Angelina Jolie ធ្វើឲ្យតារាខ្មែរម្នាក់សម្រេចក្តីស្រមៃ រហូតនាងដាក់ឈ្មោះកូនតាម

  • 2018-04-20 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ផលិត​រឿង​ «មុនដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» អ្នកស្រី Angelina Jolie បាន​បន្ថែម​ឈុត​មួយ​ដែល​មិនមាន​ក្នុង​សៀវភៅ​រឿង​ដើម​ តែ​បាន​សម្រេច​ក្តី​ស្រមៃ​របស់​តារា​សម្តែង​ស្រីខ្មែរម្នាក់ឱ្យមានឱកាសសម្តែង​ក្នុ​ង​ភាពយន្ត​ខ្មែរ​មួយនេះ។

អ្នកស្រី Angelina Jolie និងអ្នកនិពន្ធរឿង អ៊ឹង លួង និងតួក្មេងស្រី លួង

ទស្សនិកជនដែលធ្លាប់ទស្សនារឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ប្រាកដជាចងចាំឈុតចុង​ក្រោយ​នៃ​ការ​វាយ​ប្រហារ​របស់​កង​ទ័ពខ្មែរ​ក្រហម និង​កងទ័ពវៀតណាម ក្រោយចប់សង្គ្រាម បងប្អូនត្រកូល អ៊ឹង បានជួបជុំគ្នា។ ពេលបន្ទាប់នោះ ក្មេងស្រី លួង បានដើរក្នុងជំរំ ហើយក៏ឃើញការសម្រាលកូន ដែល​បង្ហាញ​ពី​ជីវិត​ថ្មី​ក្រោយ​វិបត្តិ។ នេះ​ជា​ឈុត​បង្គប់​ន័យ ដែល​មាន​ខ្លឹមសារ​ដ៏​សំខាន់​មួយ​ មុន​នឹង​រឿង​នេះ​ត្រូវ​បាន​បញ្ចប់​។

ឈុតក្រៅឆាកមុនសម្តែងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»

ទារកក្នុងឈុតនេះត្រូវបាន​ពេទ្យលើកមកបី បន្ទាប់ពីសម្រាលរួច ហើយ​ដាក់​កើយ​លើ​ដើម​ទ្រូង​ម្តាយ​ ដែល​សម្តែង​ដោយ អ្នកនាង ថន ថាណែត ក្នុងពេលដែលនាងទើបតែសម្រាលកូនស្រីទី ២ របស់ខ្លួនហើយ។ អ្នកនាង ថាណែត បានបញ្ជាក់ថា កូនស្រីទី ២ នេះទើបតែសម្រាលបានមិនដល់មួយអាទិត្យផង ក៏បានសម្តែងក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ជាមួយនាង ក្នុងឈុតដែលមានរយៈពេលជាង ១នាទីនេះ។

រូបភាពមុនសម្តែងរឿង «ដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ»

មុននឹងភាពយន្ត «មុនដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» ផលិត អ្នកស្រី Angelina Jolie បានទាក់ទងមកអ្នកនាង ថន ថាណែត ឱ្យចូលរួមសម្តែងដែរ តែពេលនោះអ្នកនាងកំពុងពពោះ ហេតុនេះមិនអាចធ្វើឱ្យនាងសម្តែងឈុតណាមួយបានឡើយ។ ជារឿងដ៏អស្ចារ្យមួយ ដែលសិល្បកររូបនេះនឹកស្មានមិនដល់ថា អ្នកដឹកនាំរឿង អ្នកស្រី Angelina Jolie បាន​បន្ថែម​ឈុតបង្កើតកូន​នេះ ​ហើយ​ត្រូវ​ចំ​ពេល​ដែល​រូប​នាង​ទើប​សម្រាលកូន​ស្រីទី២​ទៀត​។

អ្នកនាង ថន ថាណែត ពេលកំពុងពពោះ

កាលដើមឡើយ តួឯករឿងរបស់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា «កូនស្រីឥស្លាម» រូបនេះគិតថា រូបនាង ពិតជាបាត់បង់ឱកាសដ៏មានតម្លៃមួយនេះ​ហើយ។ មិនដឹងថាមានរឿងអ្វីកើតឡើងនោះទេ ឬអាចមកពីសមត្ថភាពសម្តែងដ៏ល្អរបស់នាង ស្រាប់តែក្រុមការងារ​ថត​រឿង​របស់អ្នកស្រី Jolie ក៏ទាក់ទងមកឱ្យសម្តែង​ក្នុងរឿងនេះវិញត្រង់ឈុតមួយដែលឥតព្រៀងទុក។ អ្នកនាង ថាណែត មានការកោតសរសើរ និងពេញចិត្តរកពាក្យអ្វីមកថ្លែងពុំបាន ​ខណៈបានសម្រេចក្តីស្រមៃដែលគិតប៉ងតាំងពីក្មេង​ថា នឹងអាចសម្តែងក្នុងរឿងខ្នាតធំបែបនេះ ពិសេសរឿងរបស់តារាហូលីវូដ។

អ្នកនាង ថន ថាណែត ជាមួយផលិតករបរទេស ថ្ងៃសម្ពោធរឿង «មុនដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​»

ក្រោយបញ្ចប់ការសម្តែងក្នុងរយៈពេលមួយសប្តាហ៍ក្នុងឈុតនេះ ក្រុមការងារក៏លើកទឹកចិត្តថា គួរដាក់ឈ្មោះ​កូន​ស្រី​ទី២នេះ តាមអ្នកស្រី Jolie ដូចនេះតួម្តាយដ៏មានសំណាងម្នាក់នេះក៏បានសម្រេចចិត្តដាក់ឈ្មោះកូនស្រីទី ២នេះថា ជូលីថាណា តែម្តងទៅ។ ដំណឹងនេះបានធ្វើឱ្យអ្នកដឹកនាំរឿង «មុនដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» មានការរំភើបចិត្ត រហូត​បាន​ផ្ញើសារអបអរសាទរ និងរីករាយជាខ្លាំងមកដល់អ្នកនាង ថាណែត។

អ្នកនាង ថន ថាណែត និងកូនស្រី ជូលីថាណា អាយុ២ឆ្នាំ

ថន ថាណែត តារាសម្តែងកាន់ពានរង្វាន់តារាសម្តែងឆ្នើម ក្នុងរឿង «The Gate» ដែលជាភាពយន្តខ្នាតធំ​ផលិត​ដោយបរទេសក្នុងទឹកដីអង្គរ ខេត្តសៀមរាប និយាយអំពីជ្រុងមួយនៃរបប ខ្មែរក្រហម ក៏មានវត្តមានក្នុងរឿងខ្នាតធំមួយទៀតផលិតដោយផលិតករ និងអ្នកដឹកនាំរឿងជនជាតិ ឥណ្ឌា ដែលមានចំណងជើងថា «វិញ្ញាណអាគម»។ បច្ចុប្បន្នតារាស្រីរូបនេះ ក៏បានក្លាយខ្លួនជានារីអាកាសចរណ៍ របស់ជើងហោះហើរមួយនៅក្នុងខេត្តសៀមរាប ទឹកដីកំណើតរបស់ខ្លួន ហើយនេះជាបំណងប្រាថ្នាក្នុងជីវិតមួយទៀតរបស់អ្នកនាង ថាណែត៕

អ្នកនាង ថន ថាណែត ទទួលពានរង្វានតារាសម្តែងឆ្នើម ក្នុងរឿង «The Gate»

អត្ថបទ៖ Sunny

អត្ថបទថ្មី