ជន​ខិលខូច​នៅ​តែ​ព្យាយាម​ទាញ​ប្រយោជន៍​ដោយ​ប្រយោល មិន​ចង់​បញ្ចេញ​កម្លាំង

  • 2018-08-01 05:28:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មែនទែន​ទៅ ក្រៅ​ពី​ព្យាយាម​បំពេញ​កាតព្វកិច្ច​ជា​ស្ថាប័ន​សារព័ត៌មាន​អាជីព យើង​នៅ​មាន​ការងារ​២​ផ្សេង​ទៀត ដែល​ដោះស្រាយ​ជាមួយ​ក្រុម​ឱកាស​និយម ប៉ង​កេង​ចំណេញ​ផល​ប្រយោជន៍​ដោយ​មិន​ចង់​បញ្ចេញ​កម្លាំង​ ​ដើម​ទុន ឬ​ប៉ុនប៉ង​ប្រើប្រាស់​ក្នុង​គោល​បំណង​ផ្សេង។

១. កម្មសិទ្ធិបញ្ញា៖ យើង​បាន​ ជជែក និង​ដោះស្រាយ​បញ្ហា​ដែល​ស្ថាប័ន​សារព័ត៌មាន​ធំ តូច មួយ​ចំនួន ចម្លង​ទៅ​ផ្សព្វផ្សាយ​បន្ត (មិន​រាប់​បញ្ចូល​ស្ថាប័ន​ដៃគូ) ដោយ​មិន​មាន​ការ​ទទួល​ខុសត្រូវ ឬ​ព្យាយាម​លាក់​បាំង (ឬ​កាត់ចោល) អត្តសញ្ញាណ​ម្ចាស់​ដើម ក្នុង​បំណង​បង្ហាញ​អ្នក​អាន​ខ្លួន​ថា​ (ក្រុមការងារ)គេ​ជា​អ្នក​ចាយ​ញើស​ឈាម ផលិត។ ខ្ញុំ​បាន​ធ្វើ​ការ​នេះ (លើកកម្ពស់កម្មសិទ្ធិបញ្ញា) ជាមួយ​និពន្ធនាយក និង​ស្ថាប័ន​ព័ត៌មាន​អាជីព​ធំៗ មួយ​ចំនួន​ទៀត ដើម្បី​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទល់​នឹង​ការណ៍​នេះ។

២. ពាណិជ្ជនាម៖ ឈ្មោះ ឬ យីហោ ដែល​ប្រើប្រាស់​ ឈ្មោះ​ស្រដៀង​ទៅ​របស់/អង្គភាព ដែល​មាន​ស្រាប់​ក៏​ជា​រឿង​ឈឺ​ក្បាល​របស់​ស្ថាប័ន​នានា​ដែរ។ ចំណុច​នេះ មិន​មែន​គិត​ដល់​ក្រុមហ៊ុន ឬ​ស្ថាប័ន​ផ្លូវការ ចុះ​បញ្ជី​ត្រឹមត្រូវ​ទេ ប៉ុន្តែ​ជា Facebook Page ដោយ​យក​សូរសៀង​ស្រដៀង ឬ​យក​ឈ្មោះ Sabay ទៅ​បូក​បន្ថែម​ជា​ដើម។

ចុង​ឆ្នាំ ២០១៧ មាន​Page និង​ website មួយ​ដែល​​យក​ឈ្មោះ Sabay បូក​បន្ថែម ក្បាល​កន្ទុយ ឲ្យ​ចេញ​ជា​ឈ្មោះ​ថ្មី​មួយ។ កាល​ណោះ​Page នេះ​ឯង​ចេញ​ផ្សាយ​អត្ថបទ​មួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ឧកញ្ញា មួយ​រូប។ ក្រោយ​ពី​ខ្ញុំ​បាន​ជជែក ជាមួយ​អ្នក​ជំនួញរូប​នេះ ដឹង​សាច់​រឿង​អស់ហើយ សេដ្ឋីល្បី​ឈ្មោះ​រូប​នេះ គម្រាម​ចាត់​វិធាន​ការ​ (ប្ដឹង) ទំព័រ និង​គេហទំព័រ ដែល​ព្យាយាម​បង្ខូច​កេរ្ដិ៍ឈ្មោះ​ខ្លួន​ទៀតផង។

