សៅ សុខា៖ ​ក្លឹប​នៅ​លីគ ​បើ​នៅ​តែ​បៅ​ដោះ​ពហុ​កីឡដ្ឋាន​ជាតិ ​មិន​រីក​ចំរើន​ទេ

  • 2018-02-26 06:57:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម សៅ សុខា ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​បញ្ជាក់​ថា​ក្លឹប​នៅ​លីគ​កម្ពុជា​ទាំង​អស់ ​ប្រសិន​បើ​នៅ​តែ​ចង់​យក​ពហុ​កីឡដ្ឋាន​ជាតិ​ជា​ទឹក​ដី​របស់​ខ្លួន​នោះ វា​នឹង​មិន​រីក​ចំរើន​ទៅ​មុខ​នោះ​ទេ។

ក្នុង​ឱកាស​មហា​សន្និបាត​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​នៅ​ព្រឹកមិញ​នេះ ​ឯកឧត្តម សៅ សុខា ​គាំទ្រ​ចំពោះ​ការ​យក​ខេត្ត​ណាមួយ​ជា​ទឹក​ដី​សម្រាប់​ក្លឹប​នៅ​លីគ​កំពូល​កម្ពុជា។ ​ប្រសិន​បើ​ក្លឹប​ទាំង​អស់​នៅ​តែ​ចង់​បាន​ពហុ​កីឡដ្ឋាន​ជាតិ​ធ្វើ​ជា​ទឹក​ដី ​ហើយ​មិន​ធ្វើ​កីឡដ្ឋាន​ខ្លួន​ឯង​ទេ នោះ​ពួកគេ​នឹង​គ្មាន​ថ្ងៃ​អ្នក​មាន​អ្នក​គាំទ្រ​ច្រើន​ឡើយ។ ក្លឹប​បាល់ទាត់​ដែល​មិន​មាន​ការ​គាំទ្រ​ទេ ​នោះ​ក៏​មិន​អាច​រីក​ចំរើន​ទៅ​មុខ​បាន​ដែរ។

គិត​ត្រឹម​បច្ចុប្បន្ន​នេះ​លីគ​កំពូល​កម្ពុជា​កំពុង​តែ​រវល់​ខ្លាំង​រឿង​ក្លឹប​មួយ​ចំនួន​មិន​ទាន់​មាន​កីឡដ្ឋាន​ធ្វើ​ជា​ទឹក​ដី​នៅ​ឡើយ​ទេ។ កត្តា​នេះ បាន​ធ្វើ​ឱ្យ​កម្មវិធី​ប្រកួត​​លីគ​កំពូល​កម្ពុជា​នៅ​ថ្ងៃ​ទី​៣​ខែ​មីនា​ឆ្នាំ​២០១៨ ​អាច​នឹង​មាន​ការ​ប្រែប្រួល ​ព្រោះ​កត្តា​រៀប​ចំ​មិន​ទាន់​នេះ។ ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​បាន​ផ្ដល់​យោបល់​ថា​ក្លឹប​គួរ​តែ​រៀប​ចំ​កីឡដ្ឋាន​របស់​ខ្លួន ​ឱ្យ​បាន​រៀបរយ​ ព្រោះ​វិស័យ​កីឡា​ត្រូវ​ការ​អ្នក​គាំទ្រ ​ហើយ​អ្នក​គាំទ្រ​នៅ​តាម​ខេត្ត​ក៏​ខ្លាំង​ណាស់​ដែរ។

តួយ៉ាង​ដូចជា​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ​សម្រាប់​សាលា​តម្រង់​ទិស​ទាំង​២៥​ខេត្ត​ក្រុង គឺ​ដើម្បី​ស្វែង​រក​កីឡាករ​ល្អ ​និង​អ្នក​គាំទ្រ​តាម​បណ្ដា​ខេត្ត។ ប្រសិន​បើ​១​ខេត្ត​អាច​ជ្រើសរើស​កីឡាករ​បាន​ល្អ​១​នាក់​ក៏​អាច​នឹង​និយាយ​បាន​តាម​ថា​គ្រប់​ហើយ​សម្រាប់​ជម្រើស​ជាតិ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។ មិន​ត្រឹម​តែ​ស្វែង​រក​បាន​កីឡាករ​ល្អ​នោះ​ទេ ​យុទ្ធ​សាស្ត្រ​សាលា​តម្រង់​ទិស​គ្រប់​ខេត្ត​នេះ ​នឹង​ធ្វើ​ឱ្យ​ការ​គាំទ្រ​វិស័យ​កីឡា​កាន់​តែ​ផុលផុស​ថែម​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី