ខួបកំណើតតារាជើងចាស់ ឌី សាវ៉េត​ យប់មិញអស្ចារ្យជាងរាល់ឆ្នាំ

  • 2018-05-08 03:52:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​​ស្រី​អ្នក​ស្រី ឌី​ សា​វ៉េត​ និង​អ្នក​គោរព​រាប់​​អាន​លោក ស្រី​ គឺ​លោក រតនៈ អ​អឿន​ បាន​រួម​គំនិត​គ្នា​រៀប​ចំ​កម្ម​វិធី រម្លឹកកំណើត​ឲ្យ​យ៉ាង​អស្ចារ្យ​ សម្រាប់ ខួប ៧៤ ឆ្នាំ ក្នុងក្លឹបមួយ​នៅ​កោះ​ពេជ្រ​ ​ កាល​ពី​ល្ងាច​មិញ​នេះ​។

កញ្ញាខឹម ឌីហ្ស៊ូលី​ កូនស្រីតារាសម្តែង ឌី សាវ៉េត

កូន​ស្រី​អ្នក​ស្រី​ ឌី​ សាវ៉េត​ កញ្ញាខឹម ឌីហ្ស៊ូលី​ បាន​រៀប​រាប់​ថា​ការ​ ​ជា​រៀង​រាល់​​​ឆ្នាំម្ដាយ​នាង​តែង​រៀប​ចំ​កម្មវិធីខួបកំណើត​តូចតាច ដោយ​ហៅ​អ្នក​ជិត​ស្និទ្ធ​មក​ចូល​រួម​ ទៅ​ច្រៀង​ខារ៉ាអូខេ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ឆ្នាំ​នេះ​ ម្ដាយ​ខ្លួន​មាន​វ័យ ៧៤ ឆ្នាំ​ហើយ​ នាង​ថា​ជាលេខ​ហុង​​ស៊ុយ​របស់​ម្ដាយ​ខ្លួន​ ដូច្នោះ​នាង​ក៏​មាន​បំណង​រៀប​ចំ​កាដូពិសេស​មួយ​សម្រាប់​ម្ដាយ​ ដោយ​រៀប​ចំកម្មវិធី​នេះ​ជូន​។ «ក្នុង​ឆ្នាំ​ថ្មី​នេះ​ខ្ញុំ​ចង់​ជូន​កាដូ​ពិ​សេស​សម្រាប់​ម្ដាយ​ខ្ញុំ​ គាត់​ទើប​តែ​ដឹង​បាន​ពី​ថ្ងៃ​មុន​​ប៉ុណ្ណោះ​ ខ្ញុំ​រៀប​ចំ​ដោយ​មិន​ឲ្យ​គាត់​ដឹង​នោះ​ទេ។» នាង​បន្ថែម។

ចំណែក លោក រតនៈ​ អអឿន​ វិញ​​ដែល​រាប់​អាន​ជាមួយ​អ្នក​ស្រី​ ឌី ​សាវ៉េត ​ជា​ច្រើន​ឆ្នាំ​មក​ហើយ និងអ្នក​​រៀប​ចំ​កម្ម​វិធី​នេះ​ដែរ​ បាន​ប្រាប់​ថា លោក និង​កញ្ញា​ ឌីហ្ស៊ូលី បាន​លួច​រៀប​ចំ​កម្ម​វិធី​នេះ​អស់​រយៈ​ពេល​​១ខែ។ លោក​បន្ត​ថា​ ក្នុង​កម្ម​វិធី​នេះ​លោកបាន​អញ្ជើញ​ភ្ញៀវប្រមាណ​១០០នាក់​ចូល​រួម​កម្ម​វិធី​ ។ «ដោយ​ក្តី​គោរព​ស្រលាញ់​ណាស់ ទើប​ពួក​ខ្ញុំ​ក៏​រៀប​ចំ​កម្ម​វិធី​​ឡើង ដោយ​មិន​ឲ្យ​គាត់​ដឹង​ខ្លួន​នោះ​ទេ​»។

ក្នុង​កម្ម​វិធី​ខួបកំណើតតារាសម្តែងជើងចាស់ ឌី​​ សាវ៉េត​ បាន​បង្ហាញ​ពី​ភាព​ភ្ញាក់​អារម្មណ៍​​ចំពោះ​ស្នាដៃ​កូន​ស្រី​ដែល​បាន​រៀប​ចំ​កម្ម​វិធី​នេះ​ឲ្យ​ខ្លួន​។ ជាពិសេស​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​អ្នក​សិល្បៈ​ជា​ច្រើន​រូប​ផងដែរ។​​ តួឯក​ស្រី​ក្នុង​អំឡុង​ឆ្នាំ​១៩៦០​ ដ៏​ល្បី​ឈ្មោះ​បើ​ទោះ​ជា​មាន​វ័យ ៧៤​ឆ្នាំ​ហើយ​ក្ដី​ តែ​នៅ​តែ​រក្សា​ភាព​ស្រស់​ស្អាត​បាន​មិន​ថមថយ​ឡើយ៕​​​

អត្ថបទ៖ ច្រឹក ស្រីអូន

អត្ថបទថ្មី