អង្គភាព​សារព័ត៌មាន ពិត​ជា​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​ការ​ពាំនាំ​រាល់​ដំណឹង​ពិត​ប្រាកដ ដើម្បី​ជា​ប្រយោជន៍​ដល់​មហាជន ឬ​ជា​ចំណែក​វិជ្ជមាន​ណា​មួយ​ក្នុង​ការ​សម្រេច​ចិត្ត របស់​អ្នក​អាន។ ដូច្នេះ ដើម្បី​ជៀសវាង​ពី​ការ​ភ័ន្តច្រឡំ ពី​បណ្ដា​ Page បន្លំ​ខ្លួន​មួយ​ចំនួន ខ្ញុំ​សូម​បង្ហាញ​ពី​ទំព័រ​ផ្លូវការ ដែល​Sabay មាន។

Facebook Page ផ្លូវ​ការ​របស់​ក្រុមហ៊ុន Sabay មាន៖

Sabay ៖ ជា​ទំព័រ​តំណាង​ស្ថាប័ន មិន​មែន​ផលិតផល ឬ​សេវាកម្មណាមួយ

Sabay News ៖ ព័ត៌មានថ្មីចម្រុះពី កម្សាន្ត កីឡា បច្ចេកវិទ្យា និងព្រឹត្តិការណ៍សង្គមនានា

Sabay News Entertainment ៖ ដំណឹងថ្មី ខ្លី ពិស្ដារពីរង្វង់សិល្បៈ និងតារាសំណព្វមិត្តអ្នកអាន

Sabay News Social ៖ ព័ត៌មានថ្មី ចំណេះដឹង គន្លឹះជោគជ័យ និង​ការ​អប់រំ

Sabay News Sport ៖ កីឡា​ជាតិ អន្តរជាតិ សម្បូរបែប

Sabay News Technogoloy ៖ កម្រង​ដំណឹង និង​បច្ចេកវិទ្យា​ចុងក្រោយ

Sabay Der ៖ Lifestyle យុវវ័យ មាន​នៅ​ទីនេះ

Kanha ៖ ចម្រាញ់​ពី​ចំណេះដឹង និង​បទពិសោធន៍ សម្រាប់​តែ​ស្ត្រី

KleyKley ៖ បណ្ដុំដឹំណឹង​ទាន់ហេតុការណ៍ សង្គម សេដ្ឋកិច្ច នយោបាយ

30-daily ៖ ព័ត៌មាន​ចុងក្រោយ​ជា​ វីដេអូ

ប្រលោមលោកSabay ៖ បណ្ដុំ​ប្រលោមលោក គ្រប់​រសជាតិ​រឿង​បែប​ឌីជីថល

ចំពោះ​Facebook Page ដែល​មាន​ឈ្មោះ​ស្រដៀង ឬ​សូរសៀង​ប្រហាក់ប្រហែល (Sabay) ចេញ​ផ្សាយ ឬ​បង្ហោះ​សារ ព័ត៌មាន​ណាមួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិនាម​បុគ្គល ឬ​ស្ថាប័ន ឬ​ផ្ទុយ​នឹង​ច្បាប់ ខ្ញុំ​តាងនាម​ឲ្យ​ក្រុមហ៊ុន Sabay មិន​បាន​ពាក់ព័ន្ធ ឬ​ទទួល​ខុស​ត្រូវ​ឡើយ។

ជីព ចិត្ត និពន្ធនាយក

អត្ថបទថ្មី