ក្រោយលែងលះប្រពន្ធ បង​ធម៌​នាយ​ចឺម កំពុង​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយ សុវណ្ណ រ៉ាផា តែ​ខាង​ស្រី​ប្រកែក​

  • 2018-04-03 07:00:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ផលិតកម្ម​ BKS ​លោក ​ឈុន សុវណ្ណ​ភក្ដី ហៅ​នាយ​ក្ដី ដែល​ត្រូវ​ជា​បង​ធម៌​នាយ​ចឺម ត្រូវ​បាន​ប្រភព​ច្បាស់ការ​មួយ​បាន​​ទម្លាយ​ឲ្យ​ដឹង​ថា កំពុងតែ​​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយតារា​សម្ដែង​ស្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ កញ្ញា សុវណ្ណរ៉ាផា។ ប៉ុន្តែ​ដំណឹង​នេះ ភាគី​ខាង​ស្រី​បាន​ប្រកែក ដោយ​អះអាង​ថា ទំនាក់ទំនង​របស់​​ពួក​គេ​ទាំង​ពីរ​គ្រាន់​តែជា​មិត្តភក្តិ​រួម​អាជីព​ប៉ុណ្ណោះ។

ដំណឹង​នៃ​ការ​​បង្កាត់​ភ្លើង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ ត្រូវ​បាន​ប្រភព​ខាង​លើ​បញ្ជាក់​ឲ្យ​ដឹង​ថា មិនមែន​ទើប​តែ​កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ទេ ពោល​គឺ​កើត​ឡើង​តាំង​ពី លោក ​ឈុន សុវណ្ណ​ភក្ដី ហៅ​នាយ​ក្ដី មិន​ទាន់​លែង​លះ​ប្រពន្ធ មក​ម្ល៉េះ។

ប្រភព​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​ខាង​លើ​បាន​រាយការណ៍​មក​ថា នាយ​ក្ដី​ដែល​ជា​បង​ប្អូន​ធម៌​នាយ​ចឺម តែងតែ​បណ្ដើរ សុវណ្ណរ៉ាផា ជា​ញឹក​ញយ​ពេល​មាន​កម្មវិធី​ជួបជុំ​អ្នក​សិល្បៈ​ម្ដងៗ ប៉ុន្តែ​ការ​បណ្ដើរ​នោះ មិន​បាន​បើក​ចំហ​នោះ​ទេ បើ​កម្មវិធី​មាន​ក្រុម​អ្នក​សារព័ត៌មាន​ចូល​រួម ពួក​គេ​តែងតែ​ចែក​ផ្លូវ​គ្នា ដោយ​ម្នាក់​មក​មុន ម្នាក់​មក​ក្រោយ ។

ចាប់​តាំង​ពី​ពេល​​អ្នក​ទាំង​២​​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​​មក រ៉ាផា ក៏​ដូច​ជា នាយ​ក្ដី ត្រូវ​បាន​នាយ ចឺម នាំ​ទៅ​សម្ដែង ​​រហូត ដូច​ជា ថត​រឿង​កំប្លែង​ខ្លីៗ​នៅ​ CTN និង ចុះ​រាំ​តាម​ Concertជា​ដើម ដោយ​កន្លង​មក រ៉ាផា មិន​ទាំង​ចេះ​រាំ​ផង នាង​ក៏​បាន​ហាត់​រាំ​ជា មួយ​ក្រុម​រាំ​នាយ ចឺម ដើម្បី​ចុះ​រាំ តាមConcert​ដែល នាយ​ចឺម​ចុះ​ទៅ​ច្រៀង ហើយ​នាយ​ក្ដី​តែង​ទៅ​ជា​មួយ​រហូត។

កាល​ពី​ពេល​ថ្មីៗ​នេះ សុវណ្ណរ៉ាផា បាន​ធ្វើ​ខួប​កំណើត ក្នុង​នោះ ​ក៏​គេ​ឃើញ​មាន​វត្ត​មាន នាយ​ក្ដី ដោយ​លោក​​បាន​នាំ​ទាំង កាដូ យ៉ាង​ពិសេស​ជូន ថែម​ទៀត​ផង ប៉ុន្តែ​គេ​មិន​ដឹង​ថា ការ​ដូនោះ​មាន​អ្វី​ខ្លះ​នោះ​ទេ។

ជុំ​វិញ​ការ​លើក​ឡើង​នេះ មិន​អាច​ស្នើ​សុំ​ការ​បក​ស្រាយ ពី លោក ​ឈុន សុវណ្ណ​ភក្ដី ហៅ​នាយ​ក្ដី បាន​ឡើយ ប៉ុន្តែ ​កញ្ញា​ សុវណ្ណរ៉ាផា វិញ បាន​ប្រកែក ដោយ​អះអាង​ថា ទំនាក់ទំនង​របស់​​ពួក​គេ​ទាំង​ពីរ​គ្រាន់​តែ ជា​មិត្តភក្តិ​រួម​អាជីព​ប៉ុណ្ណោះ។ រ៉ាផា បាន​លើក​ឡើង​ថា នាង​ក៏​ដូច​ជា​នាយ​ក្ដី សូម​មិន​ធ្វើ​ការ​បក​ស្រាយ​អ្វីទាំង​អស់ ដើម្បី​​កុំ​ឲ្យ ​មាន​​​ព័ត៌មាន​ចេះតែ​​វែង​ឆ្ងាយ​តទៅ​ទៀត។ នាង​ថា វត្តមាន​នាយ​ក្ដី​ថ្ងៃ ខួប​កន្លង​ទៅ ដូច​​នាង​បាន​លើក​ឡើង ខាង​លើ​គ្រាន់​តែ ភក្តិ​រួម​អាជីព​ប៉ុណ្ណោះ។ នាង​ថា មិន​ត្រឹម​តែ មាន​គេ​សង្ស័យ​ថា ខ្លួន​​ជា​សង្សារ​នាយ​​ក្ដី​​ទេ មាន​អ្នក​ខ្លះ​ថា នាង​​​ជា​សង្សារ​នាយ​ចឺម​ក៏​មាន៕

អត្ថបទ៖ ដេត ធន្នី

រូបភាព៖ TheSnipePhotography

អត្ថបទថ្មី