តារាបីដួង ស្ទើររបូតជីវិតព្រោះជំងឺកាចសាហាវ
- 2018-08-18 02:27:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាបីដួង ស្ទើររបូតជីវិតព្រោះជំងឺកាចសាហាវ
ចន្លោះមិនឃើញ
លោក យូ ឌីស្កូ លោក ម៉ឺន ពិសិដ្ឋ និង លោកយាយ ណយ សំណាង ត្រូវជំងឺគំរាមកំហែង បិះឆក់យកអាយុជីវិត ប៉ុន្តែពេលនេះបានធួរស្រាលមួយកម្រិតហើយ។ ស្ថានភាពជំងឺរបស់អ្នកទាំងបី ធ្វើឲ្យប្រិយមិត្តអាសូរយ៉ាងខ្លាំង ព្រោះអំឡុងមានជំងឺធ្វើទុក្ខ សិល្បករទាំងបីរូបនេះ គ្មានប្រាក់គ្រប់គ្រាន់ព្យាបាលជំងឺនោះទេ។
យូ ឌីស្កូ ៖ ជំងឺក្រលៀន ទឹកនោមប្រៃ និងឈាមស ឡើងខ្ពស់ ស្ទើរតែឆក់យកជីវិតរបស់លោក ធ្វើឲ្យសុខភាពចុះខ្សោយ និងស្គមស្គាំងគួរឲ្យសង្វេគ។ គ្រានោះលោក ធ្លាប់ប្រាប់អ្នកនាង ទូច ស្រីល័ក្ខ ទាំងក្តុកក្តួលថា លោកចង់រស់ មិនចង់ស្លាប់នោះទេ។ ក្រោយមានជំនួយក្នុងការរ៉ាប់រងទៅព្យាបាលនៅឥណ្ឌាអស់ជាច្រើនខែ ចំណាយថវិកាប្រមាណ ៥ម៉ឺនដុល្លារ ស្ថានភាពជំងឺរបស់តារាសម្ដែងរូបនេះ បានធូរស្រាលមួយកម្រិត។
លោកបានវិលមកកម្ពុជាវិញហើយ កាលពីថ្មីៗនេះ ដោយគ្រូពេទ្យតម្រូវឲ្យលោកពាក់ម៉ាសរយៈពេល២ឆ្នាំ តមអាហារមួយចំនួន និងត្រូវលេបថ្នាំពេញមួយជីវិត។ ថ្វីត្បិត លោក យូ ឌីស្កូ បានវិលមកប្រទេសកំណើតវិញក្ដី តែលោកមិនទាន់អាចវិលចូលសិល្បៈបានភ្លាមៗនោះទេ ហើយវាបានក្លាយជាបន្ទុកមួយថ្មី ព្រោះថ្នាំសង្កូវប្រចាំខែរបស់លោកត្រូវចំណាយច្រើន ដោយក្នុងមួយខែចំណាយលើថ្នាំសង្កូវជាង៣០០ដុល្លារ។
ម៉ឺន ពិសិដ្ឋ ៖ តួអង្គ ម៉ា ចាវីន ក្នុងរឿង "បេសកកម្មមួយ" ស្ទើររបូតជីវិត ដោយសារជំងឺរបេងស្រោមខួរក្បាល បណ្ដាលឲ្យលោកសន្លប់ជាច្រើនថ្ងៃ។ សាច់ញាតិរបស់លោក ព្រួយបារម្ភខ្លាំង ដោយសារបន្ទុកតែមួយក្នុងគ្រួសារបានដួល ហើយគ្មានប្រាក់ព្យាបាលជំងឺ។
ក្រោយពីមានជំនួយពីសប្បុរសជន ក្រុមគ្រួសារសម្រេចបញ្ជូនលោកទៅប្រទេសថៃ។ ពេលនេះ ពិសិដ្ឋ បានធូរស្រាលពីជំងឺ ដោយលោកបានដឹងខ្លួនឡើងវិញ តែមិនទាន់អាចដើរបាន និងចងចាំរឿងកាលពីមុនបានទាំងអស់នោះទេ។ យ៉ាងណាមិញ គ្រូពេទ្យ នៅបន្តតាមដានស្ថានភាពជំងឺរបស់ ពិសិដ្ឋ បន្តទៀត។
ណយ សំណាង ៖ តារាកំប្លែងរូបនេះ មានជំងឺចុកឆ្អល់ធ្លាក់ឈាមតាមទ្វារធំ រហូតមិនអាចទទួលទានបាយបានអស់ពេលជាង២ខែ ដោយអាចហូបបានតែបបររាវៗបន្តិចបន្តួចប៉ុណ្ណោះ។ អាជីពកំប្លែងបានបាត់បង់ទាំងស្រុងនិងគ្មានថវិកាគ្រប់គ្រាន់ផងនោះ លោកយាយ សុខចិត្តដោះកងដៃចៅស្រីទៅលក់ ដើម្បីបានប្រាក់បន្តិចបន្តួច។
ក្រោយមកជំងឺបេះដូង បានរើឡើងវិញ ស្ទើរតែឆក់ជីវិតលោកយាយ ណយ សំណាងទៅហើយ។ តែកូនប្រុស លោកយាយ បាននាំទៅព្យាបាលនៅមន្ទីរពេទ្យមួយ ក្នុងទីក្រុងភ្នំពេញ ក៏អាការៈលោកយាយ បានធូរជាងមុន។ មកទល់ពេលនេះ គេឃើញ លោកយាយ ណយ សំណាងអាចអង្គុយហូបបាយបាន តែសុខភាពមិនទាន់ប្រសើរទាំងស្រុងនោះទេ៕