មកស្គាល់កូនខ្មែរជាអ្នកដឹកនាំរឿង និងផលិតករភាពយន្តគំនូរជីវចល ឈ្នះពានអន្តរជាតិនៅបារាំង

  • 2018-06-29 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Denis Do ជាឈ្មោះផលិតករភាពយន្តគំនូសជីវចលរឿង «Funan» ដែលទើបនឹងជាប់ពាន់រង្វាន់អន្តរជាតិ Annecy International Animation Film Festival លើកទី ៤២ ក្នុងប្រទេសបារាំង។

ភាពយន្តនេះចំណាយទុន​ប្រហែល​ ៥ លានដុល្លាអាមេរិក និងរយៈពេលជាច្រើនឆ្នាំក្នុងការសរសេរជាសាច់រឿង សម្រាប់ថតជាភាពយន្តគំនូសជីវចល និងចាប់ផ្តើមដំណើរការផលិតតាំងពីឆ្នាំ ២០១៦ នេះបើតាមការរៀបរាប់របស់ ផលិតករ លោក Denis Do សរសេរក្នុងសារមកកាន់ Sabay ពីប្រទេសបារាំង។ ក្នុងការផលិតភាពយន្ត​នេះ លោក Denis Do ក៏បានបញ្ចូលស្នាដៃគំនូរពីវិចិត្រករខ្មែរជាច្រើនផងដែរ ដោយពឹកផ្អែកលើចំនេៈជំនាញ​ភាពយន្តគំនូសជីវចល។

ជាក់ស្តែងលោក Denis Do ជាសិស្សវិចិត្រសិល្បករ បញ្ចប់ការសិក្សាពី Gobelins, l’ecole de l’Image ឆ្នាំ ២០០៩ ហើយគាត់ចាប់ផ្តើមធ្វើការផលិតភាពយន្តដំបូងរបស់គាត់ ដោយយកសាច់រឿងពិតរបស់ម្តាយរបស់ខ្លួនឯងមកបង្ហាញ​ក្នុងរឿងទាំងស្រុង។ ផលិតកររូបនេះត្រូវធ្វើការ ស្រាវជ្រាវលើ​ប្រវត្តសាស្រ្ត និង​ការធ្វើបទសម្ភាសន៍ជាមួយម្តាយរបស់លោក​ ជួបជាមួយសាក្សីប្រវត្តិសាស្រ្ត​ និងដកស្រង់ឯកសានានារយៈពេល ៩ឆ្នាំជុំវិញរឿងរ៉ាវជាប់ពាក់ព័ន្ធនឹង សម័យខ្មែរ​ក្រហម។ ក្រោយបញ្ចប់ការសិក្សា ក្នុងឆ្នាំ ២០០៩ Denis Do ក៏ចាប់ផ្តើមរៀបចំសាច់រឿង និងផ្តោតលើការផលិតរឿង មួយនេះរហូតមកដោយមិនគិតអ្វីផ្សេងនោះទេទាំងអស់។

រហូតដល់ឆ្នាំ ២០១៦ Denis Do រួមទាំងអ្នកសរសេរ script​រួមជាមួយលោក និងរូបភាព Graphic ក៏ផ្តើមធ្វើការ​ផលិតរឿង «Funan» ជាមួយផលិតកម្មរបស់បារាំង រួមជាមួយ Ithinkasia និង​មាន​សិល្បករ Animation ជនជាតិខ្មែរ​ច្រើន​រូប​ធ្វើការជាមួយរូបលោក។ តាមការបញ្ជាក់របស់លោក Denis Do ភាពយន្ត “Funan” ទើបតែបញ្ចប់ការកាត់តមិនទាន់បាន ១ ខែផង ក៏ទទួលបានជយលាភី ពានរង្វាន់កំពូលរបស់មហោស្រពអន្តរជាតិ​មួយនេះ។

លោក​ Denis Do

រម្លឹកពីឪពុកម្តាយរបស់ Denis Do ពួកគាត់បានមកដល់ប្រទេសបារាំងក្នុងឆ្នាំ ១៩៨០ ហើយក្នុងឆ្នាំ ១៩៨៥ ក៏មានរូបលោកម្នាក់ទៀតក្នុងគ្រួសារ។ ដោយរស់នៅ និងកើតលើទឹកដីប្រទេសបារាំង តែម្តងនោះ លោក មានបញ្ហាបញ្ចេញសម្លេងជាភាសាខ្មែរ ហើយក៏មិនអាចអានអក្សរខ្មែរបានទេ។ តែរូបលោកធំឡើងដោយទទួលបាន​ការអប់រំ និងព័ត៌មានចេញពីឪពុកម្តាយរបស់លោកទាក់ទងនឹងគ្រួសាររបស់លោកមុនមកដល់បារាំង ពិសេសសម័យខ្មែរក្រហម។

ភាពយន្ត «Funan» ដែលរូបលោកព្យាយាមផលិតនេះ ជារឿងពិតដែលបង្ហាញពីដំណើរជីវិតរបស់ម្តាយឪពុករបស់លោក និងបងប្រុសធំរបស់លោក ដែលឆ្លងកាត់សម័យ​ខ្មែរក្រហម និងការជំលាស់ប្រជាជនចេញពីភ្នំពេញ ដោយដំណើររឿងបង្ហាញពីការព្រាត់គ្នារបស់ម្តាយរបស់លោក និងបងប្រុសធំម្នាក់នោះ។ អ្នកដឹកនាំរឿងរូបនេះ​បានប្រាប់ដឹងដែលថា៖ «ខ្ញុំទទួលបានការជំរុញលើកទឹកចិត្តដោយសាររឿងរ៉ាវដែលឪពុកម្តាយខ្ញុំរៀបរាប់ ហើយសាច់រឿងទាំងស្រុងបង្ហាញពីទឹកដីកំណើតរបស់ឪពុកម្តាយរបស់ខ្ញុំ ពិសេសជីវិតរបស់ពួកគាត់ក្នុងសម័យកាលដ៏លំបាកមួយនោះទាំងស្រុង ដោយមិនមានលើកឡើងពីខ្ញូំក្នុងភាពយន្តនេះឡើយ»។

ទាក់ទងនឹងការផលិតភាពយន្ត​ជាគំនូរជីវចលនេះរូបលោក យល់ថាការផលិតភាពយន្តជាវិធីសាស្រ្តនិទានរឿង ដោយធ្វើការជ្រើសរើសវិធីសាស្រ្ត និងរបៀបខុសៗគ្នា។ វិចិត្រករ ជីវចលរូបនេះយល់ថានេះជាការចែករំលែក​បទពិសោធន៍ជីវិតដែលពោរពេញដោយមនោសញ្ចេតនា តថភាព តាមរយៈសិល្បៈ ដោយផ្តើមចេញពីការគូរវាស់ ហើយធ្វើឱ្យរូបភាពមានជីវិត មានអារម្មណ៍ជាទីគាប់ប្រសើររបស់ទស្សនិកជន៕

អត្ថបទ៖ Sunny

អត្ថបទពេញនិយម