លើក​ដំបូង ក្នុង​​ពេល​ជាង​មួយ​ទសវត្ស ដែល Messi មិន​ស្ថិត​ក្នុង​បេក្ខភាព​ប្រជែង​ពានកីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ

  • 2018-09-03 14:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ FIFA បាន​ប្រកាស​អំពី​បេក្ខភាព​ទាំង​បី​ដែល​ប្រជែង​យក​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៨។ កីឡាករ​ទាំង​បី​រួម​មាន Cristiano Ronaldo, Luka Modric និង Mohamad Salah។ ការណ៍​នេះ ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ Lionel Messi នឹង​មិន​មាន​ឱកាស​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់​មួយ​នេះ ជាលើកដំបូង ក្នុង​រយៈ​ពេល ១២ ឆ្នាំ។

Lionel Messi ចាប់​ផ្ដើម​មាន​មុខ​ក្នុង​ការ​ដណ្ដើម​ពាន​កីឡាករ​ល្អ​បំផុត​របស់​ FIFA ដែល​កាល​នោះ​មាន​ឈ្មោះ​ថា FIFA World Player កាល​ពី​ឆ្នាំ ២០០៧។ នៅ​ពេល​នោះ កីឡាករ​ទទួល​បាន​លេខ ២ និង​បន្ត​ទទួល​បាន​ចំណាត់​ថ្នាក់​ដូច​គ្នា នៅ​មួយ​ឆ្នាំ​បន្ទាប់។ នៅ​ឆ្នាំ ២០០៩ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​បាន​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ។

នៅ​ពេល​ដែល FIFA World Player បាន​រួម​បញ្ចូល​ជាមួយ Ballon D'or នៅ​ឆ្នាំ ២០១០ ខ្សែ​ប្រយុទ្ធ​ Messi នៅ​តែ​បន្ត​ធ្វើ​ជា​ម្ចាស់​ពាន​រង្វាន់​មួយ​នេះ ហើយ​បន្ត​គ្រង​តំណែង​នៅ​ ២​ឆ្នាំ​បន្ទាប់។

នៅ​ឆ្នាំ ២០១៣ និង ២០១៤ Lionel Messi បាន​ត្រឹម​លេខ ២ ខណៈ Cristiano Ronaldo គឺ​ជា​អ្នក​ឈ្នះ​ក្នុង​អំឡុង​ពេល​នោះ។ ទោះ​ជា​យ៉ាង​ណា នៅ​ឆ្នាំ ២០១៥ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​បាន​ឈ្នះ​ពាន​រង្វាន់​នេះ​ម្ដង​ទៀត។

នៅ​ឆ្នាំ ២០១៦ និង ២០១៧ កីឡាករ​បាន​បន្ត​ឈរ​លេខ ២ នៅ​ពី​ក្រោយ​ Cristiano Ronaldo។ ក្នុង​ឆ្នាំ ២០១៨ ខ្សែ​ប្រយុទ្ធ​មិន​បាន​ស្ថិត​ក្នុង​បេក្ខភាព​ទាំង​បី​ដើម្បី​ប្រជែង​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​របស់ FIFA។

កាល​ពី​រដូវ​កាល​ ២០១៧/១៨ Messi បាន​ឈ្នះពាន​លីគ​កំពូល​អេស្ប៉ាញ, ពាន Copa Del Rey ព្រម​ទាំង​ឈ្នះ​ពាន​រង្វាន់ Pichichi និង ស្បែក​ជើង​មាស។ យ៉ាង​នេះ​ក្ដី ការណ៍​ដែល Barcelona ត្រូវ​បាន​ទម្លាក់​ដោយ​ Roma ក្នុង Champions League ក្នុង​វគ្គ ៨ ក្រុម និង​អាហ្សង់ទីន ចាញ់​បារាំង​ក្នុង​វគ្គ ១៦ ក្រុម​ក្នុង World Cup អាច​ជា​កត្តា​មួយ​ដែល​ Messi មិន​បាន​ជាប់​ឈ្មោះ​ស្ថិត​ចំណោម​​បេក្ខភាព​ទាំង​បី​ដូច្នេះ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី