ពិត​មិនប្រឌិត រៀនចប់ IT បែរ​ទៅ​​ធ្វើ​បុគ្គលិក​នៅ​រោងចក្រ​កាត់​ដេរ​​

  • 2018-08-26 03:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្តើម​ពី​​ការ​ស្រលាញ់​ចូលចិត្ត​មុខ​ជំនាញ​ព័ត៌មានវិទ្យា ធារ៉ា (ឈ្មោះ​ដាក់​ឲ្យ​) បាន​ចាកចេញពី​ស្រុក​កំណើតក្រោយ​ប្រលង​ជាប់​​​​បាក់ឌុបនៅ​ឆ្នាំ ២០០៣ ដើម្បី​មក​បន្ត​ការ​សិក្សា​​មុខ​ជំនាញ​ព័ត៌មានវិទ្យា​នៅ​ទីក្រុង​ភ្នំពេញ។ ដោយ​​កំណត់​គោលដៅ​ចង់​ក្លាយ​ជា​អ្នក​បច្ចេកទេស​ផ្នែក IT ​ផ្ទុយ​ស្រឡះ​យុវជន​រូប​នេះ​បែរ​ជា​ទៅ​ចាប់​អាជីព​ការងារ​ខុស​ជំនាញ​​​ ទៅ​ធ្វើ​ជា​បុគ្គលិក​នៅ​រោងចក្រ​កាត់ដេរ​ ​ដោយ​មិន​បាន​យក​ចំណេះ​ជំនាញ​ដែល​ខ្លួន​សិក្សា ទៅ​អនុវត្ត​​នៅ​​ក្នុង​អាជីព​ការងារ​នោះ​ទេ។

មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​ យុវជន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ប្រលង​ជាប់​បាក់ឌុប​​ចប់​ភ្លាម​ក្នុង​ឆ្នាំ ២០០៣ គេ​ក៏​បាន​មក​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ ដោយ​បាន​ជ្រើសរើស​មុខ​ជំនាញ​ព័ត៌មានវិទ្យា​សិក្សា ដែល​ជា​មុខ​ជំនាញ​ដែល​គេ​​ស្រលាញ់​ចូលចិត្ត។

នៅ​​ភ្នំពេញ យុវជន​សម្បុរ​ខ្មៅ​ស្រអែមនេះ​ បាន​ទៅ​ស្នាក់​នៅ​ជាមួយ​បង​​ប្អូន ដោយសារ​ចង់​​កាត់​បន្ថយ​ការ​ចំណាយ​​ការ​រស់នៅ​ខាងក្រៅ បន្ថែម​ពី​លើ​ថ្លៃ​សិក្សា។ ​​ណាមួយ​ក៏​​ដោយសារ​មិន​សូវ​ស្គាល់​ភ្នំពេញ​ច្បាស់។ ក្នុង​អំឡុង​​ស្នាក់នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​បន្តការ​សិក្សា ធារ៉ា​បាន​ព្យាយាម​ស្វែង​រក​ការងារ​ផ្សេងៗ​ ដើម្បី​អាច​រក​ចំណូលបាន​ខ្លះ​ផ្គត់ផ្គង់ការ​សិក្សា និង​ទុក​ដោះស្រាយ​ការ​រស់ប្រចាំ​ថ្ងៃ​ ដោយ​មិន​ចង់​ពឹង​ផ្អែក​លើ​បង​ប្អូន​ទាំង​ស្រុង។

ក្នុង​ពេល​កំពុង​រៀន​នៅ​ឆ្នាំ​ទី​មួយ សាច់ញាតិ​ធារ៉ា​ម្នាក់​បាន​ណែនាំ​ការងារ​មួយ​ជា​បុគ្គលិក​រោងចក្រ​ផ្នែក​ត្រួតពិនិត្យ​ខោអាវ​ QA ដែល​​អាច​ទទួល​បាន​ប្រាក់​ខែ​ប្រហែល ៧០ ដុល្លារ។

“ការងារ​នេះ ខ្ញុំ​មិន​ដឹង​ជា​ការងារ​ស្អី​ទេ តែ​ដោយសារ​តែ​ពេល​នោះ​គិត​ថា​ចង់​បាន​ការងារ​ធ្វើ​និង​ចង់​បាន​ចំណូល​ខ្លះ ក៏​ចេះ​តែ​ធ្វើ​សិន​ទៅ”។

យុវជន​នេះ​ថា ការងារ QA ជា​ការងារ​ដែល​ទាក់ទង​ការ​ត្រួត​ពិនិត្យ​គុណភាព​ក្រណាត់​ក្នុង​រោងចក្រ ដែល​​មិន​ទាក់ទង​ការ​ប្រើ​ចំណេះដឹង IT ទាល់​តែ​សោះ ខុស​ពី​ជំនាញ​ដែល​កំពុង​សិក្សា។ ប៉ុន្តែ​ការងារ​នេះ​ បានផ្លាស់ប្តូរ​វីថីជិវិត​យុវជន​កូនអ្នក​ស្រែ​ចម្ការ​នេះ មាន​ឱកាស​ស្វែង​យល់​ពី​ជីវិតតស៊ូ​សម្រាប់​​​ការ​រស់នៅ​ទីក្រុង​។

ប្រាក់​ខែ ៧០ ជា​ប្រាក់ខែ​ដែល​ធារ៉ា​បាន​ប្រើ​កម្លាំង​ញើស​ឈាម​រក​បាន​ដោយ​លំបាក សម្រាប់​ការងារ​ដំបូង​នៅ​ក្នុង​ជីវិត​របស់​គេ។ យ៉ាង​ណា​ប្រាក់​ខែ​ប៉ុណ្ណេះ មិន​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​លើ​ការ​រស់នៅ​និង​ការ​សិក្សា​បាន​ជា​ដុំកំភួន​នោះ​ទេ​ ហេតុ​នេះ​ទើប​ធារ៉ា​បាន​ស្វះស្វែង​រក​ប្តូរ​ការងារ​​ពី​រោងចក្រ​មួយ​ទៅ​​រោងចក្រ​មួយ​​បន្ត​បន្ទាប់ ដោយ​នឹក​គិត​ថា​នឹង​ទទួល​បាន​ប្រាក់​ខែ​កាន់​តែ​ច្រើន​ជាង​មុន។

បន្ទាប់​ពី​ផ្លាស់​​ប្តូរ​ការងារ​ពី​រោងចក្រ​មួយ​ទៅ​រោងចក្រ​មួយ គួប​ផ្សំ​សមត្ថភាព​និង​បទ​ពិសោធន៍​​ការងារ​កាន់តែ​រឹងមាំ​ ធារ៉ាបាន​ឡើង​តួនាទី​ជា​បន្ត​បន្ទាប់​ និង​ប្រាក់​ខែ​ក៏​បាន​កាន់​តែ​ច្រើន​​មុន​។ យ៉ាង​នេះ​ក្តី ការងារ​ថ្មី​ក៏​មិន​ខុស​ពី​ការងារ​ចាស់​គឺ​មិន​មែន​ជា​ការងារ​ដែល​ត្រូវ​ ជំនាញ​ដែល​គេ​សិក្សា​នោះ​ទេ។

“ខ្ញុំ​នៅ​តែ​ចាប់​អាជីព​ការងារ​ចាស់​ជា QA ប៉ុន្តែ​បាន​ឡើង​តួនាទី​ខ្ពស់​ជាង​មុន និង​ប្រាក់​ខែ​ក៏​បាន​កើន​ឡើង​​ប្រសើរ​ជាង​មុន​ដែរ”។

ការងារ​ថ្មី បាន​ធ្វើ​ឲ្យ ធារ៉ា មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ម្ចាស់ការ​លើ​ការ​ចំណាយ​ខ្លួន​ឯង​ ទាំង​ការ​រស់នៅ​និង​ការ​រៀន​សូត្រ រហូត​ដល់​សល់​ខ្លះ​ជួយ​ផ្គត់ផ្គង់​ដល់​ឪពុកម្តាយ​នៅ​ឯស្រុក។

យ៉ាងណា​ធារ៉ា ឲ្យ​ដឹង​ថា ការ​ទទួល​បាន​ជោគជ័យ​លើ​ការងារ តែ​បែរ​ជា​ធ្វើ​ឲ្យ​ការ​សិក្សា​​មិនទៅ​មុខ​ទៅ​វិញ។

“ការធ្វើការ​ខុស​ជំនាញ​នេះ បាន​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​ខ្ញុំ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយសារ​ខ្ញុំ​មិន​សូវ​មាន​ពេល​ផ្តោត​លើ​ការ​សិក្សា ​រៀន​ឈប់​រៀន​ឈប់​​ ការងារ​ដក​ឃ្លា​មិន​រួច”។

ទោះ​បី​​រវល់​ការងារ​យ៉ាង​ណា​និង​លទ្ធផល​សិក្សា​មិន​សូវ​បាន​ល្អ ធារ៉ា ​បញ្ជាក់​ថា មិន​បាន​បោះបង់​ការ​សិក្សា​ចោល​ទេ​ ដោយ​បាន​បន្ត​រហូត​ដល់​ចប់​ចុង​ចប់​ដើម។

ទោះ​បី​មាន​សញ្ញាបត្រ IT តែ​យុវជន​រូប​នេះ​​ប្រាប់​ថា ​មិន​អាច​យក​ជំនាញ​សិក្សា​យក​ទៅ​អនុវត្ត​ក្នុង​អាជីព​ការងារ​នោះ​ទេ ដោយសារ​គិត​ថា​សមត្ថភាព​របស់​ខ្លួន​នៅ​តែ​មាន​ការ​ខ្វះ​ខាត​ច្រើន និង​ណាមួយ​គិត​ថា​ទោះ​បី​អាច​រក​ការងារ​ថ្មី ក៏​ទទួល​បាន​ប្រាក់ខែ​​​មិន​ច្រើន​ដូច​ការងារ​ដែល​គេ​កំពុង​ធ្វើ​​បច្ចុប្បន្ន​នោះ​​ដែរ។

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម