៤រឿង​ធំៗ កាល​ពីសប្ដាហ៍មុន ដែល​មិន​គួរ​មើល​រំលង

  • 2018-01-09 02:34:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​មុន​នេះ ព្រឹត្តិការការណ៍​ធំៗ មាន​ចំនួន​ ៤ ដែល​មិន​គួរ​មើល​រំលង​នោះ គឺ​ទី ១ យុទ្ធនាការ​ចាប់​​អ្នក​ជិះ​អត់​គោរព​ច្បាប់​ចរាចរណ៍​ទ្រង់ទ្រាយធំ, ការ​ផ្ដល់​មូលនិធិ​ដល់​អ្នក​ធាក់ស៊ីក្លូ, ស្ពានអាកាស​ ៥មករា ជិតបើក​ដំណើរការ, និង ពិព័រណ៌​​គ្រឿង​អលង្ការ និង​គ្រឿង​លម្អ​​ខ្មែរ​សម័យ​បុរាណ អំពី​មាស កម្រឃើញ​នៅកម្ពុជា។

ចង់ដឹង​ច្បាស់​តាមដាន​ព្រឹត្តិការណ៍​និមួយៗ​ នៅខាងក្រោម​នេះ៖

យុទ្ធនាការ​ ចុះ​ចាប់​អ្នក​ជិះ​អត់​គោរព​ច្បាប់​ចរាចរណ៍​​​ទ្រង់ទ្រាយ​ធំ

ចាប់​​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​០៥ ​ខែ​មករា​ ខណ្ឌទាំង១២ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​​ចុះ​​ប្រតិបត្តិការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ​ដែល​ជា​យុទ្ធនាការ​ចុះ​ចាប់​អ្នក​ជិះ​អត់​គោរព​ចរាចរណ៍​ ច្បាប់​​ទ្រង់ទ្រាយ​ធំ។ អ្នក​​ល្មើស​ច្បាប់​តម្រូវ​ឲ្យ​ធ្វើ​កិច្ច​សន្យា​ឈប់​ប្រព្រឹត្តិ​ខុស​ ទទួល​ការ​អប់រំ​ណែនាំ និង​ត្រូវ​មាន​មួក​សុវត្ថិភាព កញ្ចក់ ទើប​អាច​អូស​ម៉ូតូ​ទៅ​ផ្ទះ​បាន។​

ជីវិត​តា​ស៊ីក្លូ​លែង​លំបាក​ទៀត​ហើយ​

លុយ ​១២០​លាន​រៀល​ក្នុង​ ១​ឆ្នាំ​ត្រៀម​ជួយ​សម្រួល​ដល់​ជីវភាព​របស់​អ្នក​ធាក់​ស៊ីក្លូ​ទាំង​អស់​ឲ្យ​កាន់​តែ​ប្រសើរ​ក្នុង​ពេល​ឆាប់ៗ​នេះ​។ ​អ្នក​ធាក់​ស៊ីក្លូ​ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​"មូលនិធិ​ទ្រទ្រង់​ស៊ីក្លូ" ​បង្កើត​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន។ ក្រៅ​ពី​នេះ​កម្មករ​ស៊ីក្លូ​ទូទាំង​ប្រទេស​ ក៏​នឹង​ទទួល​បាន​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​មិន​គិត​ថ្លៃ នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ផង​ដែរ​។

ជិត​បាន​ជិះ​លើ​ស្ពាន​អាកាស​ទី​៥

ស្ពាន​អាកាស​ស្តុប​ផ្សារ​ដី​ហុយ ឬ​ស្ពាន​អាកាស​ទី​៥ នឹង​បញ្ចប់​ការ​សាងសង់​ឲ្យ​បាន​មុន​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ។ បច្ចុប្បន្ន​ស្ពាន​នេះ​ត្រូវ​បាន​សាងសង់​រួច​​រាល់​ចំនួន ៨៥% ហើយ គិត​ចាប់​តាំង​ពី​បើក​ការដ្ឋាន​កាល​ពី​ចុង​ខែ​សីហា ឆ្នាំ​២០១៦។ ស្ពាន​អាកាស​ស្តុប​ផ្សារ​ដី​ហុយ មាន​ប្រវែង​បណ្ដោយ ៩០៥​ម៉ែត្រ ទទឹង ១៦,៥​ម៉ែត្រ ស្ថិត​នៅ​ប្រសព្វ​រវាង​មហា​វិថី​សហព័ន្ធ​រុស្ស៊ី និង​ផ្លូវ​ហាណូយ។

ពិព័រណ៍​កម្រ​នៅ​កម្ពុជា​

​គ្រឿង​អលង្ការ និង​គ្រឿង​លម្អ​​ខ្មែរ​សម័យ​បុរាណ អំពី​មាស និង​ប្រាក់​ដែល​ជា​សមុច្ច័យ​វត្ថុ​ពិចិត្រ​នៃ​សារ​កិច្ច​សំពះ​គ្រូ​ ល្ខោន​នេះ​នឹង​ដាក់​តាំង​​ឲ្យ​ចូល​ទស្សនា​​រយៈពេល​១ខែ​ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​មករា ដល់​ថ្ងៃ​ទី​៣ខែកុម្ភៈ​ឆ្នាំ​២០១៨ នៅ​សារមន្ទីរជាតិ។ ឈុត​គ្រឿង​អលង្ការ​មាស​សម័យ​អង្គរ​ ត្រូវ​បាន​នាំ​យក​មក​ពី​ប្រទេស​អង់គ្លេស ត្រឡប់​មក​កម្ពុជា​វិញ​កាល​ពី​ថ្ងៃ​ទី​០២ ធ្នូ ២០១៧ ​។ ឈុត​គ្រឿង​អលង្ការ​មាស​សម្រាប់​លម្អ​រូប​ចម្លាក់​នា​សម័យ​អង្គរ រួម​មាន​មកុដ​១ ក្បាច់​ពាក់​សៀត​ផ្កា១​គូ ក្រវិល​១​គូ ខ្សែ​ក​១ ស្នាប់​ដៃ​១​គូ ខ្សែ​ពាក់​ឈៀង(ក្រវាត់​ទ្រូង) ១​គូ និង​ខ្សែ​ចង្កេះ​១។

 

អត្ថបទ៖ ហ្សាឌីណា

អត្ថបទថ្មី