ការ​ពិត​ ជ័យ ចិត្រា​ ចេញ​​ពីសាលា​កីឡា​ថៃ​លំដាប់​ទី​១​​​មុន​ជាប់ជម្រើសជាតិកម្ពុជា

  • 2018-09-05 07:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជ័យ​ ចិត្រា​ ជា​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ជាង​គេ​ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធ​៤​នាក់​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​ដែល​ត្រូវ​បាន​កោះ​​​ ហៅ​​ដោយ​​គ្រូ​បង្វឹក​ Keisuke Honda ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​​នា​ពេល​ខាង​មុខ។ កីឡាករ​វ័យ​ក្មេង​រូប​នេះ​ទើប​លេច​មុខ​ក្នុង​លីគ​បាល់ទាត់​កម្ពុជា​​ឆ្នាំ​២០១៨​ហើយ​​ក៏​មាន​ឈ្មោះ​ក្នុង​​​ជម្រើស​ជាតិ​​​ថែម​ទៀត​ ប៉ុន្តែ​អ្នក​គាំទ្រ​ភាគ​ច្រើន​ប្រហែល​ជា​មិន​បាន​ដឹង​ពី​អតីត​កាល​របស់​គេ​ឡើយ។

កីឡាករ ជ័យ ចិត្រា

ជ័យ ចិត្រា កើត​នៅ​ថ្ងៃ​ទី​៦​ ខែ​វិច្ឆិកា​ ឆ្នាំ​​១៩៩៧​​នៅ​ភូមិ​​វាល​រហាត់​ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ។ ជា​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​៣​នាក់​​​ ចិត្រា​មាន​ឪពុក​ឈ្មោះ​ ជ័យ ជឹម និង​ម្តាយ​ឈ្មោះ​ ញ៉ែត ញ៉។ រូប​គេ​បាន​ចូល​រៀន​នៅ​សាលា​បឋម​ Ban Kilosong​ និង​វិទ្យាល័យ​កីឡា​ Suphanburi Sport School ​​នៅ​ប្រទេស​ថៃ។

ដំណើរ​ជីវិត​បាល់ទាត់​នៅ​ប្រទេស​ថៃ​

សមាជិក​ក្លឹប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ជ័យ ចិត្រា បាន​រៀប​រាប់​ថា​ តាំង​ពី​តូច​មក​រូប​គេ​ចូល​ចិត្ត​លេង​បាល់។ ស្ទើរ​តែ​រាល់​ថ្ងៃ​នៅ​ជាយ​ដាន​ រូប​គេ​មិន​ទៅ​ណា​ឆ្ងាយ​ពី​បាល់​ឡើយ។ ដោយ​សារ​មាន​ចំណង​ចំណូល​ចិត្ត​ខ្លាំង​ និង​មាន​ទេពកោសល្យ​ផង​នោះ​ ឪពុក​ធម៌​​ជា​ជន​ជាតិ​ថៃ​​បាន​យក​រូប​គេ​ឲ្យ​ចូល​រៀន​នៅ​សាលា​​ក្នុង​ប្រទេស​ថៃ។ ឪពុក​ធម៌​​ជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​ និង​ទទួល​បាន​អាហារូបករណ៍​​​នៅ​ថៃ។

កីឡាករ ជ័យ ចិត្រា

ជ័យ ចិត្រា​ បន្ត​​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ចប់​ការ​សិក្សា​នៅ​សាលា​​បឋម​សិក្សា​ Ban Kilosong រូប​គេ​បាន​ធ្វើ​តេស្ត​ជាប់​​​​ចូល​រៀប​អាហារូបករណ៍​នៅ​វិទ្យាល័យ​កីឡា​ Suphanburiy Sport School។ នេះ​ជា​សាលា​កីឡា​ស្តង់ដារ​​លំដាប់​ទី​១​របស់​​ប្រទេស​ថៃ​ដែល​ជា​ថ្នាល​បណ្ដុះបណ្ដាល​កីឡា​ច្រើន​ប្រភេទ។ សាលា​កីឡា​នេះ​​មាន​កីឡាករ​ កីឡា​ការិនី​​ជា​ច្រើន​​ជាប់​ជម្រើស​ជាតិ​ថៃ​ផង​ដែរ។ រូប​គេ​បាន​ក្រេប​ជញ្ជក់​យក​ចំណេះ​ដឹង​ទូទៅ​ និង​ផ្នែក​កីឡា​នៅ​សាលា​នេះ​រហូត​ចប់​ថ្នាក់​ទី​១២​នៅ​ឆ្នាំ​២០១៤។

ក្នុង​នាម​ជា​កីឡាករ​​យុវជន​របស់​សាលា​ Suphanburi Sports School កីឡាករ​កម្ពុជា​រូប​នេះ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជា​មួយ​យុវជន​ថៃ​​ដែល​មាន​អាយុ​ប្រហាក់​ប្រហែល​គ្នា​ ពី​ព្រោះ​យុវជន​ថៃ​សំបូរ​ទេពកោសល្យ​បាល់ទាត់​ច្រើន។ រូប​គេ​​បាន​ជាប់​ជម្រើស​សាលា​រៀន​ចូល​រួម​ប្រកួត​ក្នុង​កម្រិត​ពាន​បឋម​សិក្សា​ និង​វិទ្យាល័យ​នៅ​ប្រទេស​ថៃ។ ទោះ​ជា​យ៉ាង​ណា​រូប​គេ​មិន​ទាន់​មាន​ឱកាស​ចូល​លេង​ឲ្យ​ក្លឹប​អាជីព​នៅ​ប្រទេស​ថៃ​ក្នុង​ក្រប​ខណ្ឌ​លីគ​ទី​៣ ទី​២​ ឬ​លីគ​កំពូល​ថៃ​ឡើយ។

ស្លាក​សញ្ញាសាលា​កីឡា Suphanburi

ស្វែង​រក​ក្តី​ស្រមៃ​នៅ​លើ​ទឹក​ដី​កំណើត​

ក្រោយ​បញ្ចប់​ការ​សិក្សា​​ចំណេះ​ដឹង​ទូទៅ​ និង​កីឡា​​ថ្នាក់​ទី​១២​នៅ​ប្រទេស​ថៃ​​នៅ​ឆ្នាំ​២០១៤​​ ​ជ័យ ចិត្រា បាន​សម្រេច​ស្វែង​​រក​​ក្តី​ស្រមៃ​របស់​ខ្លួន​​ដែល​ចង់​ជាប់​ជម្រើស​ជាតិ​កម្ពុជា។ ចិត្រា​ប្រាប់​ថា​ ដោយ​សារ​មើល​ឃើញ​កម្រិត​នៃ​ការ​ប្រកួត​ប្រជែង​ខ្ពស់​នៅ​ប្រទេស​ថៃ​​ដែល​ធ្វើ​ឲ្យ​រូប​គេ​ពិបាក​ស្វែង​រក​ក្លឹប​អាជីព​លេង​នៅ​ថៃ​ រូប​គេ​បាន​សម្រេច​មក​ប្រទេស​កម្ពុជា​​​ស្រប​ពេល​​​បាល់ទាត់​នៅ​កម្ពុជា​​ផុលផុស​ខ្លាំង​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

កីឡាករ ជ័យ ចិត្រា

ឆ្នាំ​២០១៥ ជ័យ ចិត្រា​ បាន​ចូល​រួម​ជា​មួយ​ក្លឹប​សាកល​វិទ្យាល័យ​វេស្ទើន​ និង​បាន​ទៅ​លេង​ក្នុង​ពាន​រង្វាន់​សាកល​វិទ្យាល័យ​អាស៊ាន​ ASEAN University នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ បន្ទាប់​ពី​ចប់​ពាន​រង្វាន់​​សាកល​វិទ្យាល័យ​អាស៊ាន រូប​គេ​មិន​បាន​បន្ត​លេង​លេង​ក្លឹប​សាកល​វិទ្យាល័យ​មួយ​នេះ​​​ឡើយ​ដោយ​បាន​ត្រឡប់​ទៅ​ខេត្ត​កំណើត​បន្ទាយមានជ័យ​​វិញ​ ហើយ​ក៏​បាន​ផ្អាក​នៅ​ឆ្នាំ​២០១៦។

ឆ្នាំ​២០១៧​ រូប​គេ​បាន​ចូល​​រួម​ជា​មួយ​ក្លឹប​ក្រសួង​ការពារ​ជាតិ​​ដែល​​​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ទី​លាន​ទាំង​លីគ​កម្ពុជា​ និង​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន។ រដូវ​កាល​២០១៨​ រូប​គេ​បាន​ចេញ​ពី​ក្រសួង​ការពារ​ជាតិ​ចូល​រួម​ជា​មួយ​ក្លឹប​អគ្គស្នងការដ្ឋាន​នគរ​បាល់ទាត់​ (ប៉ូលិស)។ នៅ​ក្លឹប​​ប៉ូលិស​នេះ​ហើយ​ដែល​​ធ្វើ​ឲ្យ​រូប​គេ​កាន់​តែ​​លេច​ធ្លោ​ខ្លាំង​ឡើង។ រូប​គេ​បាន​ក្លាយ​តួ​អង្គ​សំខាន់​ម្នាក់​​​ក្លឹប​ប៉ូលិស​​​មាន​​ទម្រង់​លេង​យ៉ាង​ល្អ​​ក្នុង​លីគ​រដូវ​កាល​នេះ​ និង​​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​ពាន​រង្វាន់​​ Hun Sen Cup។

ទី​បំផុត​ក្តី​ស្រមៃ​របស់​ ជ័យ ចិត្រា​ បាន​កើត​​ឡើង​ជា​ការ​ពិត​ បន្ទាប់​ពី​គ្រូ​បង្វឹក​ថ្មី​លោក​ Keisuke Honda បាន​កោះ​ហៅ​កីឡាករ​ប្រមូល​ផ្តុំ​​កាល​ពី​ថ្ងៃ​ទី​​១​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ក៏​មាន​រូប​គេ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​២៣​នាក់​ដែរ។ រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​ម្នាក់​គត់​របស់​ក្លឹប​ប៉ូលិស​ជាប់​ជម្រើស​ជាតិ​​កម្ពុជា​ត្រៀម​ខ្លួន​ប្រកួត​មិត្តភាព​​អន្តរជាតិ​​ជា​មួយ​ម៉ាឡេស៊ី​ នា​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០១៨៕

ជ័យ ចិត្រា ពេល​លេង​ឲ្យ​ប៉ូលិស

ខាង​ក្រោម​ជា​រូបភាព ជ័យ ចិត្រា កាល​នៅ​ថៃ (រូបថត​ផ្តល់​ឲ្យ)

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី