លក្ខខណ្ឌងាយៗ អាចខ្ចី និងអានសៀវភៅរាប់ពាន់ក្បាល នៅទូតអាមេរិក (មានវីដេអូ)

  • 2018-07-03 04:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​វត្តមាន​ នៃ​បណ្ណាល័យ​នានា កំពុង​​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ដើម្បី​លើកកម្ពស់​ការ​អាន​នៅ​កម្ពុជា។​ American Center មាន​ទី​តាំង​​ក្នុង​ស្ថានទូត​អាមេរិក​ ជា​បណ្ណាល័យ​ល្បី​ និង​ទំនើប​មួយ ​ដែល​មាន​សៀវភៅ​សំបូរ​បែប​រាប់​ពាន់​ក្បាល។

ទិដ្ឋភាពខាងក្នុង (រូបផ្តល់ឲ្យដោយស្ថានទូតអាមេរិក)

ក្នុង​បទ​សម្ភាស​ជាមួយ Sabay ​ក្នុង​បរិវេណទូត ​លោក អេង ប៉ូ អ្នក​ឯកទេស​ទទួល​បន្ទុក​ផ្នែក​ធនធាន​ព័ត៌មាន នៃ​ស្ថានទូត​សហរដ្ឋ​​អាមេរិក​នៅ​កម្ពុជា បាន​ប្រាប់​ថា ​បណ្ណាល័យ​នេះ​បើក​ជា​សាធារណៈ មាន​សៀវភៅ​សរុប​ប្រមាណ​ជាង ២ ៥០០ក្បាល។

សៀវភៅក្នុងបណ្ណាល័យ (រូបផ្តល់ឲ្យដោយស្ថានទូតអាមេរិក)

​ភាគ​ច្រើន​ នៃ​សៀវភៅ​នៅ​ទីនេះ បោះពុម្ព​ផ្សាយ​ជា​ភាសា​អង់គ្លេស តាម​ផ្នែក​ខុស​ៗ​គ្នា ពិសេស​សៀវភៅ​ទាក់ទង​នឹង​ទំនាក់ទំនង និង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក។

លោក អេង ប៉ូ (ខាងឆ្វេង) រូបផ្តល់ឲ្យដោយស្ថានទូតអាមេរិក

ក្រៅ​ពី​នេះ​ក៏​មាន​សៀវភៅ ឯកសារ ឬ​ទស្សនាវដ្ដី​តិចតួច​ជា​ភាសាខ្មែរ មាន​ចំនួន​ប្រមាណ ១០ក្បាល។

លោក​បន្ត​ថា មាន​បែប​បទ​ងាយស្រួល ដែល​សិស្ស​និស្សិត អាច​បំពេញ មុន​ចូល​អាន​ ឬ​ខ្ចី​សៀវភៅ​នៅ​ទីនេះ ដោយ​គ្រាន់​តែ​បង្ហាញ​កាត​សិស្ស ឬ​និស្សិត និង​អត្តសញ្ញាណប័ណ្ណ​ជន​ជាតិ​ខ្មែរ ជាការស្រេច។

ដោយ​ហេតុ​ថា មាន​សៀវភៅ​ថ្មីៗ រួម​នឹង​បរិយាកាស​អំណោយផល​ដល់​ការ​អាន ជា​ប្រចាំ​ខែ​តួ​លេខ នៃ​សាធារណជន ភាគ​ច្រើន​ជា​សិស្ស​និស្សិត ​បាន​ចូល​អាន ​មាន​ប្រមាណ​ជាង ២០០នាក់។

សូម​បញ្ជាក់​ថា សាធារណជន​អាច​ចូល​អាន​សៀវភៅ​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​​អាមេរិក​នៅ​កម្ពុជា​ ដែល​មាន​អាសយដ្ឋាន ​នៅអគារលេខ១ ផ្លូវ​លេខ ៩៦ សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ឬ​ទាក់ទង​តាម​ទូរសព្ទ​លេខ ០២៣​ ៧២៨ ០០០ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ។

នៅ​ទីនេះ មិន​ត្រឹម​តែ​អាន​សៀវភៅ លោក​អ្នក​ ក៏​អាច​ចូលរួម ឬ​ទស្សនា​វីដេអូ​ឯកសារ និង​ស្ដាប់​ការ​ចែករំលែក​បទពិសោធន៍​ល្អ​ៗ​ ពី​យុវជន​ជាច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ ជា​វីដេអូខ្លី​ របស់​សិស្ស​វិទ្យាល័យ​២​រូប ចែករំលែក​ចំណេះ​ដឹង នៃ​ការ​អាន​សៀវភៅ ក្នុង​បរិវេណ​ស្ថានទូត​ មាន​អ្នក​ខ្លះ​ទើប​បាន​ចូល​លើក​ទី១។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម