្រាប់​ខ្ញុំ គឺ​មិន​តូច​ចិត្ត​នឹង​វាសនា​ខ្លួន​ឯងទេ ត្បិត​ថា​មនុស្ស​ម្នាក់​មាន​ការ​ចង់​បាន​ខ្ពង់ខ្ពស់​ដូច​គ្នា ប៉ុន្តែ​វាសនាមិន​ដូច​គ្នាទេ អីចឹង​ខ្ញុំ​មិនយក​ខ្លួន​ឯង​ទៅ​ប្រៀប​នឹង​អ្នក​ណា​ទេ តែ​ខ្ញុំ​មាន​មោទនភាព​ដែល​បាន​ស្គាល់ និង​ធ្វើ​មិត្ត​ជាមួយ​ពួក​គាត់"។

ឡាយ លក្ខិណា គឺ​ជា​អតីត​តារា​សម្ដែង ចម្រៀង និង​ដើរ​ម៉ូដ ល្បី​ឈ្មោះ​មួយ​អំឡុង​ទសវត្ស​ឆ្នាំ ៩០ ជាមួយ​ស្រីតូច ចំណាន ដែល​បាន​ក្លាយ​ជា​ជំទាវ​របស់​អ្នក​ឧកញ៉ា គិត​ ម៉េង សៀម ស្រីណុច កំពុង​សោយសុខ​លើ​ដី​អឺរ៉ុប និង​ពេជ្រ​ ច័ន្ទបរមី ភរិយា​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប។ កាល​ណោះ ពួក​គេ ទទួល​បាន​ងារ​ថា​​ជា ស្រី​ស្អាត​ទាំង​៤។ ​នាង​បាន​ដក​ខ្លួន​ពី​សិល្បៈ​នា​អំឡុង​ឆ្នាំ ២០០៤-០៥ ក្រោយ​ភ្ជាប់​ពាក្យ​ជាមួយ​គូដណ្ដឹងជា​អាណិកជន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក និង​បន្តលាក់​ខ្លួន​ពី​សិល្បៈជាង​១០​ឆ្នាំទៀត ក្រោយ​ការ​ចាប់​ផ្ដើម​ដំបូង​នៃ​ជីវិត​គូ បាន​ជួប​ប្រទះ​ការ​បាក់​បែក។

លក្ខិណា ថា​ពេល​នោះ នាង​មាន​អារម្មណ៍​មិន​ល្អ ទឹក​ចិត្ត​ក៏​មិន​ជ្រះ​ស្រឡះ​ពី​ការ​ឈឺ​ចាប់​ ទើប​បង្ខាំង​ខ្លួន​ឯង​នៅ​ពី​ក្រោយ​វាំង​នន​​សិល្បៈ មិន​ជួប​មិត្តភក្ដិ​ណា​ទាំង​អស់ សម្ងំ​ប្រកប​អាជីវ​កម្ម​លក់​ខោអាវ​នៅ​ផ្សារ​អូឬស្សី និង​ទើប​តែ​ផ្លាស់ទៅ​ម្ដុំ​ទួលគោក​ថ្មី​ៗ។នាង​ទើប​តែ​បង្ហាញ​មុខ​វិញ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​បន្ទាប់​ពី​មាន​ការ​ជំរុញ​ពី​មិត្ត​ភក្ដិ​នានា និង​ស្ដាយ​ទេពកោសល្យ​សិល្បៈ​ដែល​នាង​នៅ​មាន​ផង។ ការ​វិល​ត្រឡប់​នេះ បាន​នាំ​ឲ្យ​មាន​ការ​ប្រៀប​ធៀប​ជាមួយ​មិត្តទាំង​៣។

​មិន​បន្ទោស​វាសនា​ខ្លួន​ឯង អតីត​ស្រី​ស្អាត​ម្នាក់​ក្នុង​ចំណោម​៤​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា នាង​សូម​សរសើរ​ពី​សំណាង​របស់​មិត្ត​ទាំង​៣ ដែល​អាច​កសាង​ជីវិត​ឲ្យ​ត្រចះ​ត្រចង់​ ហើយ​សង្គមទទួល​ស្គាល់​បាន។ នាង​អះអាង​ថា ការ​ទទួល​បាន​ជីវិត​ថ្កុំថ្កើង​របស់​អតីត​មិត្ត​ទាំង​៣ គឺ​ជះឥទ្ធិពល​​ល្អ​ដល់​សង្គម​សិល្បៈ​ទាំង​មូល ដែល​ក្នុង​នាម​ជា​អ្នក​សិល្បៈ នាង​ក៏​មោទនភាពជួស​ពួក​គេ​ដូច​គ្នា។

”ស្រី​ចម្រៀង ឬ​តារា​សិល្បៈ មិន​មែន​ទុក​សម្រាប់​តែ​កម្សាន្ត​​ទេ ប៉ុន្តែ​គឺ​ជា​មនុស្ស​មាន​តម្លៃ​ដែល​សង្គម​អាច​លើក​ស្ទួយ​បាន​ដូច​គ្នា។ អីចឹង​នៅ​ពេល​ពួក​គាត់​អាច​ឈរ​នៅ​កន្លែង​មួយ​ខ្ពស់​​ដូច្នេះ គឺ​ជះ​ឥទ្ធិពល​ល្អ​ដល់​សិល្បៈ មាន​ន័យ​ថា អ្នក​សិល្បៈ​ ក៏​ជា​មនុស្ស​ដែល​មាន​កិត្តិយស និង​គុណតម្លៃ​ អាច​មាន​អនាគត​ល្អ​ដូច​គ្នា!” លក្ខិណា ថ្លែង៕ ​  

អត្ថបទ៖ ទារិកា