ក្រសួងបកស្រាយច្បាស់ៗ មូលហេតុដាក់ចំណាត់ការលើអតីតតារាសិចស៊ី ស្រីម៉ុច
- 2018-08-24 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងបកស្រាយច្បាស់ៗ មូលហេតុដាក់ចំណាត់ការលើអតីតតារាសិចស៊ី ស្រីម៉ុច
ចន្លោះមិនឃើញ
មានមហាជនជាច្រើនងឿងឆ្ងល់ថា អ្នកនាង ស្រី ម៉ុច លែងជាតារាអស់ពេលជាង១០ឆ្នាំមកហើយ តែហេតុអ្វីបានជា ក្រសួងនៅតែដាក់ឈ្មោះ អ្នកម្ដាយកូន៣រូបនេះ ក្នុងបញ្ជីខ្មៅ ត្រៀមកោះហៅដើម្បីណែនាំ ពីបញ្ហាស្លៀកពាក់សិចស៊ី ។
ឆ្លើយតបនឹងករណីនេះ ឯកឧត្ដម ចំរើន វ៉ាន់ថា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ថា ថ្វីត្បិតអ្នកនាង ស្រីម៉ុច បានចាកឆ្ងាយសិល្បៈក៏ពិតមែន តែរូបភាពសិចស៊ីរបស់អ្នកនាងបានបង្ហាញនៅស្រុកខ្មែរ ក្នុងរូបភាពទាក់ទងនឹងសកម្មភាពសិល្បៈខ្មែរ ដូច្នេះទោះជាអតីតតារា ក៏ក្រសួងត្រូវធ្វើការណែនាំដែរ។
លោក បន្តថា ពេលអតីតតារារូបនេះមកស្រុកខ្មែរកាលពីមួយខែមុន បានបង្ហាញការស្លៀកពាក់សិចស៊ីមិនអាចទទួលយកបាន ក្នុងទម្រង់ទាក់ទងនឹងសិល្បៈ។ ជាក់ស្ដែង ក្នុងកម្មវិធីរបស់គ្លីនិកកែសម្ផស្សមួយក្នុងរាជធានីភ្នំពេញ អ្នកនាង ស្រីម៉ុច បានស្លៀកពាក់សិចស៊ីជ្រុល ពេលបង្ហាញខ្លួនរាំលើឆាករួមគ្នា ជាមួយតារាថៃ។ រូបភាពនេះ បានបង្ហាញពីគំរូមិនល្អ ប្រាសចាកក្រមសីលធម៌របស់សិល្បៈខ្មែរ។ ម្ល៉ោះហើយទើបក្រសួងប្រជុំសម្រេច ធ្វើការណែនាំករណីនេះលើអ្នកនាង ស្រីម៉ុច ទោះត្រឹមជាអតីតតារាក៏ដោយ ។ លោកសង្កត់ធ្ងន់ថា ក្រសួងមិនមានចេតនា ចង់បង្កព្យុះភ្លៀងពាក់ព័ន្ធនឹងតារានោះឡើយ តែបើតារាណា បានប្រព្រឹត្តប្រាសចាកនឹងក្រមសីលធម៌សិល្បៈ នោះក្រសួងត្រូវតែមានចំណាត់ការដាច់ខាត។
ទាក់ទងបញ្ហានេះ ឯកឧត្ដម ថៃ នរៈសត្យា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់មានប្រសាសន៍ថា ក្រសួងគ្មានពេលវេលាឯណាទៅតាមដានគ្រប់សកម្មភាពរបស់តារាទាំងអស់នោះ ប៉ុន្តែក្នុងករណីមានមហាជនជាច្រើនរិះគន់ទៅលើភាពសិចស៊ីរបស់តារារូបណានោះ ទើបក្រសួងចាប់ផ្ដើមពិនិត្យមើល និងចាត់វិធានការទៅតាមផ្លូវច្បាប់។
ចំពោះតារារូបណាដែលត្រៀមខ្លួននឹងប្រឈមករណីបែបនេះបន្តទៀត លោក ចំរើន វ៉ាន់ថា បញ្ជាក់ថាមិនទាន់មើលឃើញថា មានតារាម្នាក់ណានោះឡើយ តែក្រសួងនៅតែបន្តតាមដាន តទៅទៀត៕