សារព័ត៌មាន​​ហុងកុង​ចេញផ្សាយ​ព័ត៌មានធំៗ​ បញ្ជាក់​ថា ក្បាច់គុន Muay Thai មាន​ដើម​កំណើត​មកពី​ខ្មែរ

  • 2018-04-22 03:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន The South China Mornig Post ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ទើប​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា Muay Thai (ប្រដាល់​ថៃ) មាន​​ដើម​កំណើត​មក​ពី​សិល្បៈ​ក្បាច់​គុន​បុរាណ​ខ្មែរ​ ដោយ​មាន​តឹកតាង​នៅ​លើ​ជញ្ជាំង​ប្រាសាទ​ខ្មែរ​នា​សតវត្ស​ទី​១២ ​មិន​អាច​ប្រកែក​បាន។

លោក សាន គឹមស៊ាន

នៅ​ក្នុង​អត្ថបទ​ដ៏​វែង​អន្លាយ ដែល​បាន​ចុះ​ផ្សាយ​​ដោយ​សារព័ត៌មាន​ដ៏​ចំណាស់​នេះ បាន​ដាក់​ចំណង​ជើង​ថា "សិល្បៈ​ក្បាច់​គុន​បុរាណ​ដែល​ជា​ដើម​កំណើត​របស់​ Muay Thai បាន​រស់​ឡើង​វិញ​នៅ​កម្ពុជា អរគុណ​ដល់​លោក​គ្រូ​ក្បាច់គុន ដែល​ប្រឹងប្រែង​មិន​ខ្លាច​នឿយ​ហត់"។

លោក​គ្រូ​ក្បាច់​គុណ​ល្បុក្កតោ សាន គឹម​ស៊ាន នៅ​ក្នុង​កិច្ច​សម្ភាសន៍​ឲ្យ​​សារព័ត៌មាន​បាន​រៀបរាប់​ថា ខណៈ​ដែល​កីឡា​ក្នុង​តំបន់​ដូចជា Muay Thai (ប្រដាល់​ថៃ) មាន​ភាព​ល្បីល្បាញ​នៅ​ទូទាំង​ពិភពលោក ប្រភព​ដើម​របស់​ពួកគេ​គឺ​មក​ពី​ល្បុក្កតោ។ ដោយសារ​តែ​អាណាចក្រ​ខ្មែរ​​បាន​គ្រប​ដណ្ដប់​យ៉ាង​ធំធេង​នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍ និង​ស្ទើរ​តែ​គ្រប​ដណ្តប់​ទាំង​ស្រុង​លើ​ប្រទេស​ថៃ​​ក្នុង​អំឡុង​ពេល​​ដែល​ខ្មែរ​ឈាន​ដល់​កំពូល​នៅ​សតវត្ស​ទី ១២ និង​ទី ១៣ ។

​​​​ក្នុង​ប្រវត្តិសាស្ត្រ​ល្បុក្កតោ​ត្រូវ​បាន​​បង្កើត​ឡើង​ជាង​ ២០០០ ឆ្នាំ​មក​ហើយ គឺ​មុន​សម័យ​អង្គរ​ទៅ​ទៀត។ គេ​ជឿ​ថា អ្នក​ភូមិ និង ប្រជាជន​ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ បាន​អភិវឌ្ឍ​បច្ចេកទេស​​គុន​ល្បុក្កតោ​​នេះ​មាន​ដល់​ទៅ​ប្រមាណ ១​ម៉ឺន​ក្បាច់ រួម​មាន​ ជង្គង់ កែង ស្មងជើង ការ​ប្រយុទ្ធ​លើ​ដី និង ក្បាច់​ជា​ច្រើន​ទៀត រួម​ទាំង​ការ​ប្រើ​អាវុធ​ជា​ដើម ជា​មធ្យោបាយ​ដើម្បី​រស់។ ប្រភព​ខាង​លើ​បន្ថែម។ ​​

សារព័ត៌មាន​​នេះ​ថែម​ទាំង​បាន​សរសើរ​លោក​គ្រូ ដែល​បាន​លះបង់​ស្ទើរ​ពេញ​មួយ​ជីវិត​ដើម្បី​សាបព្រោះ​បច្ចេកទេស​ល្បុក្កតោ ដែល​មាន​ជាង ១​ម៉ឺន​ក្បាច់​​ ដែល​លោក​បាន​ចេះ ​​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្បាច់​គុន​ល្បុក្កតោ​បន្ត​ទៅ​ដល់​មនុស្ស​ជំនាន់​ក្រោយ៕ ​

ប្រភព៖ Scmp   ប្រែសម្រួល៖ លាងហ៊ត

អត្ថបទពេញនិយម