អាចារ្យ​ធំ ប្រកាស​ចេញ​មុខរឿង នារី​រូប​ស្អាត​រងការ​រំលោភ​សម្លាប់១​ឆ្នាំ​ហើយ រក​យុត្តិធម៌​មិន​ទាន់​ ឃើញ

  • 2018-07-24 13:12:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ជា​ច្រើន កំពុង​សាទរ បន្ទាប់​ឌីជេ អាចារ្យ​ធំ និង​គូកន​របស់​លោក គឺ​លោក តាន់ គឹមសួរ បាន​ប្រកាស​នៅ​ព្រលប់​នេះ​ថា លោក​នឹង​មិន​បិទ​ភ្នែក​ទេ​រឿង នារី​រូប​ស្អាត​ម្នាក់ ដែល​ត្រូវ​អ្នក​បើក​រថយន្ត​តាក់​ស៊ី​រំលោភ​សម្លាប់​១​ឆ្នាំ​ហើយ គ្រួសារ​នារី​រង​គ្រោះ មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។

“ខ្ញុំ​អាចារ្យធំ និង​លោក តាន់ គឹមសួ សូម​ប្រកាស​ស្វែង​រក​យុត្តិធម៌​ជូន​គ្រួសារ (ក្មួយ​ស្រី​រង​គ្រោះ​ដោយ​សារ​ជន​តិរច្ឆាន ជា​អ្នក​តាក់​ស៊ី​២​នាក់ បាន​រំលោភ​សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ​នៅ​ខេត្ត​ស្វាយ​រៀង"។ អាចារ្យ​ធំ បាន​ប្រកាស​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ព្រលប់​នេះ។

សិល្បករ​ប្រកាន់​វប្បធម៌​និយម​រូប​នេះ មិន​បាន​បញ្ជាក់​ឡើយ​ថា លោក​នឹង​ធ្វើ​សកម្មភាព​បែប​ណា ដើម្បី​រក​យុត្តិធម៌​ជូន​គ្រួសារ​នារី​រង​គ្រោះ​នោះ​ទេ។ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី ប្រិយមិត្ត​ជា​ច្រើន​បាន​សាទរ​ចំពោះ​ការ​តាំង​ចិត្ត​មោះមុត​មួយ​នេះ។

អាចារ្យ​ធំ​បាន​បន្ថែម​ថា ដោយ​អះអាង​ថា លោក​មិន​មែន​ជា​តុលាការ​ទេ ប៉ុន្តែ​ជា​កោសិកា​សង្គម ដែល​មិន​ទ្រាំ​ឈឺ​មើល​បាន​នូវ​រឿង អវិជ្ជមាន និង​រឿង​អយុត្តិធម៌​ទាំង​ឡាយ​ដែល​កើត​ក្នុង​សង្គម​ជាតិ​របស់​លោក។ ដូច្នេះ​ហើយ លោក​នឹង​ជួយ​ឈឺ​ឆ្អាល​រឿង​ក្ដី​រំលោភ​សម្លាប់​បំបិទ​មាត់​ដែល​កើត​នៅ​ខេត្ត​ស្វាយ​រឿង​ខាង​លើ។

រំលឹក​ថា កាល​ពី​ថ្ងៃ​ទី ០៤ ខែ​សីហា ឆ្នាំ​២០១៧ សព​នារី​វ័យ​ក្មេង​ម្នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ប្រទះ​ឃើញ​សាកសព​ ដេក​ស្លាប់​នៅ​កណ្ដាល​វាល​ស្រែ ក្នុង​ភូមិ​តា​ពៅ សង្កាត់​បាទី ក្រុង​បាវិត។ តាម​របាយការណ៍​ប៉ូលិស​ខេត្ត​ស្វាយរៀង សព​នារី​រង​គ្រោះ មាន​ឈ្មោះ សុខ ម៉ាលីន អាយុ១៨ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ “Good Luck”។ នាង​ត្រូវ​ជន​សង្ស័យ​ដែល​ជា​អ្នក​បើក​តាក់ស៊ី បាន​ចាប់​រំលោភ និង​សម្លាប់។

តាម​ដំណើរ បញ្ចេញ​ដោយ​លោក​ឧត្ដម​សេនីយ៍​ស្នង​ការ នារី​​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ប្ដឹង​ថា បាន​បាត់​ខ្លួន​នៅ​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ២០១៧កន្លង​ទៅ។ តាម​ពាក្យ​បណ្ដឹង​របស់​ក្រុម​គ្រួសារ បាន​ឲ្យ​ដឹង នារី​រង​គ្រោះ​បាន​ទៅ​លេង​ឪពុក​ម្ដាយ​នៅ​ស្រុក​កំណើត​ឯ​ខេត្ត​ព្រះ​វិហារ ហើយ​បាន​ត្រឡប់​មក​វិញ​ឈប់​នៅ​បេន​ឡាន​ផ្សារ​អូឡាំពិក រាជធានី​ភ្នំពេញ។

បន្ត​មក នាង​ក៏​បាន​ឡើង​ឡាន​បន្ត​ទៀត ក្នុង​គោល​បំណង​ត្រឡប់​មក​ក្រុង​បាវិត ដែល​ជា​ទី​កន្លែង​ធ្វើការ។ បើ​តាម​ការ​សាកសួរ​ពី​ក្រុម​គ្រួសារ​នារី​រង​គ្រោះ នៅ​តាម​ផ្លូវ​ក្រុម​គ្រួសារ​បាន​ទូរសព្ទ​សួរ​ថា បន្តបន្ទាប់។ ការ​​សន្ទនា​ចុង​ក្រោយ​របស់​នាង និង​គ្រួសារ គឺ​បាន​ដឹង​ថា រថយន្ត​ដែល​នាង​ជិះ បាន​ធ្វើ​ដំណើរ​ មក​ដល់​ម្ដុំ​ផ្សារ​ជីភូ ក្រុង​បាវិត​ហើយ។ ប៉ុន្តែ​បន្ទាប់​ពី​នោះ​មក ក្រុម​គ្រួសារ បាន​ដាច់​ការ​ទាក់​ទង​ជាមួយ​តែ​ម្ដង។ ក្រុម​គ្រួសារ ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង ដើម្បី​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​តាម​រក រហូត​ឃើញ​សាកសព​នាង ដេក​ស្លាប់​ទាំង​អាក្រាត​កាយ​នៅ​កណ្ដាល​វាលស្រែ។

នារីរងគ្រោះ រួម​ជាមួយ​ជន​សង្ស័យ​ទាំង​ពីរ និង​វត្តុតាង(រូបថត៖ហ្វេសប៊ុក)

ជន​សង្ស័យ ក៏​ត្រូវ​បាន​ប៉ូលិស ធ្វើ​ការ​ឃាត់​ខ្លួន​បាន​ដែរ បន្ទាប់​ពី​នោះ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ដែល​មាន​រយៈ​ពេល​ប្រមាណ ១​ឆ្នាំ​មក​ហើយ ទើប​ធ្លាយ​ដំណឹង​ថា គ្រួសារ​នារី​រង​គ្រោះ មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​លើ​ករណី​ដែល​កើត​ឡើង​លើ​កូន​ស្រី​របស់​ពួក​គេ​នៅ​ឡើយ រហូត​ដល់​ឌីជេ អាចារ្យ​ធំ ប្រកាស​ជួយ​រក​យុត្តិធម៌​ឲ្យ​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​នៅ​ថ្ងៃ​នេះ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី