ទីបំផុត! មជ្ឈមណ្ឌលសូត្រដំបូងគេរបស់កម្ពុជា បង្ហាញរូបរាងជាស្ថាពរហើយ
- 2018-08-28 02:42:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! មជ្ឈមណ្ឌលសូត្រដំបូងគេរបស់កម្ពុជា បង្ហាញរូបរាងជាស្ថាពរហើយ
ចន្លោះមិនឃើញ
មជ្ឈមណ្ឌលស្រាវជ្រាវ ដង្កូវនាងផលិតសូត្រខ្មែរដំបូងបង្អស់នៅកម្ពុជា បានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនប្រមាណ ៩ម៉ឺនដុល្លារ។ នេះបើតាមហ្វេសបុករបស់សាកលវិទ្យាធិការ លោកបណ្ឌិត ជេត ជាលី។
មជ្ឈមណ្ឌលនេះ នឹងជម្រុញឲ្យនិស្សិតនៃដេប៉ាតឺម៉ង់ជីវវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្កើនប្រសិទ្ធភាពស្រាវជ្រាវ និងរកឃើញនូវវិធីសាស្រ្តចិញ្ចឹមដង្កូវនាងប្រកបដោយគុណភាព ដើម្បីជួយអ្នកប្រកបអាជីវកម្មសូត្រខ្មែរទ្រង់ទ្រាយតូចៗនៅតាមសហគមន៏ ជាពិសេសស្ត្រីខ្មែរកំពុងប្រកបរបរត្បាញសូត្រ ឲ្យឆ្លើយតបនឹងតម្រូវការសូត្រខ្មែរ។
លោកបណ្ឌិត ម៉ី កល្យាណ ជាអ្នកដឹកនាំគម្រោង និងប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រសាសន៍ពីកន្លងទៅថា មជ្ឈមណ្ឌលនេះ នឹងចំណែកចូលរួមអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រោះយើងមានធនធានមនុស្សគ្រប់គ្រាន់សម្រាប់ការងារក្នុងខ្សែចង្វាក់ផលិតកម្មសូត្រនេះ យើងមានផ្ទៃដីដាំដើមមនលើ ប្រមាណ១១ ហិកតានៅខេត្តកំពង់ស្ពឺ និងមានរោងសម្រាប់ចិញ្ចឹមដង្កូវនាងដែលទើបចាប់ផ្តើមដំណើរការ។ តែអ្វីដែលសំខាន់ទៀតនោះ គឺយើងត្រូវការចូលរួមពីសហគមន៍មូលដ្ឋានផងដែរ។
វាជាឱកាសសម្រាប់ខ្មែរយើង ដែលត្រូវធ្វើឧស្សាហកម្មនេះឲ្យបាន ព្រោះយើងនៅមានថ្លៃផលិតកម្មទាប ខណៈប្រទេសធំៗធ្លាប់ផលិតសូត្រ ដូចជា ជប៉ុន កូរ៉េ ចិន និង ថៃ ជាដើមគេលែងធ្វើហើយ ងាកទៅរកផលិតកម្មផ្សេងដែលចំណេញច្រើនជាងព្រោះតម្លៃពលកម្មខ្ពស់។ លោកបណ្ឌិតបន្ថែម។
គួរបន្ថែមថា វិស័យសូត្ររបស់កម្ពុជាស្ទើរតែផុតជីវិតទៅហើយ ដោយសារតែវាត្រូវបានគេទុកចោលមិនអភិវឌ្ឍ ហើយមានតែកសិករតិចតួចប៉ុណ្ណោះដែលបន្តកិច្ចការដាំដុះមកសម្រាប់សិប្បកម្មជាលក្ខណៈគ្រួសារ។ ជាមួយគ្នានោះ កម្ពុជាបាននាំចូលសូត្រយ៉ាងហោចណាស់ ៤០០ តោនក្នុងមួយឆ្នាំដែលមានតម្លៃ ៣០ លានដុល្លារ៕