គន្លឹះរៀនជំនាញកម្រ១ មិនសូវមានអ្នកស្គាល់ របស់កូនខ្មែរម្នាក់ តស៊ូរហូតចប់បណ្ឌិត ពីសាលាល្បីនៅកូរ៉េ (មានវីដេអូ)

  • 2018-08-01 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ខ្ញុំ​ទៅ​រៀន​ជំនាញ​នេះ​ មាន​អ្នក​ឆ្ងល់​ច្រើន​ថា​ មុខវិជ្ជា​មាន​ច្រើន ​រៀន​ចប់​សំបូរ​ការងារ​ធ្វើ​ម៉េច​មិន​រៀន? ទៅ​រៀន​អី ជំនាញ​មិន​ដែល​មាន​គេ​ស្គាល់​អីចឹង? រៀន​ចប់​យក​ធ្វើ​អី​កើត?

នេះ​ជា​សំណួរ​ដែល​មាន​អ្នក​សួរ​ដដែលៗ​ច្រើន ​ទៅ​កាន់ សេរីវ័ទ្ធ​ តាំង​ពី​ចាប់​ផ្ដើម​ រហូត​ដល់​រៀន​ចប់។ ​លោក​យឿន​ សេរីវ័ទ្ធ ជា​និស្សិត​ខ្មែរ ដែល​ទើប​បញ្ចប់​ថ្នាក់​បណ្ឌិត​ ផ្នែក​បច្ចេកវិជ្ជា​ជីវវិទ្យា ដែលជាជំនាញ​ដ៏​កម្រ​១ ដែល​មិន​សូវ​មាន​អ្នក​ស្គាល់។

លោក​បន្ត​ថា ជំនាញ​នេះ នៅ​ពេល​រៀន​ចប់​ អាច​ផ្ដល់​ប្រយោជន៍​ច្រើន​បំផុត​ លើស​ការ​រំពឹង​ទុក ព្រោះ​វា​មាន​ទាក់ទង​គ្នា​​ជិត​ស្និត​ ទៅ​នឹង​ផ្នែក​កសិកម្ម ការ​រក​សារធាតុ​នៃ​ប្រភេទ​ថ្នាំ​ពុល​ក្នុង​បន្លែ ផ្លែឈើ និង​សុវត្ថិភាព​ចំណី​អាហារ។

យឿន​ សេរីវ័ទ្ធ បាន​បញ្ចប់​ការ​សិក្សា ពី​សកលវិទ្យាល័យ​ល្បី១ ឈ្មោះ Chunnam national university ក្នុង​ទី​ក្រុង​ក្វាងជូ នៃ​សាធារណ​រដ្ឋ​កូរ៉េ​ខាង​ត្បូង។

សកលវិទ្យាល័យ​កូរ៉េ​នេះ មាន​ឈ្មោះ​ល្បី​ក្នុង​ស្រុក​ ​ផ្នែក​កសិកម្ម និង​លើ​ឆាក​អន្តរជាតិ ដែល​មាន​ដៃគូ​សកលវិទ្យាល័យ​ជាង ១៥០ប្រទេស​ក្នុង​ពិភព​លោក។

រំលឹក​ប្រវត្តិ​សិក្សា​សង្ខេប​ពេល​នៅ​ស្រុក​ខ្មែរ

ជា​កូន​អ្នក​ស្រុក​បាត់ដំបង ​យឿន​ សេរីវ័ទ្ធ បញ្ជាក់​ថា លោក​ជា​និស្សិត ​រៀន​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​កសិ​ឧស្សាហកម្ម នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)។

បើ​និយាយ​ពី​ប្រវត្តិ​សិក្សា​ និស្សិត​ខ្មែរ​ចេះ​២ ភាសា​រូប​នេះ ប្រាប់​ថា នៅ​ក្រោយ​ពេល​​ចប់​បរិញ្ញាបត្រ លោក​បាន​ទទួល​អាហារូបករណ៍ ​ពី​សកលវិទ្យាល័យ RUPP នៃ​ប្រទេស​កម្ពុជា​ សម្រាប់​បន្ត​ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា (Master Degree) ទៅ​សាធារណរដ្ឋ​កូរ៉េខាងត្បូង។

ដោយសារ​ចិត្ត​ស្រលាញ់ និង​ការ​តាំង​ចិត្ត​ខ្ពស់ ជំរុញ​ឲ្យ​លោក​ចង់​បន្ត​រៀន​មុខវិជ្ជា​ដ៏​ពិបាក​នេះ បន្ទាប់​មក​ទៀត លោក​ក៏​បាន​រៀន​ចប់ កាន់​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​ពី​បរទេស​ វិល​មក​ស្រុក​ខ្មែរ​វិញ​ដោយ​ជោគជ័យ។

រំលឹក​ដល់​ពេល​សិក្សា​នៅ​កូរ៉េ​ខាង​ត្បូង​ចាប់​យក​ជំនាញ​កម្រ

អំលុង​ពេល​រៀន​លោក​បាន​ចេញ​បំពេញ​ការងារ ដើម្បី​បាន​ចំណូល​ខ្លះ និង​បទពិសោធន៍​នានា និង​ដើម្បី​បាន​អនុវត្ត​មុខវិជ្ជា​រៀន​ផង។

ដោយសារ​សមត្ថភាព​ខ្ពស់​ផង នៅ​ពេល​នោះ​ លោក​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​ធ្វើការ​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិធំ១ ដែល​មាន​នាទី​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​កសិករ នៅ​ក្នុង​​ប្រទេស​កូរ៉េ​ខាងត្បូង។

ពាក្យ​រំលឹក​ខ្លួន​ឯង ការ​លំបាក និង​ឧបសគ្គ​ គឺ​តែង​មាន​បង្កប់​ឱកាស

មិន​ខុស​ទេ មួយ​ឃ្លា​គឺ​ត្រឹមត្រូវ​មែន។ នេះ​ជា​ការ​លើកឡើង​របស់​អតីត​និស្សិត​ខ្មែរ​នៅ​កូរ៉េ។ កាល​នោះ វា​ហាក់​ដូចជា​ហត់​បន្តិច ព្រោះ​លោក​ត្រូវ​រៀន​ផង និង​ចេញ​ធ្វើការ​នៅ​ស្រុក​គេ។​

ប៉ុន្តែ​ លោក ​យឿន​ សេរីវ័ទ្ធ ប្រាប់​ថា វា​ហាក់​ដូចជា​ល្អ​ម្យ៉ាង ព្រោះ​វា​ជា​ឱកាស​អនុវត្ត​ផ្ទាល់ ដោយ​ប្រើប្រាស់​ឧបករណ៍​ទំនើប សិក្សាស្រាវជ្រាវ មិន​ងាយ​មាន ដែល​នេះ គឺ​ជា​ជំនួយ​ដល់​ការ​សិក្សា​ប្រភេទ​មុខវិជ្ជា​ ផ្នែក​បច្ចេកវិជ្ជា​ជីវវិទ្យា ជា​ផ្នែក​សំខាន់​នៃ​វិទ្យាសាស្ត្រ​ជីវិត។

ខាងក្រោម​នេះ​ជា​វីដេអូ គន្លឹះបន្ថែម របស់ លោក​យឿន​ សេរីវ័ទ្ធ អតីត​និស្សិត​ខ្មែរ រៀនចប់ថ្នាក់​បណ្ឌិត​ ផ្នែក​បច្ចេកវិជ្ជា​ជីវវិទ្យា ពី​សកលវិទ្យាល័យ​ល្បី Chunnam national university ក្នុង​ទី​ក្រុង​ក្វាងជូ នៃ​សាធារណ​រដ្ឋ​កូរ៉េ​ខាង​ត្បូង។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម